(ភ្នំពេញ)៖ ករណីខ្មាន់កាំភ្លើង ២នាក់ ជិះម៉ូតូនៅបាញ់ប្រហារ ស្ត្រីម្នាក់ ដល់មុខផ្ទះតាមផ្លូវម៉ុងឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥នេះ ត្រូវបានសមត្ថកិច្ចអះអាងជាជំហានដំបូងថា អាចបណ្ដាលមកពីរឿងស្នេហាត្រីកោណ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ស្ត្រីរងគ្រោះធ្លាប់មានប្តីរួចមកហើយ និងមានកូនប្រុសជំទង់ម្នាក់ លុះពេលលែងលះជាមួយប្ដីមុន ក៏មានទំនាក់ទំនងជាមួយបុរសម្នាក់រហូតបង្កើតបានកូនស្រី ដែលមានអាយុជាង ៣ឆ្នាំ ។
ករណីនេះស្ត្រីជាម្ដាយនារីរងគ្រោះ បានស្រែកនៅមន្ទីរពេទ្យថា គាត់ស្គាល់អ្នកបាញ់ហើយ ប៉ុន្តែមិនប្រាប់ដល់សមត្ថកិច្ច និងអ្នកកាសែតនោះទេ។ បើតាមសមត្ថកិច្ចជនសង្ស័យបានបាញ់ ២គ្រាប់ ចំជើងនារីរងគ្រោះដល់មុខផ្ទះ បណ្ដាលឲ្យរងរបួសធ្ងន់ មុនពេលដែលពួកគេបើកម៉ូតូគេចខ្លួន។
ករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្មាន់កាំភ្លើង៕
ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី