CamNews

ព័ត៌មានអន្តរជាតិ 

សមត្ថកិច្ចថៃ ស្វែងរកសាក្សី និង ភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុក ស៊ូថេប ពីបទក្បត់ជាតិ

បាងកក៖ សមត្ថកិច្ច ក្រុងបាងកក ចាប់ផ្តើមស្វែងរក សាក្សី និង ភស្តុតាងបន្ថែម ដើម្បីដាក់ បន្ទុកអតីត សមាជិកសភា បក្សប្រឆាំងថៃ ពីបទក្បត់ជាតិ ខណៈមេដឹកនាំក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាល ត្រូវបានតុលាការ ចេញដីកា ចាប់ខ្លួន។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ចន្ទ ទី ២ ខែ ធ្នូ ឆ្នាំ ២០១៣ នេះបានចុះផ្សាយថា ឧត្តមសេនីយ៍ វ៉ារ៉ាផុង ឆីវព្រីឆា ស្នងការរងនគរបាលជាតិរបស់ថៃ បានថ្លែងថា ខណៈនេះ នាយកដ្ឋានស៊ើបអង្កេតនៃក្រសួងមហាផ្ទៃ បានធ្វើការប្រទិន្នន័យភស្តុតាង និង សាក្សី បន្ថែមដើម្បីស្នើឲ្យតុលាការក្រុងបាងកក ចេញដីកាចាប់ខ្លូនលោក ស៊ូថេប ថងស៊ូបាន អតីតសមាជិសភាបក្សប្រឆាំង និង មេដឹកនាំក្រុមចលនាផ្តួលរំលំរបប ថាក់ស៊ីន ពីបទប្រព្រឹត្តិ អំពើក្បត់ជាតិ។

លោក វ៉ារ៉ាផុង បានបញ្ជាក់ថា បន្ទាប់ពីលោក ស៊ូថេប បានដឹកនាំក្រុមបាតុករជាច្រើនពាន់នាក់ ចូលកាន់កាប់ ទីស្នាក់ការ រាជការ និង បានប្រកាសយ៉ាងច្បាស់លាស់ នៃការផ្តួលរំលំរដ្ឋាភិបាលដែល កើតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ ប្តូរទៅជារបបបដិវត្តន៍ប្រជាជន ដែលទង្វើរនេះ ផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញដាច់ស្រឡះ ដូច្នេះសមត្ថកិច្ចត្រូវប្រុងប្រយ័ត្នខ្ពស់នៃការផ្តល់ទិន្នន័យ ទៅកាន់តុលាការព្រោះ បទល្មើស ក្បត់ជាតិមានអត្រា ទោសធ្ងន់ធ្ងរបំផុត។

លោក វ៉ារ៉ាផុង បានអះអាងទៀតថា នៅព្រឹកថ្ងៃ ចន្ទ នេះ តុលាការក្រុងបាងកកបានផ្តល់ ដីកាចាប់ខ្លួន មេដឹកនាំ បាតុករជាច្រើននាក់ទៀតពីបទ ដឹកនាំប្រជាពលរដ្ឋចូលកាន់កាប់ទីស្នាក់ការរាជការ និង បំផុសបំផុលបង្កឲ្យមាន ចលនាសន្តិសុខនៅក្នុងប្រទេស៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social thailand ព័ត៌មានអន្តរជាតិ