CamNews

តារា 

ប៉ែន តុលា បញ្ជាក់ថា នារី​ម្នាក់​ដែល ភិន សុដាលីស ប្រច័ណ្ឌ គឺ​គ្រាន់​តែ​ជា​មិត្ត​ភក្តិ​រៀន​នៅ​សា​លា​ជា

ភ្នំពេញ៖ រយៈពេលជាង២ឆ្នាំហើយ ដែលចំណងស្នេហា រវាងគូដណ្តឹងវ័យក្មេង លោក ប៉ែន តុលា និងតារាសម្តែង ស្រីវ័យក្មេង កំពុងល្បីឈ្មោះ សុះសាយ កញ្ញា ភិន សុដាលីស រស់នៅក្នុងស្ថានភាពបែកបាក់ រហូតដល់ផ្តាច់ពាក្យជាមួយគ្នា ដោយសារតែពួកគេទាំងពីរនាក់ មានចិត្ត ប្រច័ណ្ឌលើគ្នាខ្លាំង ទើបធ្វើឲ្យសេ្នហា ដែលធ្លាប់តែផ្អែមល្ហែម ស្អិតល្មួតបេះមិនចេញ ប្រែក្លាយជាស្នេហាល្វីងជូរចត់ មើលមុខគ្នាមិនចំ។ តែអ្វីដែលគួរឲ្យចាប់ អារម្មណ៍ខ្លាំងនោះ គឺភាគីខាងប្រុស លោក ប៉ែន តុលា ត្រូវបានគេដឹងថា នៅតែរក្សាចិត្តស្រឡាញ់ និងព្យាយាម ចង់ត្រូវរ៉ូវគ្នាជាមួយគូដណ្តឹងដដែល បើទោះជាពេលនេះ ភាគីខាងស្រីនៅតែប្រកាន់ចិត្ត ខឹងសម្បារនឹងលោក យ៉ាងណាក៏ដោយ។

ខណៈដែល លោក ប៉ែន តុលា កំពុងតែអះអាងថា ខ្លួននៅរក្សាចិត្តស្រឡាញ់អតីតគូដណ្តឹងគ្មានថ្ងៃងាករេ នោះ ស្រាប់តែមានលេចចេញ រូបថតជាច្រើនសន្លឹក ដែលលោក ប៉ែន តុលា បង្ហាញភាពស្និទ្ធស្នាល ផ្អែមល្ហែមកៀកកើយ ជាមួយនារីវ័យក្មេងម្នាក់ នៅពេលដែលពួកគេ នាំគ្នាទៅដើរកម្សាន្តនៅខេត្តសៀមរាប កាលពីពេលកន្លងទៅថ្មីៗនេះ។ រូបភាពនេះ ហាក់កាន់តែធ្វើឲ្យតារាសម្តែងស្រីវ័យក្មេង កញ្ញា ភិន សុដាលីស បញ្ឆេះកំហឹង កើតក្តីប្រច័ណ្ឌកាន់តែខ្លាំងទ្វេដង ព្រោះចិត្តកំពុងតែមានគំនុំ ក្នុងរឿងស្នេហានេះស្រាប់។

ទាក់ទងទៅនឹងការលេចធ្លោ រូបភាពទាំងអស់នោះ ត្រូវបានអតីតតារាបង្ហាញម៉ូដ និងជាតារាសម្ដែងរូបសង្ហា លោក ប៉ែន តុលា ចេញមុខបកស្រាយ ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥នេះថា នារីនៅក្នុងរូបភាពនោះ មិនមែនជាសង្សាររបស់លោក ដូចការយល់ច្រឡំ របស់មហាជនឡើយ ការពិតលោកនិងនារីក្នុងរូបនោះ គ្រាន់តែជាមិត្តភក្តិរៀន នៅសាលាជាមួយគ្នា តែប៉ុណ្ណោះ។

