(ភ្នំពេញ)៖ បុរសម្នាក់ជិះរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus 570 ពណ៌ខ្មៅ មិនចាំស្លាកលេខ តែចិត្តខ្មៅ ដោយគ្រាន់តែបុរសជាអ្នករើសអេតចាយម្នាក់ ឈប់រទេះដើម្បីសំបកកំប៉ុងទើសផ្លូវបន្តិច បានដកកាំភ្លើងខ្លីបាញ់ពីក្នុងឡាន១គ្រាប់ បណ្តាលឲ្យត្រូវចំង្កេះរងរបួសធ្ងន់ធ្ងរ ដេកថ្ងូរននៀលលើដី ដោយក្តីចុកចាប់ជាទីបំផុត។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ករណីបាញ់នេះ បានកើតឡើងនៅម៉ោង១៖៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ តាមផ្លូវ១០៥ កែងនឹងផ្លូវ៤៣២ ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាប្រភពព័ត៌មានពីន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ស្ទើរតែរៀងរាល់យប់គេតែងតែឃើញ បុរសរើសអេតចាយនោះ អូសរទេះដើររើសសំបកកំប៉ុង និងរបស់ផ្សេងៗ ដែលគេទុកចោលនៅមុខផ្ទះ ដើម្បីយកទៅលក់គ្រាន់ បានកំរៃចិញ្ចឹមប្រពន្ធ និងកូននៅឯផ្ទះ តែថ្ងៃនេះជាអកុសល់ សំរាប់បុរសក្រីក្រម្នាក់នេះ គ្រាន់តែដាក់រទេះទើសផ្លូវអ្នកមានចិត្តខ្មៅបន្តិច ធ្វើឲ្យអ្នកមានចិត្តខ្មៅនោះ ដកកាំភ្លើងខ្លីពីក្នុងឡានបាញ់១គ្រាប់ សំដៅទៅបុរសក្រីក្រ ដែលរើសអេតចាយ បណ្តាលឲ្យត្រូវដេលដួលននៀលលើដី ដោយក្តីចុកចាប់បំផុត។
សេចក្តីរាយការណ៍ បានបន្តទៀតថា អ្វីដែលឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចហួសចិត្តនោះ គឺរថយន្តសង្គ្រោះបន្ទាន់ គ្រាន់តែឮថាបុរសរងគ្រោះ ជាអ្នករើសអេតចាយ គ្មានឃើញរថយន្តសង្គ្រោះ ណាចេញមកដឹកយកទៅសង្គ្រោះនោះទេ តែបើឮថាជាអ្នកមានវិញ រថយន្តពេទ្យឯកជនទាំងនោះ បើកប្រដេញគ្នាមិនខ្លាចស្លាប់ ដើម្បីមកដណ្តើមគ្នាដឹក ។ ជាចុងក្រោយដោយសារចាំរថយន្តពេទ្យយូរពេក ទើបលោកមេប៉ុស្តិ៍បឹងត្របែក ដឹកតាមម៉ូតូយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត៕
ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី