CamNews

ព័ត៌មានអន្តរជាតិ 

បាតុកម្មប្រឆាំងនឹងចៅហ្វាយក្រុងកាន់សាសនាគ្រឹស្ទ បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស៨នាក់ នៅឥណ្ឌូនេស៊ី

យ៉ាងហោចមានមនុស្សស្លាប់ម្នាក់ និងរងរបួស៧នាក់ បន្ទាប់ពីបាតុកម្មរបស់មនុស្សចំនួន ៥ម៉ឺន
នាក់ ដែលទាមទារចាប់ខ្លួនចៅហ្វាយក្រុង Jakarta ប្រែក្លាយទៅជាអំពើហិង្សា។

លោកយាយម្នាក់បានស្លាប់ក្នុងអំពើហិង្សាខាងលើ អាចបណ្ដាលមកពីផ្សែងបង្ហូរទឹកភ្នែក នេះបើ
តាមអ្នកនាំពាក្យនគរបាល Jakarta ។ ចំណែកអ្នករងរបួស មានចំនួន ៧នាក់ គឺនគរបាល៣នាក់
និងប្រជាជន៤នាក់។
ការប៉ះទង្គិចគ្នានេះបានកើតឡើងកាលពីយប់ម្សិលមិញ រវាងនគរបាលនិងក្រុមបាតុករដែលប្ដេជ្ញា
មិនព្រមរំសាយខ្លួន។ នគរបាលបានបាញ់ផ្សែងបង្ហូរទឹកភ្នែក និងបាញ់ទឹកទៅលើបាតុករ ខណៈ
ដែលក្រុមបាតុករបានដុតបំផ្លាញរថយន្តនគរបាល៣គ្រឿង។ អំពើហិង្សានេះបានកើតឡើងនៅ
ក្បែរវិមានប្រធានាធិបតី ដែលក្រោយមកបានរាលដាលដល់តំបន់ក្រីក្រនៅភាគខាងជើងក្រុង
Jakarta។

ទីភ្នាក់ងារសារព័ត៌មាន AP ដកស្រង់សំដីរបស់លោក Widodo កាលពីព្រឹកមិញ ដែលថ្លែងនៅលើ
ទូរទស្សន៍ឱ្យដឹងថា “ពួកគេគួរណាស់តែរំសាយ ប៉ុន្តែ ជំនួសមកវិញ ពួកគេបែរជាប្រើអំពើហិង្សា។
ខ្ញុំសូមអំពាវនាវឱ្យបាតុករទាំងឡាយត្រឡប់ទៅផ្ទះ ដើម្បីទុកឱ្យសមត្ថកិច្ចធ្វើការប្រកបដោយយុត្ដិ
ធម៌”។

យោងតាមលោក Widodo អំពើហិង្សានេះបង្ហាញថា “អ្នកនយោបាយកំពុងតែកេងចំណេញលើ
ស្ថានភាព”។ លោក Widodo មិនបាននិយាយដល់អ្នកដែលត្រូវទទួលខុសត្រូវ ប៉ុន្តែ មុននេះ អតីត
ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក Susilo Bambang Yudhoyono ធ្លាប់បាននិយាយនៅលើកញ្ចក់
ទូរទស្សន៍ថា លោកគាំទ្រគម្រោងធ្វើបាតុកម្មធំៗនៅប្រទេសនេះ។

បាតុកម្មនេះបានកើតឡើង ដោយសារមានការចោទប្រកាន់ថា លោក Basuki Tjahaja Purnama
ចៅហ្វាយក្រុង Jakarta បានមើលងាយសាសនាអ៊ីស្លាម នៅពេលបានរិះគន់បណ្ដាអ្នកប្រឆាំងនឹង
លោក ដោយប្រើប្រាស់ឃ្លាមួយក្នុងគម្ពីរ Koran ដើម្បីវាយប្រហារ នៅមុនការបោះឆ្នោតនៅខែ
កុម្ភៈ។ លោក Purnama ក្រោយមក បានធ្វើការសុំទោសអំពីការថ្លែងរបស់ខ្លួន។ លោក Purnama
គឺជាអ្នកកាន់សាសនាគ្រឹស្ទ និងជាចៅហ្វាយក្រុងដើមកំណើតចិនដំបូងរបស់ក្រុង Jakarta៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ AP


Tags: បាតុកម្ម ឥណ្ឌូនេស៊ី