CamNews

ព័ត៌មានអន្តរជាតិ 

ប្រកាសអាសន្ន ថាអាចមានករណី ផ្ទុះសាកសព បាឡែនយក្ស ក្រោយកឿងជាប់ ដល់ទៅ ៦០០ក្បាល

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរប្រទេស ញូវសេឡេន បានសម្រេចធ្វើការកាត់ ឬចោះ ចន្លោះប្រហោង ទៅលើសាកសព ត្រីបាឡែនចំនួន ៣០០ក្បាល នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដើម្បីជៀសវាងសាកសព ទាំងនោះផ្ទុះឡើង ខណៈពេលដែលសាកសពត្រីបាឡែនទាំងនោះ កំពុងតែវិវត្តន៍ទៅរកសភាពស្អុយ រលួយ នៅឯឈូងសមុទ្រ Golden Bay ទីដែលត្រីបាឡែនពូជយក្ស ដល់ទៅ ៦០០ ក្បាល បានជាប់ កឿងនៅទីនោះ ។ 


របាយការណ៍ បញ្ជាក់ឲ្យដឹងថា ក្រុមការងារជួយសង្គ្រោះរាប់រយនាក់ បានជួយសង្គ្រោះត្រីបាឡែនបាន ដល់ទៅ ៤០០ក្បាល នៅឯឆ្នេរសមុទ្រ South Island កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រោយពីមាន ករណីពូជត្រីបាឡែនយក្សមួយប្រភេទ មានចំនួនរយក្បាល ជាប់កឿងនៅនឹងឆ្នេរ ទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានពីមុន តែជាអកុសល ត្រីបាឡែនរាប់រយបានងាប់នៅលើឆ្នេរ ខណៈនាយកដ្ឋានអភិរក្ស បានចេញបទអន្តរាគមន៍ចុះទៅដល់ទីតាំងកើតហេតុ ស្របពេលដែលទទូចឲ្យមហាជន ប្រាប់ដល់ នាយកដ្ឋានរបស់ខ្លួនភ្លាមៗ បើសិនជាប្រទះឃើញសាកសពត្រីបាឡែនណាមួយ ងាប់នៅនឹងឆ្នេរ ។ 



នាយកដ្ឋានអភិរក្ស ចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ទីតាំងកើតហេតុ បច្ចុប្បន្នភាពត្រូវបានបិទមិន ឲ្យមានការចេញចូលជាសាធារណៈនោះទេ ពីព្រោះតែ ហានិភ័យនៃការផ្ទុះសាកសពត្រីបាឡែនយក្ស ផ្ទាល់តែម្តង ។ ក្រុមការងារអភិរក្សដែលស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ មានការការពារខ្ពស់ អាចនឹង ចំណាយពេលមួយថ្ងៃ ក្នុងការកាត់ ឬចោះ ចន្លោះប្រហោងទៅលើ សាកសពត្រីបាឡែនយក្ស ជាមួយ នឹងកាំបិតដែលមានប្រវែងដល់ទៅ ២ម៉ែត្រ ដើម្បីបញ្ចេញហ្គាសដែលកាន់តែកើនសម្ពាធនៅក្នុងខ្លួន ត្រីបាឡែនយក្ស ដែលអាចនាំមកនូវការផ្ទុះសាកសពត្រីបាឡែន ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា សាកសពត្រីបាឡែនយក្ស ហោចណាស់ ៧ខែ ទម្រាំតែវាស្អុយរលួយ និងសល់តែគ្រោងឆ្អឹង ។ 



របាយការណ៍ពី នាយកដ្ឋានអភិរក្ស DOC ញូវសេឡេន ឲ្យដឹងថា បាឡែនយក្សដែលមានឱកាសនៅ រស់ពីករណីកឿងជាប់ទ្រង់ទ្រាយធំលើកនេះ ត្រូវបានគេមើលឃើញថា បានហែលចូលទៅក្នុងសមុទ្រ វិញកាលពីល្ងាចថ្ងៃអាទិត្យ ៕












ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Whale New Zealand Int news Hot news Exploding