តារាប្រុសរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំនិងនារីម្នាក់នោះ មានទំនាក់ទំនង ត្រឹមតែជាមិត្ត គ្មានអីលើសនេះទេ ហើយម្យ៉ាងទៀត ខ្ញុំមិនអាច បើកចិត្តស្រឡាញ់នារីណាផ្សេងទេ ព្រោះថាបេះដូងខ្ញុំ ស្រឡាញ់តែដាលីស (អតីតគូដណ្តឹង)ម្នាក់តែប៉ុណ្ណោះ..! ។ បើទោះជាពេលនេះ ចំណងស្នេហ៍ខ្ញុំ មិនទាន់អាចផ្សះផ្សារបានក៏ដោយ តែក្តីស្រឡាញ់ខ្ញុំ ចំពោះនាង គឺនៅពេញបេះដូងដដែល គ្មានថ្ងៃកែប្រែបានឡើយ...! »។
លោក ប៉ែន តុលា បានប្រាប់ឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ លោកនៅមិនទាន់ដឹងច្បាស់ទេថា ចិត្តដាលីស យ៉ាងណាព្រម លើកលែងទោសឲ្យលោកឬយ៉ាងណាទេ ព្រោះថា មកដល់ពេលនេះ ដាលីស នៅប្រកាន់ចិត្តខឹងមិនទាន់និយាយជាមួយលោកនៅឡើយ ។ ហេតុដូច្នេះអ្វីដែលលោកអាចធ្វើបាន នៅពេលនេះ គឺបង្ហាញវត្តមាន ជាមនុស្សថ្មី ខុសពីមុនមិនឆេវឆាវ មិនធ្វើអ្វីឲ្យនាង ខឹងតទៅទៀតនោះទេ។

ដោយឡែកលោក អ៊ិន សុភិន ជាឪពុករបស់កញ្ញា ភិន សុដាលីស ក៏បានថ្លែងបញ្ជាក់ឲ្យដឹងដែរថា លោកមិនបានប្រកាន់ចាប់ទោសអូសដំណើរ ក្មេងៗទាំងពីរនាក់នេះឡើយ ពោលលោកចង់ឲ្យតែ កូនទាំងពីរបានជុំគ្នា ចេះស្រឡាញ់គ្នា ចង់ឃើញពួកគេមានសុភមង្គល ព្រោះតុលា ក៏ជាមនុស្សល្អ ទោះបី ដាលីស ជាមនុស្សឆេវឆាវបន្តិចក្ដី ប៉ុន្តែលោកដឹងចិត្តកូនស្រីម្នាក់នេះច្បាស់។ ម្យ៉ាងទៀតចាស់ទុំ ក៏រាប់អានគ្នាជិតស្និទ្ធ លោកមិនចង់ឲ្យមានភាពល្អក់កករនឹងគ្នាកើតឡើងឡើយ។

សូមបញ្ជាក់ថា តារាសម្ដែង ប៉ែន តុលា បានដាក់ចិត្តស្រឡាញ់ កញ្ញា ភិន សុដាលីស ដែលជាកូនស្រីសំណព្វចិត្តរបស់លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម«មហាហង្ស» រហូតសម្រេចចិត្តឲ្យចាស់ទុំចូលស្ដីដណ្ដឹង តាមប្រពៃណី យ៉ាងអធឹកអធ័ម កាលពីអំឡុងឆ្នាំ២០១៣ ប៉ុន្តែទោះបីជាអ្នកទាំងពីរ ជួបនូវភាពប្រេះស្រាំបន្តិចបន្ទួច ក៏ចាស់ទុំទាំងសងខាងនៅតែប្រកាន់ជំហរ រាប់អានគ្នាស្និទ្ធស្នាល ដូចមុនដដែល ពោលគ្មានអ្វីផ្លាស់ប្ដូរនោះទេ។ ម្យ៉ាងទៀតតារាសម្ដែង ប៉ែន តុលា ក៏ត្រូវបានលោក អ៊ិន សុភិន ជាឪពុកបង្កើតរបស់ ភិន សុដាលីស ស្រឡាញ់ពេញចិត្ត រាប់អានធ្វើជាកូនធម៌ និងអនុញ្ញាតឲ្យ តុលា រស់ក្នុងផ្ទះតែមួយជាមួយគ្នា ដូចជាកូនបង្កើតដែរ ព្រមទាំងប្រគល់ការងារ សំខាន់ៗឲ្យចាត់ចែងធ្វើរៀងរាល់ថ្ងៃទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh