ភ្នំពេញ៖ ថ្លែងប្រាប់LookingTODAY មុននេះបន្តិច អតីតពិធីការិនី និងជាតារាសម្ដែងកញ្ញា ឯក សុជាតា ហៅ សាសា បានសម្ដែងសេចក្ដីអំណរគុណដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានថ្លែងជាសាធារណៈ ឲ្យសមត្ថកិច្ច គ្រប់ជាន់ថ្នាក់តាម ចាប់ខ្លួន លោក សុខ ប៊ុន ដែលបានបង្កហិង្សា ដ៏សាហាវ លើរូបនាង ដើម្បីឲ្យមានវិធានការតាមផ្លូវច្បាប់ និង ជាចំណាត់ការមួយ ដែលនាងគិត ថាជាយុត្តិធម៌សមនឹងនាងទទួលបាន។ ជាមួយនឹងការថ្លែងអំណរគុណនេះសាសា បានបដិសេធយ៉ាងដាច់អហង្កាថា នាងមិនអាចទទួលយកបានឡើយ នូវសំណងចំនួន ១០ម៉ឺនដុល្លារ ពីសំណាក់ លោក សុខ ប៊ុន នោះទេ គឺនាងចង់មានវិធានការតាមច្បាប់ និងដាក់ទោសតាមទង្វើដែលខ្លួនបានប្រព្រឹត្តិ។
សាសានិយាយថា «ខ្ញុំពិតជារំភើបចិត្ត ដែលបានឮ ប្រសាសន៍សម្ដេច ស ខេង ថ្លែងព្រឹកមិញនេះ ឲ្យតាមចាប់ខ្លួន លោក សុខ ប៊ុន ។ ខ្ញុំសូមថ្លែងអំណរគុណសម្ដេច យ៉ាងជ្រាលជ្រៅបំផុត ហើយខ្ញុំគិតថា រូបខ្ញុំ គ្រួសារខ្ញុំ នឹងទទួល បានយុត្តិធម៌ក្នុងរឿងនេះ..» ។ សាសាបន្តថា «ខ្ញុំអត់អាចទទួលយកបានទេបង..! ទង្វើក្នុងយប់នោះ គឺហាក់បី ដូចជាព្រៃផ្សៃពេកហើយ សំណាងណាស់ដែលខ្ញុំមិនគ្រោះថ្នាក់ដល់ជីវិត ។ បើសិនជាខ្ញុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរមែន តើអ្នកណាទទួលខុសត្រូវ ? បើគាត់ជាមនុស្សល្អ សូមចេញមកទទួលខុសត្រូវ ចំពោះមុខច្បាប់ មិនមែនរត់គេច បែបនេះទេ កាន់តែគេចកាត់តែមានទោសធ្ងន់ជាងនេះ »។
ជាមួយនឹងការថ្លៃងអំណរគុណ ដល់សម្ដេច ស ខេង អតីតពិធីការិនី សាសា ក៏បានបដិសេធចោលទាំងស្រុង នូវការសុំទោស និងការផ្ដល់សំណងចំនួន១០ ម៉ឺនដុល្លារ ដល់រូបនាងផងដែរពោល សាសា ទុកឲ្យច្បាប់ជាអ្នក ចាត់ការតាមនិតិវិធី ព្រោះអំពើហិង្សានេះ ហាក់បីដូចជាព្រៃផ្សៃពេក ចំពោះនាង មិនអាចទទួលយកបានឡើយ ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ ឧកញ៉ា សុខ ប៊ុន បានចេញសេចក្ដីបំភ្លឺជូនសាធារណៈជន និងលិខិតសុំទោស មកលើកញ្ញាសាសា ដោយក្នុងលិខិតដ៏កម្រនោះបានបង្ហាញពី ការលះបង់៖ ទី១-លាឈប់ពីប្រធានសមាគមវាយតម្លៃអចលនវត្ថុ ។ ទី២-លាឈប់ ពីនាយកក្រុមហ៊ុន TEHO-SBG Developement Co.,Ltd លើគម្រោង វិនិយោគវិស័យអចលនទ្រព្យចំនួនប្រមាណ ៥០០លានដុល្លារ និងទី៣-ខ្លួនបានលើកឡើងថា ដើម្បីជាកិច្ចគោរពជាទីសក្ការៈ ជូនចំពោះព្រះមហាក្សត្រ និងសម្ដេច តេជោនាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជាខ្លួនសុំលាឈប់ពីមុខងារជាឧកញ៉ាចាប់ពីថ្ងៃនេះតទៅ ។
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងលោក សុខ ប៊ុន ថ្មីៗនេះ ត្រូវបានប្រភពពីមន្រ្តីសមត្ថកិច្ចទម្លាយថា ជនបង្កបានរង នូវបណ្ដឹងព្រហ្មទណ្ឌមួយទៀត ដែលស្ដ្រីរងគ្រោះជនជាតិជប៉ុនប្ដឹងពីបទ «រំលោភសេពសន្ថវៈ» ដូច្នេះជនបង្ក ពិតជាមាន គំនិតទុច្ចរឹតប្រព្រឹត្ដមិនរៀងចាលគួរតែសមត្ថកិច្ចស្ថាប័នតុលាការមាន ចំណាត់ការក្នុងរឿងនេះ ដើម្បីផ្ដល់ភាពយុត្ដិធម៌ឲ្យគូភាគីទាំងសងខាង មិនមែនអាស្រ័យថា អ្នកមានលុយ មានអំណាច មានបុណ្យ ស័ក្ដិបក្ខពួក ខ្នងបង្អែក សុទ្ធតែមិនប្រឈមចំពោះមុខច្បាប់ សម្រាប់បទល្មើសដែលខ្លួនបានប្រព្រឹត្ដនោះទេ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល