(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានចម្លើយពីសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី នៅថ្ងៃទី១៨ ខែកក្កដានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ២៤នាក់ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិសិង្ហបុរី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ។ តើកីឡាករណាខ្លះ ដែលស្ថិតក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិ ដែលបន្ដដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក Lee Tae Hoon?
យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ ដែលចុះហត្ថលេខាដោយលោក គល់ សុផាណា អគ្គលេខាធិការ FFC បានបញ្ជាក់ថ ក្នុងចំណោមកីឡាករ ២៤រូប ដែលលោក Lee Tae Hoon នឹងដឹកនាំប្រកួតមិត្តភាពជាមួយសិង្ហបុរីនាចុងខែនេះ គឺមកពីក្លឹបធំៗចំនួន ៦ ក្នុងនោះកីឡាករមកពីក្លឹបបឹងកេតអង្គរ និងក្លឹបព្រះខ័នរាជស្វាយរៀងច្រើនជាងគេ ដោយក្នុងមួយក្លឹបមានកីឡាករ ៧នាក់ជាប់ជម្រើសជាតិ ។
សម្រាប់សមាជិកមកពីក្លឹបបឹងកេតអង្គរ រួមមានខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី, រស់ សំអឿន, លី វ៉ាហេទ, សុខ សុវណ្ណ, ហុង ផេង និងអ្នកចាំទី ស៊ូ យ៉ាទី ។ ចំណែកសមាជិកមកពីក្លឹបខេត្តស្វាយរៀង មានកីឡាករ ប្រាក់ មុន្នីឧត្តម, សុក សំណាង, សំអឿន ពិដោរ, ហ៊ួយ ផល្លីន, រស់ គង់សំរេច, នេន សុធារ័ត្ន និងកីឡាករ សឿយ វិសាល ។
ដោយឡែកកីឡាករមកពី ៤ក្លឹបផ្សេងទៀត រួមមានសមាជិកក្លឹបក្រសួងការពារជាតិ ៤នាក់ មានកីឡាករ ឈិន ឈឿន, ច្រឹង ពលរដ្ឋ, រឿម ចាន់រឿន និងអ្នកចាំទី អ៊ុ សេរីរ័ត្ន ។ ក្លឹបភ្នំពេញក្រោនមានកីឡាករ ៣នាក់ ដូចជាខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន, កែវ សុខផេង និងអ្នកចាំទី កែវ សិលា ។ ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិមានសមាជិក ២នាក់ រួមមាន សួន វណ្ណដេត និងទិត្យ ឌីណា ខណៈក្លឹបណាហ្គាវើល មានកីឡាករម្នាក់ គឺខ្សែប្រយុទ្ធ ស៊ុះ ស៊ូហាណា ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង