កាលពីថ្ងៃសុក្រសប្ដាហ៍មុន អតីតប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី Park Geun-Hye ត្រូវបានតុលាការជាន់ខ្ពស់ក្រុងសេអ៊ូល ផ្ដន្ទាទោសដាក់គុក ២៥ ឆ្នាំ ពីបទពាក់ព័ន្ធនឹងអំពើពុករលួយ និងទទួលប្រាក់សំណូកពីក្រុមហ៊ុនជាច្រើន មានក្រុមហ៊ុនសាំសុងជាអាទិ៍។
ដីកាសម្រេចនេះ បង្កើនចំនួនឆ្នាំដាក់គុក ១ ឆ្នាំបន្ថែមទៀតលើអតីតប្រធានាធិបតីរូបនេះ ព្រមទាំងបង្កើនប្រាក់ពិន័យលើអ្នកស្រី Park ពី២ ពាន់លានវ៉ុន ទៅ ២០ ពាន់លានវ៉ុន។ តុលាការខាងលើ បង្កើនការផ្ដន្ទាទោសនេះ ក្រោយពីរដ្ឋអាជ្ញារកូរ៉េខាងត្បូងប្ដឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាសម្រេចផ្ដន្ទាទោសកាលពីគ្រាមុនលើអ្នកស្រី Park។
កាលពីខែកក្កដា អ្នកស្រី Park បានទទួលការផ្ដន្ទាទោសដាក់គុក ៨ ឆ្នាំបន្ថែមទៀតពីបទជ្រៀតជ្រែកការបោះឆ្នោត និងប្រើប្រាស់មូលនិធិរបស់រដ្ឋមិនត្រឹមត្រូវ។ ការផ្ដន្ទាទោសដាក់ពន្ធនាគារ ២៤ ឆ្នាំពីបទពុករលួយលើអ្នកស្រី Park ត្រូវបានប្រកាសជាសាធារណៈកាលពីខែមេសា ដោយតុលាការមូលដ្ឋានក្រុងសេអ៊ូល(Seoul Central District Court) ក្រោយពីអ្នកស្រី ត្រូវបានប្រកាសទោសពីបទសមគំណិតជាមួយមិត្ដភក្ដិរបស់អ្នកស្រី ឈ្មោះ Choi Soon-sil ក្នុងការទទួលប្រាក់សំណូកពីក្រុមហ៊ុនកូរ៉េជាច្រើន ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist