ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ ព័រទុយហ្គាល និងជាកីឡាករឆ្នើមលំដាប់ថ្នាក់ពិភពលោក របស់ក្លឹប Real Madrid ត្រូវបានម្ចាស់ក្លឹប មិនអនុញ្ញាតឲ្យទៅ ប្រទេសម៉ូណាកូ ដើម្បីទៅលេងមិត្ដភក្ដិទៀតនោះទេ។
Cristiano Ronaldo ត្រូវបានម្ចាស់ក្លឹប Real Madrid លោក Florentino Perez ហាមប្រាមមិនឲ្យទៅលេងប្រទេសម៉ូណាកូ ដើម្បីជួបគ្នាជាមួយមិត្ដភក្ដិកីឡាករទៀតឡើយ សេចក្ដីសម្រេចនេះ លោក Florentino Perez បានចាត់វិធានការយ៉ាងក្ដៅគគុក សុំការជំនួយពីស្ដេចប្រទេសម៉ូណាកូ ត្រូវជាមិត្ដភក្ដិរបស់លោក ឲ្យមានការរាយការណ៍ជាបន្ទាន់ប្រសិនជា ដឹងថា Ronaldo នៅទីនោះ ។ ប្រភពរាយការណ៍ពីគេហទំព័រ Mirror បានចុះផ្សាយឲ្យដឹងថា កីឡាករ Cristiano Ronaldo តែងតែឆ្លៀតពេលវេលាសម្រាកពីការហ្វឹកហាត់ពេលព្រឹក ហើយធ្វើដំណើរទៅកាន់ប្រទេសម៉ូណាកូ ដើម្បីជួបគ្នាជាមួយនឹងមិត្ដសម្លាញ់ ឈ្មោះ Badr Hari រហូតដល់ពេលល្ងាចទើបត្រលប់មកវិញ។
ការព្រួយបារម្មណ៍របស់លោក Florentino Perez គឺគាត់គិតដល់ទម្រង់លេងរបស់កីឡាករ មួយរយៈចុងក្រោយនេះ ដែលមានភាពធ្លាក់ចុះច្រើន ជាងមុន ខណៈដែលមួយការប្រកួត ប៉ះជាមួយ Deportibo La Coruna កីឡាករមិនអាចស្វែងរកគ្រាប់បាល់បាន ប៉ុន្ដែ Gareth Bale អាចរកបានដល់ទៅ ៣ គ្រាប់។
Ronaldo ធ្លាប់បែកធ្លាយរឿងអាស្រូវ មានទំនាក់ទំនងជាមួយមិត្ដភក្ដិ ដោយការបង្ហាញរូបភាពយ៉ាងស្និតស្នាល ធ្វើឲ្យមហាជនមានការ យល់ច្រលំខ្លាំង រវាងទំនាក់ទំនងអ្នកទាំងពីរ។
ដោយ៖ អឿ អ៊ុយ