ក្នុងកំឡុងពេលធ្វើដំណើរនៅក្នុងទីក្រុងតូក្យូ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសកម្ពុជានឹងស្នើប្រទេសជប៉ុន ឲ្យវិនិយោគ ៨០០ លានដុល្លារអាមេរិក លើ ប្រព័ន្ធ Skytrain សម្រាប់រាជធានីភ្នំពេញ។
នៅក្នុងហ្វេសប៊ុករបស់លោក ហ៊ុន សែន បាននិយាយថា skytrain នឹងភ្ជាប់ពីកណ្តាលទីក្រុងទៅកាន់ព្រលានយន្តហោះអន្តរជាតិ។
«ថ្មីៗនេះ មានអ្នកវិនិយោគជប៉ុនជាច្រើនចាប់អារម្មណ៍ ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា»។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរយៈពេលបីថ្ងៃ លោកបាននិយាយថា ប្រទេសកម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពីរផ្សេងទៀត ជាមួយនឹងលោកនាយករដ្ឋមន្ត្រី Shinzo Abe នាថ្ងៃច័ន្ទផងដែរ។
យោងតាម លោក ហ៊ុន សែន ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងឆ្នាំ ២០១៦ គឺ ១.៣ ពាន់លានដុល្លារអាមេរិក។
ទោះបីជាប្រទេសចិន បានគ្របដណ្តប់លើការវិនិយោគទុនក្នុងប្រទេសកម្ពុជា ក៏ប្រទេសជប៉ុននៅតែជាតួអង្គសំខាន់ និងជាអ្នកវិនិយោគធំទីបី ក្នុងប្រទេសកម្ពុជា។
ចាប់តាំងពីឆ្នាំ ១៩៩២ ប្រទេសជប៉ុនក៏បានក្លាយជាប្រទេសជំនួយដ៏ធំសម្រាប់កម្ពុជា ដោយការផ្តល់ប្រាក់ ២ ពាន់លានដុល្លារ សម្រាប់ជំនួយអភិវឌ្ឍន៍ផ្លូវការ។
ប្រទេសថៃ ដែលមានព្រំប្រទល់នឹងប្រទេសកម្ពុជា មាន skytrain ចំនួនបីខ្សែ និង underground នៅក្នុងទីក្រុងបាងកកផងដែរ៕
ប្រែសម្រួល៖ High
ប្រភព៖ Reuters