ស៊ូដង់ខាងត្បូង ៖ ក្រុមមន្ត្រី បាននិយាយថា យ៉ាងហោចណាស់កុមារ ១៥ នាក់បានស្លាប់បាត់បង់ជីវិត នៅស៊ូដង់ខាងត្បូង ពីការងារដ៏ខ្ជីខ្ជាមួយ ដើម្បីចាក់ថ្នាំបង្ការប្រឆាំងនឹងជំងឺកញ្ជ្រឹល ។
កុមារ ដែលស្លាប់យ៉ាងអាណោចអធ័មទាំងនោះ ត្រូវបានចាក់វ៉ាក់សាំងដោយសឺរ៉ាំង ដែលមិនបានសម្លាប់មេរោគតែមួយ ហើយម្យ៉ាងទៀតសោតវ៉ាក់សាំងនោះ មិនត្រូវបានរក្សាទុកឱ្យបានត្រឹមត្រូវតាមបច្ចេកទេសនោះឡើយ នេះបើយោងតាមការស៊ើបអង្កេត លើករណីស្លាប់របស់កុមារទាំងនេះ។
ជាលទ្ធផល យុទ្ធនាការចាក់ថ្នាំបង្ការនោះ បណ្តាលឱ្យឆ្លងរោគ និងកើតរោគបង្កដោយមេរោគចូលក្នុងឈាមយ៉ាងធ្ងន់ធ្ងរ ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននិយាយថា ក្រុមការងារ ដែលគ្រប់គ្រងការចាក់វ៉ាក់សាំងនេះគឺ "មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវឡើយ" ដើម្បីប្រតិបត្ដិការចាក់វ៉ាក់សាំងនេះ។
លោក Riek Gai Kok បន្ថែមថា មនុស្សប្រហែល ៣០០ នាក់ត្រូវបានទទួលថ្នាំបង្ការ នៅក្នុងអំឡុងពេលយុទ្ធនាការនេះ នៅតំបន់ Kapoeta រួមទាំងកុមារ ៣២ នាក់ផ្សេងទៀត ដែលបានធ្លាក់ខ្លួនឈឺ ប៉ុន្តែបានរួចពីសេចក្ដីស្លាប់។
ការផ្ទុះឡើងនូវជំងឺកញ្ជ្រឹល នៅក្នុងប្រទេសនេះ គឺជាគោលដៅសំខាន់នៃមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ដែលមានបំណងចាក់ថ្នាំបង្ការដល់កុមារចំនួន ១,២ លាននាក់ នៅឆ្នាំនេះ។ ប៉ុន្តែរបាយការណ៍ពីសារព័ត៌មាន Associated Press បាននិយាយថា នៅក្នុងករណីនេះ ក្រុមកុមារអាយុ ១២ ឆ្នាំ បានគ្រប់គ្រងលើការចាក់វ៉ាក់សាំងឱ្យកុមារដទៃទៀត។
គួរបញ្ជាក់ផងដែរថា រោគបង្កដោយមេរោគចូលក្នុងឈាម(Sepsis) គឺជាការឆ្លើយតបរបស់ភាពស៊ាំយ៉ាងគ្រោះថ្នាក់ ដែលបង្កឡើងដោយការឆ្លងមេរោគ ដែលរាលដាលយ៉ាងឆាប់រហ័ស នៅក្នុងរាងកាយ។ វាអាចនាំឱ្យសរីរាង្គជាច្រើនឈប់ដំណើរការ និងបណ្ដាលឱ្យស្លាប់។
ប្រទេសស៊ូដង់ខាងត្បូង បានប្រកាសឯករាជ្យ នៅឆ្នាំ ២០១១ ប៉ុន្តែប្រទេសនេះ ជួបការលំបាកក្នុងការរក្សាបាននូវសេវាកម្មជាមូលដ្ឋាន រួមទាំងការថែទាំសុខភាព បន្ទាប់ពីសង្គ្រាមស៊ីវិលបានផ្ទុះឡើង នៅក្នុងឆ្នាំ ២០១៣ ។
អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា កុមារប្រមាណជាង ១ លាននាក់បានភៀសខ្លួនចេញពីប្រទេសនេះ ក្នុងអំឡុងពេលកើតជម្លោះ និង ១ លាននាក់ផ្សេងទៀត ត្រូវបានផ្លាស់ទីលំនៅ នៅក្នុងប្រទេសនេះ៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ bbc