CamNews

ព័ត៌មានអន្តរជាតិ 

ចប់បាត់! ដោយសារពាក់ព័ន្ធនឹងគ្រឿងញៀន ចៅហ្វាយក្រុងម្នាក់ ត្រូវបានសម្លាប់ រួមនឹងមនុស្សស្ទើរមួយគ្រួសារ

ប្រទេសហ្វីលីពីន៖ ចៅហ្វាយក្រុងហ្វីលីពីនម្នាក់ ដែលត្រូវបានចោទប្រកាន់ដោយប្រធានាធិបតី Rodrigo Duterte ថា មានការជាប់ព័ន្ធជាមួយនឹងការជួញដូរថ្នាំញៀនខុសច្បាប់ ត្រូវបានបាញ់សម្លាប់ នៅក្នុងការវាយឆ្មក់មួយរបស់ប៉ូលីស។

លោក Reynaldo Parojinog ចៅហ្វាយក្រុង Ozamiz នៅកោះមីនដាណាវ ត្រូវបានបាញ់សម្លាប់រួមជាមួយប្រពន្ធរបស់លោក និងមនុស្ស ១០ នាក់ផ្សេងទៀត នៅឯផ្ទះរបស់លោក នៅពេលមន្រ្ដីនគរបាល បានអនុវត្ដដីកាបង្គាប់របស់តុលាការ។

គេនិយាយថា មនុស្សជាង ៧,០០០ នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីលោក Duterte បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងការជួញដូរថ្នាំញៀន កាលពីខែកក្កដា ឆ្នាំ ២០១៦ ។




ក្រុមមន្រ្តី បាននិយាយថា ប៉ូលីសកំពុងអនុវត្ដដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ នៅពេលដែលពួកគេ ត្រូវបានឆ្មាំសន្តិសុខរបស់លោកចៅហ្វាយក្រុង Parojinog បាញ់ប្រហារមកលើខ្លួន។

អ្នកនាំពាក្យរបស់លោក Duterte លោក Ernesto Abella បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ " ប្រសិនបើអ្នករំលឹកពីគ្រឿងញៀននោះ លោក Paroignogogs ត្រូវបានបញ្ចូលនៅក្នុងបញ្ជីរបស់លោកប្រធានាធិបតី Duterte ដែលជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់"។

អ្នកនាំពាក្យម្នាក់របស់លោក Parojinogs បានបដិសេធថា ពុំមានការផ្ទុះអាវុធទេ ហើយបាននិយាយថា ជំរុំរបស់លោកចៅហ្វាយក្រុង មិនបានបាញ់បោះសូម្បីតែមួយគ្រាប់។

ប្អូនប្រុសរបស់លោក Parojinog ក៏ត្រូវបានបាញ់សម្លាប់ផងដែរ នៅក្នុងការវាយឆ្មក់មួយ នៅពេលព្រលឹមស្រាងៗ នៅទីក្រុងអូហ្ស៊ីមហ្ស៊ី។ ប៉ូលីសបាននិយាយថា កូនស្រីរបស់ចៅហ្វាយក្រុងរូនេះ ដែលជាចៅហ្វាយក្រុងរងរបស់ទីក្រុងនេះ ត្រូវបានចាប់ខ្លួន និងប្រឈមមុខនឹងការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ យោងតាមអធិការប៉ូលិសខេត្ត លោក Jaysen De Guzman បានឱ្យដឹងថា មន្រ្តីប៉ូលីសបានរកឃើញកាំភ្លើង លុយ និងគ្រឿងញៀនខុសច្បាប់ នៅអាសយដ្ឋាន ដែលបានរាយការណ៍។

លោក Parojinog គឺជាអភិបាលក្រុងទី ៣ របស់ហ្វីលីពីន ដែលត្រូវបានសម្លាប់ នៅក្នុងការបង្រ្កាបគ្រឿងញៀនយ៉ាងរង្គាលរបស់រដ្ឋាភិបាល ដែលក្នុងនោះ លោក Duterte បានជ្រើសរើសមន្រ្តី នគរបាល និងចៅក្រមមួយចំនួនប៉ុណ្ណោះ ឱ្យប្រតិបត្ដិការរឿងនេះ។ ចលនាបង្រ្កាបគ្រឿងញៀនយ៉ាងសាហាវនេះ បានធ្វើឱ្យលោក មានប្រជាប្រិយភាព ក្នុងក្រសែភ្នែករបស់ប្រជាជនហ្វីលីពីនយ៉ាងច្រើន ប៉ុន្តែទង្វើនេះ ត្រូវបានថ្កោលទោស ដោយក្រុមសិទ្ធិមនុស្ស និងអ្នករិះគន់ដទៃទៀត។

លោក Duterte បានឡើងកាន់តំណែង កាលពីជាងមួយឆ្នាំមុន បន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតមួយ ដែលលោកបានសន្យាថា រដ្ឋាភិបាលរបស់លោក នឹងសម្លាប់មនុស្សរាប់ម៉ឺននាក់ ដើម្បីបញ្ចប់ការជួញដូរគ្រឿងញៀនខុសច្បាប់។

នៅដើមខែនេះ ក្រុមអ្នកធ្វើនីតិកម្ម នៅក្នុងប្រទេសហ្វីលីពីន បានបោះឆ្នោតយ៉ាងលើសលប់ដើម្បីពង្រីកវិសាលភាពច្បាប់អាជ្ញាសឹក នៅកោះមីនដាណាវ ដើម្បីជួយដោះស្រាយអំពើហិង្សានៅលើកោះនេះ ដោយជាប់ពាក់ព័ន្ធនឹងការបះបោររបស់ជនអ៊ីស្លាម។ លោក Duterte បាននិយាយថា ការពង្រីកវិសាលភាពច្បាប់អាជ្ញាសឹកនេះ គឺមានសារសំខាន់ដើម្បីកម្ទេចការធ្វើកុបកម្ម ប៉ុន្តែអ្នករិះគន់របស់លោក បាននិយាយថា វិសាលភាពគតិយុត្ដនេះ ជាផ្នែកមួយនៃការក្ដោបក្តាប់អំណាចកាន់តែធំធេង ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC


Tags: International news