CamNews

ព័ត៌មានជាតិ 

ប្រទះឃើញសពបុរស និងនារី២នាក់ នៅក្នុងបន្ទប់ជួល, សង្ស័យប្រុសសម្លាប់ស្រី រួចសម្លាប់ខ្លួនឯង

(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង នៅវេលាម៉ោង ប្រមាណ១០ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅក្នុងបន្ទប់ជួល ភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយពេលដែលប្រជាពលរដ្ឋ បានប្រទះឃើញសពបុរស និងនារី២នាក់ នៅក្នុងបន្ទប់ជួលក្បែរគ្នា ដោយសង្ស័យថា ជនរងគ្រោះជាបុរស សម្លាប់នារី រួចហើយសម្លាប់ខ្លួនឯងតាមក្រោយ។

នារីរងគ្រោះឈ្មោះ ស៊ុន គន្ធិ អាយុ ២២ឆ្នាំ មុខរបរលក់ដូរ។ រីឯបុរសរងគ្រោះឈ្មោះ ឃុន ឌីណា អាយុ ៣២ឆ្នាំ ស្រុកកំណើតក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានប្រាប់អង្គភាព Fresh News ថា ករណីនេះលោកមិនទាន់ដឹង​ ព័ត៌មានលំអិតនៅឡើយទេ ប៉ុន្តែការសន្និដ្ឋានជាជំហានដំបូងអាចថា នារីរងគ្រោះ ត្រូវបានជនរងគ្រោះជាបុរសរឹតក ហើយបន្ទាប់មក ក៏លេបថ្នាំសម្លាប់ខ្លួនតែម្តង។

ជនរងគ្រោះទាំង ២នាក់ រស់នៅបន្ទប់ជួលក្បែរគ្នា នៃចំណុចកើតហេតុខាងលើ។ តែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចមូលដ្ឋាន និង នគរបាលជំនាញ បាននិងកំពុងចុះទៅសួរនាំ និង ស្រាវជ្រាវលំអិត។

បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជាជនរងគ្រោះ បានលបលួចស្រឡាញ់នារីរងគ្រោះជាច្រើនឆ្នាំមកហើយ តែមិនទទួលបានក្តីមេត្តាបើកបេះដូងទទួលបុរសម្នាក់នេះឡើយ។ លុះនៅព្រឹកមិញនេះ គេក៏ឃើញភាគីខាងបុរសបានដើរចូលបន្ទប់នារីរងគ្រោះ ហើយមួយសន្ទុះក្រោយមកក៏ដើរចេញមកវិញ តែមិននរណាចាប់អារម្មណ៍មានហេតុការណ៍បែបនេះឡើយ។ រហូតដល់ម៉ោងកើតហេតុ ទើបប្រជាពលរដ្ឋប្រទះឃើញសពពួកគេទាំងពីរនាក់ នាំឲ្យមានការភ្ញាក់ផ្អើលតែម្តង៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP