CamNews

ព័ត៌មានអន្តរជាតិ 

នៅឆ្នាំ២០១៧ ខាងមុខនេះ កូរ៉េខាងជើង នឹងរៀបចំពិធីដ៏ធំអស្ចារ្យមួយ ដើម្បីលើកស្ទួយគ្រួសារត្រកូល «គីម»

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយទីក្រុងព្យុងយ៉ាង បានចេញផ្សាយនៅថ្ងៃអង្គារ នេះថា កូរ៉េខាងជើង គ្រោងរៀបចំប្រាព្ធព្រឹត្តិការណ៍លក្ខណៈអន្តរជាតិមួយ នៅខែសីហាឆ្នាំ២០១៧ ដើម្បីពង្រឹងការគោរព បុគ្គលិកលក្ខណៈ នៃគ្រួសារបីជំនាន់របស់បិតាស្ថាបនិក នៃប្រទេស កូរ៉េខាងជើង លោក គីម អ៊ីលស៊ុង មេដឹកនាំជំនាន់ទី១, លោក គីម ជុងអ៊ីល មេដឹកនាំជំនាន់ទី២ និង លោក គីម ជុងអុន ប្រមុខដឹកនាំកំពូល ផុតលេខបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦។

សារព័ត៌មានរដ្ឋ KCNA បានផ្សព្វផ្សាយថា ប្រទេសកូរ៉េខាងជើង បានគ្រោងរៀបចំការជួបជុំដ៏ធំមួយ នៅលើកំពូលភ្នំ Baekdu ដែលជាភ្នំមានកម្ពស់ខ្ពស់ជាងគេនៅឧបទ្វីបកូរ៉េ ក៏ដូចជានៅក្នុងទីក្រុង ព្យុងយ៉ាង នាឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីបង្កើតឡើងជាឱកាស នៃបង្ហាញការកោតសសើរ នូវស្នាដៃដែលសម្រេចបានរបស់ក្រុមគ្រួសារត្រកូលគីម ។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យខាងលើនេះ ក៏នឹងទទួលបានការចូលរួមផងដែរ ពីភ្ញៀវអន្តរជាតិមួយចំនួនដូចជា អតីតនាយករដ្ឋមន្រ្តីប្រទេស នេប៉ាល់ លោក Madhav Kumar និងកូនស្រីទីពីររបស់ អតីតប្រធានាធិបតីដំបូងគេរបស់ប្រទេស ឥណ្ឌូណេស៊ី ដែលនឹងធ្វើជាប្រធាន គណកម្មាធិការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ។ មិនមានព័ត៌មានណាមួយ ដែលបញ្ជាក់ថា អាចនឹងមានការ បាញ់មីស៊ីល ឬបំផ្ទុះគ្រាប់ នុយក្លេអ៊ែរ ដើម្បីអបអរពិធីនោះនៅឡើយទេ៕



ប្រភព ៖ យុនហ៉ាប់ 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: north korea south korea missile satellite