CamNews

ព័ត៌មានអន្តរជាតិ 

រឿងលម្អិត! អ្នកស្លាប់ក្រោយធ្លាក់យន្តហោះ

(កៀហ្ស៊ីស៊ីស្ថាន)៖ យន្តហោះដឹក​ទំនិញមួយគ្រឿង​របស់ប្រទេស​តួកគី​​ផ្ទុកមនុស្សបួននាក់ បានធ្លាក់​នៅក្បែរ​អាកាសយាន​ដ្ឋាន​អន្ត​រ​ជាតិ ​Manas ក្បែរទីក្រុងប៊ិសកិក (Bishkek) នៃប្រទេស​កៀហ្ស៊ីស៊ីស្ថាននាព្រឹក​ព្រលឹម​​ថ្ងៃចន្ទនេះ ហើយបានផ្តាច់ជីវិតមនុស្សយ៉ាង​ហោចណាស់ចំនួន ​៣៧នាក់ ដោយភាគ​ច្រើន​គឺជា​ប្រជាជន​កៀហ្ស៊ីស៊ីស្ថាន ​រស់នៅ​ក្នុងភូមិមួយ​កន្លែងដែលត្រូវបានយន្តហោះ Boeing 747 នេះធ្លាក់ចំ​ពេញមួយ​ទំហឹង​អំឡុង​ពេល​ព្យាយាម​ធ្វើការចុះ​ចត ​នៅចំពោះ​មុខ​ផ្ទៃអ័ព្ទដ៏ក្រាស់។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។

យោង​តាមផ្នែក​​រដ្ឋបាល​នៃ​អាកាស​យានដ្ឋាន Manas យន្តហោះ​​ខាងលើ​​ត្រូវបានបង្ខំឲ្យចុះចត​​នៅទីនោះសិន មុននឹងបន្ត​ដំណើររបស់​ខ្លួនដែល​មានគោលដៅ​ ពីទីក្រុងហុងកុង​នៃប្រទេសចិន​ ទៅកាន់ទីក្រុង​អ៉ីស្តង់ប៊ុល​នៃប្រទេស​តួកគី ក៏ប៉ុន្តែ​ជាអកុសលវា​បានធ្លាក់ នៅ​ពេលដែលកំពុងព្យាយាម​ធ្វើ​ការចុះចត​ទាំងនៅក្នុង​ស្ថានភាព​មើលពុំសូវ​ឃើញច្បាស់​នាវេលា​ម៉ោង​ ៧៖៣១ព្រឹក (ម៉ោងក្នុង​ទីក្រុង​ប៊ិសកិក)។

យន្តហោះ​ដ៏ធំ​នេះ​​បានធ្លាក់ រួចជ្រុល​ទៅបុក​អូសកាត់​ចំលើភូមិ​កើតហេតុខាងលើ ​ក្នុងចម្ងាយ​រាប់រយម៉ែត្រ និងបែក​ខ្លួនវាជាបំណែក​យ៉ាងរប៉ាត់​រប៉ាយ ហើយ​ថែមទាំង​បានធ្វើ​ឲ្យលំនៅឋាន​​ប្រមាណ ១៥ខ្នងរងការ​បំផ្លិចបំផ្លាញទាំងស្រុង និងមនុស្សចំនួន ៣៧នាក់បាត់បង់ជីវិត (ក្នុងនោះ ៣៣នាក់ ជាប្រជាជនក្នុងតំបន់ និង០៤នាក់ជាមនុស្សជិះ​នៅលើយន្តហោះ​ទាំងអស់​រួមទាំងពីឡុត)។

ក្រោយពីកើតហេតុភ្លាមៗអាជ្ញាធរអាកាសចរណ៍កៀហ្ស៊ីស៊ីស្ថាន បានបញ្ជា​ឲ្យផ្អាកជើងហោះហើរ​ទាំងអស់ ដែលមានគោលដៅ​ចេញ និងចូលព្រលាន​យន្តហោះ Manas។ សម្រាប់ព័ត៌មានស្តីអំពីប្រអប់ខ្មៅ គឺមិនទាន់មាន​ការបញ្ជាក់​ពីអាជ្ញាធរកៀហ្ស៊ីស៊ីស្ថាន​នៅឡើយទេ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Bishkek