ស្ដ្រីជនជាតិកាតារពីររូបរួមនឹងអ្នកបើកបររថយន្តរបស់ពួកគេត្រូវចោរប្លន់យកទ្រព្យដែលមានតម្លៃ
ជាង ៥លានដុល្លារអាមេរិក នៅលើដងផ្លូវល្បឿនលឿនមួយនៅបារាំង។
ស្ដ្រីជនជាតិកាតារពីររូបដែលមានអាយុជាង ៦០ឆ្នាំ ត្រូវបានចោរប្លន់កាលពីថ្ងៃទី ២១វិច្ឆិកា បន្ទាប់
ពីបានចាកចេញពីព្រលានយន្តហោះ Le Bourget ក្នុងក្រុងបារីស។ បុរសជាចោរបិទមុខពីរនាក់
បានឃាត់រថយន្តរបស់ពួកគេ រួចបាញ់ផ្សែងបង្ហូរទឹកភ្នែក និងប្លន់យកអ្វីៗទាំងអស់នៅក្នុងរថយន្ត
ដូចជាគ្រឿងអលង្ការ ខោអាវ កាបូប។ល។ នេះបើតាមទំព័រ AFP ។
ទ្រព្យសម្បត្តិដែលត្រូវបានប្លន់ មានតម្លៃយ៉ាងតិច ៥លានអឺរ៉ូ (ប្រហែល ៥,៣លានដុល្លារអាមេរិក)។
កំណាត់ផ្លូវផ្នែកខាងជើងនៃដងផ្លូវល្បឿនលឿនដែលតភ្ជាប់ក្រុងបារីស ជាមួយនឹងព្រលានយន្ត
ហោះ Charles de Gaulle និង Le Bourget គឺជាកន្លែងដែលតែងតែកើតមានករណីប្លន់ជនបរទេស
ដែលជិះរថយន្តទំនើប ដែលពួកគេមួយចំនួនមានយកប្រាក់ច្រើនជាប់តាមខ្លួន។ ចោរប្លន់តែងឆក់
ឱកាសពេលស្ទះផ្លូវដើម្បីធ្វើសកម្មភាពប្លន់។
កាលពីខែតុលា រថយន្តតាក់ស៊ីដែលដឹកអគ្គនាយកនៃបណ្ដាញហាងលក់គ្រឿងសង្ហារឹមមួយនៅ
បារាំង ក៏ត្រូវបានគេប្លន់ បន្ទាប់ពីចាកចេញពី Le Bourget។ ចោរប្លន់ចំនួនបីនាក់ បានឃាត់រថយន្ត
នឹងប្លន់យកទ្រព្យដែលមានតម្លៃប្រហែល ១០០.០០០អឺរ៉ូ (ជាង ១០០.០០០ដុល្លារអាមេរិក) របស់
ជនរងគ្រោះ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail