ភ្នំពេញ៖ តារាសម្តែងពន្លកថ្មីវ័យក្មេង ប្រៀបដូចជាបុប្ផាកំពុងក្រពុំ កញ្ញា ស្រ៊ុន វួចនា បានបង្ហើបឲ្យដឹងថា ឈានចូលមកដល់វ័យនេះ ស្រាប់តែមានកន្លង់ៗ ច្រើនបានតម្រង់ជួរគ្នាសុំស្នេហ៍នាង ជាហូរហែ តែនាងបានបដិសេធ ព្រោះថា នាងមិនទាន់ចង់គិត ពីរឿងស្នេហាស្នេហ៍ហឺតអ្វីទេ ។
តារាស្រី ដែលបោះជំហាន ចូលប្រឡូកក្នុងវិស័យសិល្បៈ តាមរយៈការប្រឡង Freshie កញ្ញា ស្រ៊ុន វួចនា បានបង្ហើបឲ្យដឹងថា នាងបានចូលប្រឡូក សិល្បៈ រយៈពេលជាង១ឆ្នាំហើយ ទើបតែមាន ឱកាសបានទទួលថតរឿងមួយ រយៈពេលចុងក្រោយ នេះប៉ុណ្ណោះ ។ ក្នុងនោះនាងបានថតរឿង ក្រឡអីហ្នឹង” រឿង“មរតកបេះដូង” និងរឿង “បង្គោលគ្រាក់ សង្កត់វិញ្ញាណ” ដែលការងារសិល្បៈរបស់នាង នាពេលបច្ចុប្បន្ន គឺផ្តើមមាន ប្រជាប្រិយភាព ជាបណ្ដើរៗហើយ ។
តារាស្រីវ័យ១៩ឆ្នាំ ស្រ៊ុន វួចនា បានប្រាប់ឲ្យដឹងបន្តទៀតថា “ពេលខ្ញុំចូលសិល្បៈដំបូង ខ្ញុំមានអារម្មណ៍ភ័យអរៗ ពេលសិល្បៈចាប់ផ្តើមមានសន្ទុះ ព្រោះថាមុនខ្ញុំចូលសិល្បៈ ខ្ញុំធ្លាប់ឮព័ត៌មានថា អ្នកចូលសិល្បៈភាគច្រើន គេចមិនផុត ពីព័ត៌មានថា មានទំនាក់ទំនងស្នេហា ជាមួយបុរសអ្នក មានទ្រព្យ និងប្តីគេជាដើម តែដល់ពេលដែលខ្ញុំ បានចូលប្រឡូក ទើបខ្ញុំគិតថាបញ្ហានេះ មិនមែនជាឧបសគ្គ សម្រាប់ខ្ញុំឡើយ បើសិនជាខ្ញុំជួបរឿង បែបនោះមែន ខ្ញុំនឹងឆ្លើយបដិសេធ គឺវាចប់រឿងហើយ” ។
ជាមួយគ្នានោះ កញ្ញា វួចនា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា បើទោះជានាងមិនធ្លាប់ ជួបរឿងស្នេហាត្រីកោណក៏ពិតមែន តែនៅក្នុងនោះ នាងមានអ្នក ស្រលាញ់ច្រើន តាមសុំស្នេហ៍នាងមិនតិចទេ តែនាងបានឆ្លើយបដិសេធមិនទាន់ចង់គិតពីរឿងនេះ រង់ចាំឲ្យនាងមានអាយុច្រើន ជាងនេះទៀត ។ ម្យ៉ាងនាងក៏ចង់ពង្រឹងការងារសិល្បៈ ឲ្យមានលំនឹងជាងនេះ ព្រោះថាបើទោះជា នាងមានឱកាសបានចូលសម្តែងក៏ដោយ តែនៅមិនទាន់មាន ឱកាសបានតំណែងជាតួឯកនៅឡើយទេ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល