CamNews

កីឡាអន្តរជាតិ 

អ្នកគាំ​ទ្រ​បាល់​ទាត់​​នៅ​ម៉ូរ៉ូកូ ឈ្លោះ​គ្នា​បង្ក​ជាអំពើ​ហិង្សា​ទ្រង់​ទ្រាយ​ធំរហូត​​មាន​អ្នក​ស្លាប់

(រ៉ាបាត់)៖ អ្នកគាំទ្របាល់ទាត់ចំនួនបីនាក់ បានបាត់បង់ជីវិត និងជាង៥០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាលបន្ទាប់ពីការ ប៉ះទង្គិចគ្នា បានកើតឡើងរវាងអ្នកគាំទ្រ បាល់ទាត់ក្នុងក្រុមដូចគ្នា នៅប្រទេសម៉ូរ៉ូកូ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០១៦។


តាមការដកស្រង់សម្តី ពីមន្ត្រីមានសមត្ថកិច្ចរបស់ប្រទេស អាហ្វ្រិកខាងលិចនេះ បានឲ្យដឹងទៀតថា អំពើហិង្សាបានកើតឡើង នៅយប់ថ្ងៃអាទិត្យ រវាងអ្នកគាំទ្រដូចគ្នា ក្នុងក្រុមបាល់ទាត់ Raja Casablanca ដែលប្រកួតជាមួយនឹងក្រុមផ្សេងទៀត ឈ្មោះ Chabab Rif al Hoceima នៅឯពហុកីឡាដ្ឋាន Mohammed V stadium។


គួរបញ្ជាក់ថា មនុស្សពីរនាក់បានស្លាប់ នៅហ្នឹងកន្លែងកើតហេតុ និងក្មេងប្រុសវ័យ ១៤ឆ្នាំម្នាក់ទៀតបានស្លាប់ ដោយសាររងរបួស ធ្ងន់ធ្ងរពេក កាលពីយប់ថ្ងៃអាទិត្យ។ អាជ្ញាធរម៉ូរ៉ូកូ បាន និងកំពុងព្យាយាមស្រាវជ្រាវរកជន ពាក់ព័ន្ធ ដើម្បីបានដឹងពីដើមចម នៃការឈ្លោះទាស់ទែងគ្នា ដោយហិង្សាបែបនេះ។ ដោយឡែកការប្រកួតមួយ​ចំនួន ដែលគ្រោងធ្វើឡើងជាបន្តបន្ទាប់ ក៏ត្រូវបានផ្អាក ជាបណ្តោះអាសន្នសិនដែរ៕

 



 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: Raja Casablanca