CamNews

តារា 

ឈិន សៀវម៉ី ភ័យខ្លាច​ព័ត៌មាន​អាស្រូវ ក្រោយ​ទិញ​ឡាន​ថ្មី

ភ្នំពេញ៖ តារាសម្តែងពន្លកថ្មី សាច់ឈាមស្រស់ថ្លា ទើបតែបោះជំហាន ចូលសិល្បៈប្រមាណ ជិត២ឆ្នាំ កញ្ញា ឈិន សៀវម៉ី បានបង្ហើបប្រាប់ឲ្យដឹងថា ទន្ទឹមនឹងការស្រឡាញ់អាជីពសិល្បៈនេះ នាងក៏មានការខ្លាចរអា និងព័ត៌មានអាស្រូវ ដែលធ្លាប់តែបោកបក់ ប៉ះជាមួយ អ្នកសិល្បៈកន្លងមក។ តួយ៉ាងដូចពេលថ្មីៗនេះ នាងទើបតែទិញរថយន្តថ្មី ទៀតអាចនឹងការយល់ច្រឡំ តែបើគេចបាន នាងមិនចង់ឲ្យជំពប់នឹងរឿងអាស្រូវទេ។

ជាធម្មតាសម្រាប់ ឆាកជីវិតរបស់អ្នកសិល្បៈ នៅពេលដែលប្រឡូកសិល្បៈ ហើយសម្ញែង ភាពសិចស៊ី ស្លៀកសម្លៀកបំពាក់ម៉ាកល្បី តម្លៃថ្លៃៗ ប្រើសម្ភារៈនិយមទំនើបស៊ីវិល័យ បង្អួតឡាន និងវីឡា ប្រជែងគ្នាដើម្បីទាមទារ ការចាប់អារម្មណ៍ ដោយអ្នកខ្លះ ក៏មានបានទ្រព្យសម្បត្តិ គ្រប់យ៉ាងពីក្រុមគ្រួសារ តែខ្លះក៏បានពីការជួយឧបត្ថម្ភ ពីគូស្នេហ៍ ដែលជាអ្នកសម្បូរបែប។ ជារឿយៗនៅពេលដែល តារាៗបង្ហាញភាព ហ៊ឺហារស៊ីវិល័យរបស់ខ្លួន រមែងតែងតែជំពប់និងព័ត៌មានអាស្រូវថា មានអ្នកនេះ អ្នកនោះចិញ្ចឹម មិនដែលដាច់ទេ ដែលព័ត៌មានបែបនោះ បានធ្វើឲ្យអ្នកសិល្បៈមួយចំនួន មានការខ្លាចរអា មិនចង់យកឈ្មោះមកប្រឡូកប្រឡាក់ នឹងព័ត៌មានបែបនោះទេ។

ជួបសម្ភាសន៍ជាមួយ គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥នេះ តារាស្រីដែលកំពុងតែខំប្រឹងស្រវ៉ា ចាប់យកអាជីពសម្តែង និងជាតារាចម្រៀង វ័យ២០ឆ្នាំ កញ្ញា ឈិន សៀវម៉ី បានប្រាប់ឲ្យដឹងថា នៅក្នុងអំឡុងពេលដែលនាង ដាក់ចិត្តចូលសិល្បៈ គឺនាងមានការព្រួយបារម្ភ ទុកជាមុនហើយថា ជីវិតអ្នកសិល្បៈ គឺជៀសមិនផុតពីការរិះគន់ឡើយ មុននិងក្រោយ វាត្រូវតែមាន គ្រាន់តែថា តិចនិងច្រើន។ ក្នុងនោះ ក្នុងនាមនាងជាអ្នកសិល្បៈ ថ្មីសន្លាងម្នាក់ ក៏មានអារម្មណ៍ខ្លាច រអានឹងព័ត៌មាននោះដែរ។

តារាស្រីរាងតូចច្រឡឹង មុខស្រស់ ដែលកំពុងតែសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យបឹងកេងកង រូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ជាការពិតនៅពេលដែល យើងបោះជំហានចូល ប្រឡូកសិល្បៈ យើងនឹងក្លាយទៅជាមនុស្ស របស់មហាជនគ្រប់រឿង គឺត្រូវបើកចំហរ។ នៅក្នុងនោះ ខ្ញុំក៏ចង់និយាយថា កាលពីពេលថ្មីៗនេះ គ្រួសារខ្ញុំ ទើបតែទិញឡានថ្មីម៉ាក Prius ដែលមានតម្លៃ ជាង១ម៉ឺនដុល្លារឲ្យខ្ញុំជិះ។ ឡាននេះគឺចេញពីញើសឈាមផ្ទាល់ មិនមានការឧបត្ថម្ភពីខាងណាឡើយ។ មូលហេតុដែលខ្ញុំ និយាយបែបនេះ គឺខ្ញុំចង់បើកចំហររឿងនេះ មិនចង់ឲ្យពើបប្រទះ ព័ត៌មានថា មានអ្នកនេះ អ្នកនោះទិញឲ្យខ្ញុំ ដូចដែលព័ត៌មានធ្លាប់លេចឮ លើតារាដទៃឡើយ ព្រោះថាខ្ញុំមានអារម្មណ៍ថា ខ្លាចរអា មិនចង់ជួបរឿងបែបនោះឡើយ…!»។

តារាស្រី ដែលធ្វើឲ្យទស្សនិកជន ចាប់ផ្តើមស្គាល់ តាមរយៈការសម្តែង ឈុតខារ៉ាអូខេបទ «ធ្វើឲ្យស្នេហ៍ម្តេចក៏បញ្ឈប់វិញ» របស់ផលិតកម្ម ថោន រូបនេះ ក៏បានបង្ហើបឲ្យដឹង ពីមូលហេតុថា សម្រាប់ជីវិតអ្នកសិល្បៈ ការប្រើប្រាស់សម្ភារៈទំនើប ស៊ីវិល័យរបស់ល្អៗ គឺជារឿងធម្មតា វាអាចធ្វើឲ្យយើងទទួលបាន ការចាប់អារម្មណ៍ ពីសំណាក់មហាជន និងអ្នកគាំទ្រ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh