នាង Jia Jia អាចសន្ទនាកម្រិតស្រាលៗជាមួយនឹងមនុស្ស ហើយអាចសម្ដែងទឹកមុខ នៅពេលមានមនុស្សប្រាប់នាងឱ្យសម្ដែង ហើយអ្នកបង្កើតនាងជឿថា មនុស្សយន្ដ ដែលរស់រវើកដូចមានជីវិតនេះ នឹងអាចក្លាយជាពលករសិប្បនិម្មិតដ៏មានប្រយោជន៍ នៅក្នុងប្រទេសចិននាពេលអនាគត។
ដោយគេចាត់ទុកថា ជាមនុស្សយន្ដ ដែលមានលក្ខណៈសម្បត្ដិស្រដៀងនឹងមនុស្សដំបូងគេរបស់ចិន Jia Jia ត្រូវបានបង្ហាញឱ្យសាធារណជនឃើញ ជាលើកដំបូងដោយក្រុមវិស្វករ នៅសកលវិទ្យាល័យវិសាស្រ្ដ និងបច្ចេកវិទ្យាចិន។
លោក Chen Xiaoping ដែលជាប្រធានក្រុមវិស្វករ មើលទៅហាក់ដូចជាឪពុកដ៏មានមោទនភាពម្នាក់ ខណៈដែលរូបគាត់ និងមនុស្សយន្ដដំបូងគេរបស់គាត់ មានវត្ដមានកាលពីថ្ងៃចន្ទ នៅឯសន្និសីទសេដ្ឋកិច្ចមួយ ដែលរៀបចំឡើងដោយធនាគារយក្ស UBS ក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ទំនើបរបស់ក្រុងសៀងហៃ។
លោក Chen ទាយទុកមុនថា រយៈពេលប្រហែល ១ ទសវត្សរ៍ មនុស្សយន្ដដ៏វៃឆ្លាត(artificially intelligent) ដូចជា Jia Jia នេះនឹងចាប់ផ្ដើមបំពេញការងារឥតជំនាញ នៅតាមភោជនីយដ្ឋាន គ្លីនិកសុខភាព មន្ទីរពេទ្យ និងតាមគេហដ្ឋាន ក្នុងប្រទេសចិន។
លោក Chen បាននិយាយថា ក្នុងរយៈពេល ៥-១០ ឆ្នាំខាងមុខ នឹងមានកម្មវិធីល្អជាច្រើនសម្រាប់បញ្ចូលទៅក្នុងខ្លួនមនុស្សយន្ដ។ ដោយមានសក់ខ្មៅរលោងក្រាលស្មា និងស្លៀកសំលៀកបំពាក់ប្រពៃណីចិន Jia Jia មើលទៅហាក់ដូចជាមនុស្សពិត។ ក៏ប៉ុន្ដែភាពឆ្លាតឆ្លៀសរបស់នាងនៅមានកម្រិតនៅឡើយ ហើយសំនួរសាមញ្ញៗខ្លះ តែងធ្វើឱ្យនាងមិនអាចឆ្លើយបាន។
ទោះជាយ៉ាងណា លោក Chen និងក្រុមរបស់លោក បានវិវឌ្ឍខ្លួនយ៉ាងអស្ចារ្យ ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ ក្នុងការអភិវឌ្ឍភាពវៃឆ្លាតរបស់នាង។ នាងអាចឆ្លើយសំនួរបានយ៉ាងត្រឹមត្រូវអំពីអាកាសធាតុប្រចាំថ្ងៃ អាចសន្ទនាកម្រិតស្រាលៗជាមួយនឹងមនុស្ស និងអាចស្គាល់ភេទប្រុស ឬស្រីនៃអ្នកសួរសំនួរមកនាង។
នាងបានសរសើរមនុស្សប្រុសម្នាក់ថា៖”អ្នកពិតជាសង្ហាណាស់” ប៉ុន្ដែនៅពេលគេសួរនាងវិញថា តើនាងមានមិត្ដប្រុស ឬនៅនោះ នាងបានឆ្លើយថា៖”ខ្ញុំចង់នៅលីវ ប្រសើរជាងមានមិត្ដប្រុស”។
បច្ចេកវិទ្យាទំនើប ត្រូវបានប្រើដើម្បីបង្កើតភាពវៃឆ្លាតសិប្បនិម្មិត(Artificial intelligent) ហើយផលិតផលបែបទំនើបនេះ បានដណ្ដើមយកកិត្ដិសព្ទ នៅឯពិព័រណ៌គ្រឿងអេឡិចត្រូនិច ក្នុងទីក្រុង Las Vegas កាលពីសប្ដាហ៍មុន។
ក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Hanson Robotics បានបង្ហាញមនុស្សយន្ដមួយ ដែលមានមុខមាត់ដូចលោកសាស្រ្ដាចារ្យ Einstein ដែលអាចសម្ដែងទឹកមុខដូចមនុស្សពិត និងអាចសន្ទនា និងបកស្រាយលម្អិតនូវមេរៀនទាក់ទងគណិតវិទ្យា និងវិទ្យាសាស្រ្ដ។
Jia Jia មិនទាន់ឈានដល់កម្រិតនោះនៅឡើយទេ ប៉ុន្ដែលោក Chen បានស្រមៃមើលពីអនាគតដ៏ត្រចះត្រចង់សម្រាប់នាងឱ្យមានការរីកច្រើនបែបនោះ នៅក្នុងប្រទេសចិន។ លោក Chen បាននិយាយថា ភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា បានធ្វើឱ្យមនុស្សប្រុសស្រីក្មេងៗរួចផុតពីការងារជាច្រើនដូចជា អ្នកបម្រើ ខណៈពេលដែលមនុស្សចាស់ជរា ត្រូវការដៃជំនួយបន្ថែមនៅក្នុងមន្ទីរពេទ្យ និងគ្លីនិកសុខភាព បើទោះបីជាវាមិនមែនជាដៃមនុស្សក្ដី ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ dailysabah