CamNews

កីឡា 

រឿងសំខាន់៣យ៉ាង ដែលម៉ាកាវ ខ្លាចរអារកម្ពុជា មុនជួបគ្នារសៀលនេះ

ភ្នំពេញ៖ មុនចាប់ផ្ដើមការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០១៨ ជុំទី១ ជើងទី១ រវាងក្រុមជម្រើសជាតិកម្ពុជា និងម៉ាកាវកាលពីល្ងាចថ្ងៃទី១១ ខែមីនាម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារ Sunway ដើម្បីឲ្យគ្រូបង្វឹក ក៏ដូចជាប្រធានក្រុមទាំង២ បញ្ចេញមតិយោបល់ខ្លះៗមុនជួបគ្នា ។

លោក Joseph Tam Cao San គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាកាវ បានថ្លែងក្នុងសន្និសីទខាងលើថា តាំងពីឆ្នាំ២០០៨ មកជំនួបរវាងកម្ពុជា និងម៉ាកាវ ក្នុងព្រឹត្តិការណ៍ AFC Challenge Cup លោកសង្កេតឃើញថា កម្ពុជាមានប្រៀបជាងម៉ាកាវឆ្ងាយណាស់ ហើយមកដល់បច្ចុប្បន្នលោកក៏នៅតែទទួលស្គាល់អំពីសមត្ថភាពរបស់កីឡាករជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េលោក Lee Tae Hoon គឺពិតជារីកចម្រើនលឿនខ្លាំងមែន ។

ការលើកឡើងបែបនេះ គឺដោយសារលោក San ព្រួយបារម្ភចំពោះការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី ដែលជំនួបជុំទី១ ជើងទី១នេះ នឹងធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥នេះនៅពហុកីឡដ្ឋានស្ដាតចាស់ ព្រោះជំនួប៤ប្រកួតចុងក្រោយ ម៉ាកាវមិនធ្លាប់ឈ្នះកម្ពុជាសោះ ។

លោកបន្ដថា កាលពីឆ្នាំ២០១១ ក្នុងជំនួបជើងទី២ នៅលើទឹកដីម៉ាកាវ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Challenge Cup ពេលប្រកួតពេញម៉ោង ម៉ាកាវ ពិតជាអាចយកឈ្នះកម្ពុជា ៣-២ មែនប៉ុន្ដែដោយសារគ្រាប់បាល់ជើងទី១ និងជើងទី២ បូកបញ្ចូលស្មើគ្នា ៥-៥ គេក៏បន្ថែមម៉ោងប្រកួត ដើម្បីកាត់សេចក្ដី តែជាលទ្ធផល កម្ពុជា បានយកឈ្នះម៉ាកាវវិញ ដែលនេះគឺជាមូលហេតុធ្វើឲ្យម៉ាកាវខ្លាចរអាកម្ពុជារហូតមកដល់ពេលនេះ ។

ទន្ទឹមជាមួយគ្នានោះ ប្រធានក្រុមជម្រើសជាតិម៉ាកាវ គឺកីឡាករ Paulo Cheang ក៏បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌ មានកាលពីម្សិលមិញដែរថា ដោយសារប្រវត្តិជួបគ្នា ម៉ាកាវ មិនធ្លាប់ឈ្នះកម្ពុជានោះ វាក៏ជាស្មារតីមួយដែលធ្វើឲ្យកូនក្រុមមានការព្រួយបារម្ភក្នុងជំនួបវគ្គជម្រុះ World Cup ឆ្នាំ២០១៨នេះដែរ ។

ប៉ុន្ដែរឿងសំខាន់ៗមួយចំនួនទៀតក៏ជា កត្ដាធ្វើឲ្យខ្សែប្រយុទ្ធរូបនេះខ្លាច ក្រុមជម្រើសជាតិកម្ពុជាផងដែរ ។
Paulo Cheang បានលើកឡើងថា “ជំនួបរវាងកម្ពុជា និងម៉ាកាវលើកនេះគឺមានរឿង៣ចំណុចសំខាន់ៗដែលក្រុមរបស់ខ្លួន (ម៉ាកាវ) ខ្លាចកីឡាករជម្រើសជាតិកម្ពុជាទី១ គឺកម្លាំង ទី២ គឺល្បឿន និងទី៣ គឺទិចនិច ។ ប៉ុន្ដែក្នុងចំណោម ភាពខ្លាំងទាំង៣របស់កម្ពុជានេះ ក្រុមខ្ញុំមិនអាចទប់ទល់ទាំង៣ ព្រមគ្នានោះទេ គឺខ្ញុំបានគិតរួចហើយថា ពួកខ្ញុំត្រៀមយុទ្ធ សាស្ដ្រទប់ទល់តែទិចនិចរបស់កីឡាករកម្ពុជាប៉ុណ្ណោះ” ។

ទោះជាយ៉ាងណា គ្រូបង្វឹកម៉ាកាវ លោក Joseph Tam Cao San មានជំនឿចិត្តថា អាចទប់ទល់ជាមួយក្រុមម្ចាស់ផ្ទះ កម្ពុជាបានដោយសំអាងថា “ក្រុមខ្លាំងមិនប្រាកដថាឈ្នះរហូតនោះទេ” ហើយទ្រឹស្ដីនេះក៏ជាការជំរុញឲ្យកីឡាករជម្រើសជាតិម៉ាកាវ មានទឹកចិត្តប្រកួតតទល់នឹងក្រុមជម្រើសជាតិកម្ពុជានារសៀលម៉ោង៤ថ្ងៃនេះផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia PP