ព័ត៌មានអន្តរជាតិ ៖ អាកាសយានដ្ឋាន ចម្បង និងធំបំផុត របស់ប្រទេសលីប៊ី សាជាថ្មី ម្តងទៀត និងចុង ក្រោយបំផុត រងនូវការវាយប្រហារ ដោយ គ្រាប់រ៉ុកកែត មួយថ្ងៃបន្ទាប់ ក្រោយពីអាកាសយានដ្ឋាននេះ បង្ខំចិត្តបិទ ខណៈមានការប៉ះទង្គិច នៅក្នុងក្រុង នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពី គេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។
របាយការណ៍ បញ្ជាក់បានអោយដឹងថា យ៉ាងហោចណាស់ មនុស្ស ម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៦ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និង ស្រាល នៅឯអាកាសយានដ្ឋាន ក្រុង Tripoli ដោយនៅក្នុង នោះ យន្តហោះ ១២ គ្រឿងផ្សេងទៀត ក៏រងនូវការខូចខាត ឆាបឆេះ ក្រោយពីមានការវាយប្រហារដោយ គ្រាប់រ៉ុកកែត ចុងក្រោយបំផុត លើកនេះ ។ យ៉ាងណាមិញ ប្រភពបន្តអោយដឹងថា អង្គការសហប្រជាជា តិបានប្រកាស ថានឹងដករាល់បុគ្គលិករបស់ខ្លួន ចេញពីប្រទេស លីប៊ី ។
គួរបញ្ជាក់ថា មេដឹកនាំប្រទេសលីប៊ី បានតស៊ូ ធ្វើយ៉ាងណា នាំមកនូវស្ថេរភាពជូនជាតិចាប់តាំងពីលោក Muammar Gaddafi ធ្លាក់ចេញពីតំណែង ក្នុងឆ្នាំ ២០១១ ។ កម្លាំងសន្តិសុខ ធ្វើសេចក្តីរាយការណ៍ ដល់ ទំព័រប៊ីប៊ីស៊ី អោយដឹងថា គ្រាប់រ៉ុកកែត ជាច្រើនគ្រាប់ បានវាយប្រហារ មកលើ អាកាស យានដ្ឋានខាង លើកាលពីល្ងាច ថ្ងៃច័ន្ទ ម្សិលមិញនេះ ។
ក្រោយពីមានការវាយប្រហារ មិនត្រឹមតែបានបណ្តាល អោយមនុស្ស ស្លាប់ និង របួសតែប៉ុណ្ណោះទេ តែ នៅក្នុងនោះ ក៏បានបណ្តាលអោយ សម្បទា អាកាសយានដ្ឋាន ផ្សេងទៀត រងនូវការខូចខាត ដូចគ្នាដែរ តួយ៉ាង មានតួប៉ម អាកាសយានដ្ឋានជាដើម ។ រាល់ ជើង ហោះហើរ របស់អាកាសយានដ្ឋាន ត្រូវបាន ពន្យាពេល យ៉ាងហោចណាស់ ពន្យាពេល ត្រឹមថ្ងៃពុធ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី