ព្រៃវែង)៖ ស្នងការរងនគរបាលខេត្តព្រៃវែង លោក សេង សុភក្រ្ត បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ ថា កាលពីល្ងាចម្សិលមិញ កម្លាំងនគរបាលរបស់លោក បានតាមចាប់ខ្លួនជនសង្ស័យមួយក្រុមមានគ្នា៦នាក់ ដែលជាប់ពាក់ព័ន្ធការចាក់សម្លាប់ បុរសម្នាក់ជាចុងភៅ នៅលើស្ពានអ្នកលឿងត្រើយខាងលិច កាលពីថ្ងៃបុណ្យគ្រឹស្តម៉ាស់។
លោក សេង សុភក្រ្ត បានបញ្ជាក់ថា ក្រោយការសួរនាំតាមជំនាញរួចមក មានជនសង្ស័យ៣នាក់ ដែលជាប់ពាក់ព័ន្ធយ៉ាងពិតប្រាកដ នៃអំពើឃាតកម្មមួយនេះ នឹងស្ថិតក្រោមការសាកសួរបន្ត នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងទៅតុលាការ ចាត់ការតាមនីតិវិធបន្តទៀត។ ចំណែក៣នាក់ផ្សេងទៀតសមត្ថកិច្ចកំពុង សួរនាំបន្តទៀត។
ជនសង្ស័យទាំង៣នាក់រួមមាន ទី១មានឈ្មោះ ឃី វិចិត្រ អាយុ២៨ឆ្នាំ, ទី២ឈ្មោះ ឃី ឡាយ អាយុ២៣ឆ្នាំ និងទី៣ ឈ្មោះ ឃី ស្រស់ អាយុ១៦ឆ្នាំ រស់នៅភូមិឧត្តម ឃុំព្រែកខ្សាយ ស្រុកពាមរ៌ ហើយក្រោយចាប់ខ្លួន កម្លាំងនគរបាលបានដកហូតម៉ូតូ១គ្រឿង និងដែកឆាបមួយចំនួន។
លោក សេង សុភក្រ្ត បានរំលឹកថា នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ មុនពេលកើតហេតុ មានក្រុមចុងភៅពីរក្រុម រស់នៅក្រុងព្រៃវែង បានទៅធ្វើចុងភៅពីរកន្លែង ខាងអ្នកលឿងត្រើយកើត ក្នុងនោះមានចុងភៅមួយក្រុម បានទៅធ្វើម្ហូបអាហារឡើងគេហដ្ឋានរបស់លោក បានបបួលគ្នាជិះរថយន្តដើរលេងលើស្ពានអ្នកលឿង ដោយជិះពីត្រើយខាងកើត ទៅត្រើយខាងលិច ក្នុងទឹកដីស្រុកលើកដែក ខេត្តកណ្តាល វង់មួយជុំ ក៏មកដល់លើស្ពានឈប់រថយន្ត ។
ចុះលេងនៅលើស្ពាន ភ្លាមនោះមានក្មេងទំនើង មួយក្រុមទៀតជិះម៉ូតូ មកឈប់លើស្ពាន ឈរនោម ខាងជើង រួចក្រុមជិះម៉ូតូសួរថា ពួកឯងមកពីខាងណា ជិះឡានមកសុទ្ធតែអត់អាវពាក់ រួចក៏ប្រកែកគ្នាចុះឡើងៗ ឈានទៅដល់វាយគ្នា ហើយក្នុងពេលវាយគ្នា គាប់ជួនមានរថយន្តអ្នកដំណើរ បើកបរឆ្លងកាត់ ក៏ខាងចុងភៅរត់ឡើងរថយន្តបើកចេញ ហើយជនរងគ្រោះរត់ មិនទាន់នៅក្រោយគេ ត្រូវក្រុមខាងជិះម៉ូតូ មានសម្ភារៈ ដែកឆាប ដំបង ដាវជាដើមនោះបានវាយ កាប់ចាក់រហូតដល់ស្លាប់តែម្តងទៅ៕
ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី