ភ្នំពេញ៖ រឿងរ៉ាវស្នេហា តារាចម្រៀងថ្មី ក្នុងផលិតកម្ម ហង្សមាស កញ្ញា សន នាងផល្លីកា និង វីជេ រតនា បានឈានដល់ដំណាក់កាលបែបបាក់ រាប់សិបឆ្នាំមកហើយ ខណៈក្នុងដំណើររឿងរ៉ាវស្នេហា អ្នកទាំងពីរ ហាក់ល្បីល្បាញជាង ការងារសិល្បៈទៅទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺវីជេ រតនា ហាក់ចាប់កំហុស សន ផល្លីកា ថា នាងជាមនុស្សស្រីមិនល្អ ទៀតផង ។ ប៉ុន្តែបន្ទាប់ពីអតីតគូស្នេហ៍ លោក វីជេ រតនា សម្រេចចិត្តភ្ជាប់ពាក្យកាលពីពេឡថ្មីៗនេះ សម្រាប់ស្រីស្រស់ រាងតូចច្រឡឹងសង្កេះអង្ក្រង សន នាងផល្លីកា ក៏មិននៅស្ងៀមដែរ នាងបានបង្ហាញមុខគូស្នេហ៍ថ្មី មិនឲ្យចាញ់ គូស្នេហ៍ចាស់ឡើយ។
ស្រីស្រស់សម្ផស្សឆើតឆាយ សន នាងផល្លីកា មិនត្រឹមតែជួបប្រទះ រឿងរ៉ាវស្នេហា មិនសមបំណងនោះទេ កន្លងមកថែមទាំង ម្ចាស់ផលិតកម្ម ប៊ិកមែន ជាទ្រនំចាស់របស់នាង ត្រៀមដាក់ពាក្យបណ្ដឹង ទៅតុលាការ ក្រោយនាងឈប់ច្រៀងឲ្យផលិតកម្ម មុនពេលកំណត់ទៀតផង។ តែរឿងរ៉ាវនេះ បានស្ងប់ស្ងាត់ បូករួមអាជីពចម្រៀងនាង ក៏ស្ងាត់ស្ទើរតែហៅលែងឮដូចគ្នា។
ថ្មីៗនេះកាន់តែរសើបបន្ថែមទៀត ក្រោយពី វីជេ រតនា បានភ្ជាប់ពាក្យជាមួយ ស្រីស្អាតម្នាក់នឹងសម្បូរទ្រព្យរួចមក នាង សន នាងផល្លីកា ក៏មិនឲ្យចាញ់ចិត្ត វីជេ រតនា នោះដែរ នាងបានបង្ហោះរូបភាពជាមួយ នឹងបុរសម្នាក់ ដែលជាអ្នកសម្បូរទ្រព្យស្ដុកស្ដម្ភ ដែលអ្នកទាំងពីរ ហាក់ស្និទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នា គួរឲ្យច្រណែន មិនខ្វល់ពីអ្នកនៅជុំវិញខ្លួនអ្វីឡើយ។ សន នាងផល្លីកា បានធ្វើខួបកំណើតឲ្យសង្សារថ្មីរបស់ខ្លួន ថែមទាំងបង្ហាញមុខមាត់ ជាសាធារណៈ ក្នុងបណ្ដាញ សង្គមហ្វេសប៊ុក ទៀតផង ។
បុរសដែលជាគូស្នេហ៍ សន នាងផល្លីកា ជាមនុស្សសម្បូរទ្រព្យ និងមានមុខមានមាត់ ក្នុងសង្គមម្នាក់ ។ នាងបានបង្ហាញថា នាងពិតជាស្រឡាញ់គូស្នេហ៍ថ្មីនេះណាស់ ទោះបុរសម្នាក់នោះ មិនសូវសង្ហាដូច វីជេ រតនា ក្ដី តែនាងព្យាយាមយកចិត្តយកថ្លើមគូស្នេហ៍ណាស់ ។
ទោះបីជាយ៉ាងណា តារាចម្រៀង សន នាងផល្លីកា ហាក់មិនសូវសប្បាយចិត្ត ប៉ុន្មានឡើយ ទោះបីនាង ព្យាយាមបង្ហាញពីសុភមង្គលក្ដី ព្រោះការពិតនាង ហាក់បៀមទុក្ខសោកសៅជាច្រើន ស្របពេលបទចម្រៀងថ្មី និងផលិតកម្មដ៏ធំ ចេញលក់ហើយ តែផលទទួលបាន ហាក់មិនសមបំណង ។ ជាមួយគ្នានេះ រឿងក្ដីក្ដាំងមិនទាន់ដោះស្រាយចប់ ស្របពេលនាងហាក់ មានវិបត្តិហិរញ្ញវត្ថុទៀតផង មើលទៅនាងមិនសូវហ៊ឺហារ ដូចតារាចម្រៀងដទៃឡើយ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល