ភ្នំពេញ៖ តារាចម្រៀងដ៏ល្បាញល្បី របស់ផលិតកម្ម ថោន លោក ខេម ត្រូវបានប្រភពបង្ហើបថាលោកកំពុងតែត្រៀម ខ្លួនឡើយវីឡាថ្មី ដែលមានតម្លៃប្រមាណជិត២០ ម៉ឺនដុល្លារ នៅពេលខាងមុខដ៏ខ្លីនេះ ហើយជាដំណឹងគួរឲ្យភ្ញាក់ ផ្អើលមួយសម្រាប់អ្នកគាំទ្រ និងមហាជនទូទៅ ខណៈដែល ខេម ទើបតែចូលសិល្បៈរយៈពេលតែប៉ុន្មានឆ្នាំសោះ អាចមានលទ្ធភាពសង់ផ្ទះវីឡាយ៉ាងស្កឹមស្កៃ តម្លៃរាប់ម៉ឺនដុល្លារ មិនចាញ់តារាចម្រៀងល្បីៗក្នុងទ្រនំជាមួយគ្នាឡើយ។
ថ្មីៗនេះ ប្រភពដ៏កក់ក្ដៅមួយ ពីផលិតកម្ម ថោន បាននិយាយថា តារាចម្រៀងសំនៀងស្អក ខេម កំពុងតែរវល់ជាមួយនឹងការរៀបចំឡើងគេហដ្ឋាន ដ៏ស្កឹមស្កៃរបស់លោក នៅម្ដុំព្រែកព្នៅ ដែលជាគេហដ្ឋាន ដ៏ប្រណីតមួយ សាងសង់អស់ប្រាក់ប្រមាណជិត២០ម៉ឺនដុល្លារ។ លុយដែលយកមកសាងសង់វីឡានេះ ត្រូវបានគេដឹងថា ជាលុយដែលលោកបានសន្សំ ពីសិល្បៈសុទ្ធសាធ មិនមានអ្នកណាឧបត្ថម្ភឲ្យលោកនោះទេ ព្រោះបច្ចុប្បន្នតម្លៃខ្លួន លោកចេញច្រៀងម្ដងៗរាប់ពាន់ដុល្លារឯណោះ ពោលមិនមែនហាហុកសិបដុល្លារ ដូចមុនទេ ។
ប្រភពដដែល បាននិយាយថា កម្មវិធីនេះ នឹងធ្វើនៅថ្ងៃព្រហស្បតិ៍ទី១៦ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខនេះ ហើយ ខេម អញ្ជើញតែតារាសិល្បៈ ក្នុងផលិតកម្ម និងតារាសម្ដែងឲ្យបទចម្រៀងលោកប៉ុណ្ណោះ ក្រៅពីនេះមិនត្រូវបាន អញ្ជើញទេ ព្រោះមិនចាំបាច់ហ្នឹង និងមិនស្និទ្ធស្នាល ហៅច្រើនពិបាកគ្រប់គ្រងកម្មវិធី ។
គេកត់សម្គាល់ឃើញថា តារាចម្រៀងដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ រស់នៅក្នុងផ្ទះបែបវីឡាស្កឹមស្កៃ មានលុយរាប់ ម៉ឺនដុល្លារ នៅក្នុងផលិតកម្ម ថោន គឺមានតែប៉ុន្មាននាក់ប៉ុណ្ណោះ ក្រៅពីនោះ ហាក់មិនមានតារាចម្រៀងណា ដែលហ៊ឺហារ បែបនេះណាស់ ។ តែពេលនេះ ខេម ក៏ចូលក្នុងចំណោម តារាទាំងនោះដែរ មានដូចជា លោក ករុណា ពេជ្រ លោក សុគន្ធថេរ៉ាយុ កញ្ញា សាសា និងអ្នកនាង មាស សុខសោភា ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល