អ្នករត់ពន្ធខុសច្បាប់ដ៏លោភលន់ម្នាក់ ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ចចិន ពេលដែលកំពុងព្យាយាមបន្លំយកទូរស័ព្ទ iPhone ចំនួន 102 គ្រឿង ចូលក្នុងប្រទេសចិន ដោយរុំព័ន្ធជុំវិញខ្លួន។
ក្រោយពេលដែលសមត្ថកិច្ច ក្នុងទីក្រុង Shenzhen សង្ស័យទៅលើរាងកាយរបស់នារីម្នាក់នោះ ដែលហាក់មើលទៅដូចជា ស្លៀកសំលៀកបំពាក់ច្រើនជាន់ ក្នុងរដូវក្តៅ មិនសមនឹងរូបរាងរបស់នាងទាល់តែសោះ។
នៅពេលដែលឃាត់ខ្លួននារីម្នាក់នោះ ទូរស័ព្ទ iPhone និងនាឡិកាទំនើបៗ 15 គ្រឿង ត្រូវបានប្រទះឃើញក្នុងរាងកាយរបស់ស្រ្តីនោះ។ របស់ទាំងនោះត្រូវបានវេចខ្ចប់ដោយថង់ផ្លាសិ្ទច ដែលមានទម្ងន់សរុប 44 ផោន។
ទោះបីជា ក្រុមហ៊ុន Apple បានលក់ផលិតផលខ្លួនក្នុងទឹកដីប្រទេសចិនជាច្រើនឆ្នាំក៏ដោយ ការរត់ពន្ធខុសច្បាប់ក្នុងប្រទេសនេះ នៅតែជាបញ្ហា។ ទូរស័ព្ទ iPhone ក្នុងប្រទេសចិនមានតម្លៃថ្លៃជាង 30 ភាគរយ ព្រោះតែគិតទៅលើថ្លៃបង់ពន្ធអាករ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ 2015 បុរសម្នាក់ត្រូវបានចាប់ខ្លួន ព្រោះតែរត់ពន្ធទូរស័ព្ទ iPhone ចំនួន 94 គ្រឿងទៅក្នុងប្រទេសចិន ផងដែរ៕
ប្រែសម្រួល៖ High
ប្រភព៖ The Verge