ភ្នំពេញ៖ បទ«ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់» ដែលជាសំនៀង ដ៏ក្រអៅក្រអួន របស់តារាចម្រៀងបែបស្រគត់ស្រគំ សុគន្ធ នីសា កំពុងតែអង្រួនចិត្ត ប្រិយមិត្តអ្នកស្ដាប់ ជាពិសេសក្នុងស្រទាប់យុវវ័យ រហូតអ្នកខ្លះបាន បញ្ជូនឲ្យគ្នា ទៅវិញទៅមក ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅពេលនេះបានចេញ វីដេអូ (Full MV) ពេញហើយ ។
លើសពីនេះ អ្នកគាំទ្របានយកចំណងជើង នៃបទចម្រៀង (ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់)នេះ ទៅនិយាយលេងជាមួយមិត្តភក្តិ និងក្រុមការងារ យ៉ាងសប្បាយរីករាយ របៀបលេងសើច ដោយគ្រាន់តែប្ដូរពាក្យ «ខូចចិត្ត» ទៅតែពាក្យអ្វីផ្សេង ទៀតផង ។
បទ «ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់» ជាស្នាដៃ និពន្ធ Melody និងទំនុកច្រៀង ថ្មី របស់កវីមុខស្រស់ លោក យឹម តាស្រង់ ដោយបានដឹកនាំសម្តែង ដោយ លោក ប៊ុន រតនា និពន្ធបទភ្លេងថ្មី ដោយលោក ដា ភ្លេង និងជាអាល់ប៊ុម CVD Vol 62 របស់ផលិតកម្ម Town ។
ជាការពិត បន្ទាប់ពីបទ «ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់» ចេញ Full MV ហើយ គឺហាក់មានការ គាំទ្រយ៉ាងខ្លាំង ហើយនឹងធ្វើឲ្យកក្រើកជាថ្មីទៀត ក្នុងទីផ្សារបទចម្រៀង ដែលផលិតកម្ម ថោន តែងតែមានអ្វីៗថ្មី ជានិច្ចសម្រាប់ទស្សនិកជន ។ មិនត្រឹមតែក្នុងបណ្ដាញ Facebook ដែលមានអ្នកគាំទ្រច្រើននោះទេ នៅក្នុងបណ្ដាញ You tube សម្រាប់បទនេះ ក៏មានអ្នកចូលស្ដាប់ជាច្រើននាក់ ដូចគ្នាផងដែរ។
បទ«ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់» បានរៀបរាប់អំពីក្ដីឈឺចាប់ របស់នារីម្នាក់ ដែលមានស្នេហាស្មោះ ខំប្រឹងតស៊ូជាមួយគ្នាក្នុងគ្រាក្រ ហើយពេលមានបាន និងដោយសារតែអំណាចទឹកប្រាក់ សម្រស់ បានធ្វើឲ្យស្នេហានោះ បែរជាមានល្បិចចេះលាក់ ចេះលួចក្បត់ និងចង់ចាកចេញពីនាង ។ ធ្វើឲ្យនាងកើតទុក្ខ ជាពន់ពេកក្រៃ សម្រក់ទឹកភ្នែក គ្រប់ពេលវេលាទាំងអស់ រហូតនាងត្អូញត្អែរប្រាប់ថា «ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់» ព្រោះតែគេអស់ចិត្ត ចង់ចាកចេញទៅហើយ។
ចង់ដឹងថា បទ«ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់» មានអត្ថន័យ និងខ្លឹមសារឈឺចាប់កម្រិតណា រហូតយុវវ័យគាំទ្រ យ៉ាងច្រើននោះ ពេលចេញ Full MV ហើយ សូមទស្សនា និងស្ដាប់កម្សាន្ត ទាំងអស់គ្នា
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល