CamNews

ព័ត៌មានអន្តរជាតិ 

ហេតុអ្វីយន្តហោះចម្បាំងរបស់កម្លាំងធ្វើរដ្ឋប្រហារ មិនបាញ់យន្ដហោះដឹកប្រធានាធិបតីតួកគី?

យន្ដហោះដឹកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានប្ដូរមកប្រើសញ្ញាជាយន្តហោះ
ស៊ីវិល ខណៈដែលក្រុមប្រឆាំងរារែកមិនហ៊ានបាញ់យន្តហោះស៊ីវិលនេះ។

ប្រធានាធីបតីតួកគី Erdogan កាលពីចុងសប្ដាហ៍កន្លង បានរួចផុតពីសេចក្ដីស្លាប់ ខណៈយន្ត
ហោះរបស់លោក ត្រូវបាន F-16 របស់ក្រុមធ្វើរដ្ឋប្រហារតម្រង់ត្រៀមនឹងបាញ់។

ប្រធានាធិបតីតួកគី Recep Tayyip Erdogan

បន្ទាប់ពីយន្តហោះ Gulfstream ដែលដឹកលោក Erdogan ហោះឡើងពីតំបន់លំហែកាយនៅ
Marmaris ទៅកាន់ Istanbul ក៏ស្រាប់តែមានយន្តហោះចម្បាំង F-16 ពីរគ្រឿងរបស់ក្រុមធ្វើរដ្ឋ
ប្រហារ បានហោះមកក្បែរ និងត្រៀមបាញ់ទម្លាក់យន្តហោះ Gulfstream។

គ្រាន់តែប្រើកាំភ្លើងយន្តមួយដើម និងកាំជ្រួច Sidewinder មួយគ្រាប់ យន្តហោះ F-16 របស់កង
កម្លាំងធ្វើរដ្ឋប្រហារ អាចនឹងបាញ់ទម្លាក់យន្តហោះ Gulfstream ដើម្បីធ្វើឃាតប្រធានាធិបតី
Erdogan។ ប៉ុន្តែ F-16 របស់កងកម្លាំងធ្វើរដ្ឋប្រហារ មិនបានបាញ់នោះទេ ដូច្នេះ យន្ដហោះរបស់
លោក Erdogan បានចុះចតដោយសុវត្ថិភាព នៅព្រលានយន្តហោះអន្ដរជាតិ Ataturk នៅក្រុង
Istanbul។ អតីតមន្ត្រីតួកគីម្នាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា “មូលហេតុដែលយន្ត
ហោះចម្បាំងរបស់ក្រុមធ្វើរដ្ឋប្រហារ មិនបាញ់ នៅតែជារឿងអាថ៌កំបាំងមួយ”។

ប៉ុន្តែ បើយោងតាមការបកស្រាយរបស់ទំព័រ Daily Beast ប្រការខាងលើនេះ អាចកើតឡើង
ដោយសារតែយន្តហោះដឹកប្រធានាធិបតី Erdogan បានប្ដូរសញ្ញាមកជាសញ្ញាស៊ីវិល។ យន្ត
ហោះ Gulfstream ដឹកលោក Erdogan បានប្រើសញ្ញាជាជើងយន្តហោះ THY 8456 ដែលជា​ជើងយន្ដហោះស៊ីវិលរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines។ ឆ្លើយតបក្នុងកិច្ចសម្ភាស
មួយ នៅលើទូរទស្សន៍ CNN លោកប្រធានាធិបតី Erdogan មិនបាននិយាយដល់វិធីដែលលោក
បានធ្វើខាងលើនោះទេ ដោយលោកគ្រាន់តែថ្លែងថា “ដោយសារតែមានការច្រឡំក្នុងការប្រើ
សញ្ញាទំនាក់ទំនង”។

បន្ទាប់ពីហោះឡើង F-16 របស់កម្លាំងធ្វើរដ្ឋប្រហារ ក៏បានចាប់ផ្ដើមស្វែងរកគោលដៅ គឺយន្ដ
ហោះ Gulfstream ដែលដឹកលោក Erdogan (យន្តយន្តពាណិជ្ជកម្ម)។ នៅពេលមកក្បែរយន្ត
ហោះ Gulfstream ដែលមានសញ្ញាជាយន្តហោះស៊ីវិល យន្ដហោះចម្បាំង F-16 របស់ក្រុមធ្វើ
រដ្ឋប្រហារ បែរជាមិនហ៊ានបាញ់។ David Cenciotti អ្នកជំនាញការផ្នែកអាកាសចរណ៍ជនជាតិ
អ៊ីតាលី នៃទំព័រ The Aviationist បានអះអាងថា “ការខ្លាចបាញ់ច្រឡំ អាចជាកត្តាមួយ ធ្វើឱ្យ
យន្តហោះ F-16 របស់ក្រុមធ្វើរដ្ឋប្រហារ សម្រេចចិត្តមិនបាញ់”។

អ្នកជំនាញការ David Cenciotti ក៏បានបកស្រាយអំពីមូលហេតុដែលយន្តហោះចម្បាំង F-16
របស់ក្រុមរដ្ឋាភិបាល មិនបាញ់យន្តហោះផ្គត់ផ្គង់ប្រេង KC-135 របស់កងកម្លាំងធ្វើរដ្ឋប្រហារ
ខណៈដែលយន្តហោះនេះ ត្រូវបានគេរារាំងនៅលើតំបន់ប្រជុំជននៅភាគខាងជើងតួកគី កាល
ពីថ្ងៃទី ១៦កក្កដា។ លោក David Cenciotti យល់ថា ការមិនបាញ់យន្តហោះ KC-135 នេះ អាច​បណ្ដាលមកពីយន្តហោះនេះផ្ទុកប្រេងសាំងយ៉ាងច្រើន ហើយបើបាញ់ទម្លាក់នោះ វានឹងមាន
ការផ្ទុះឆេះខ្លាំង បណ្ដាលឱ្យមនុស្សជាច្រើននៅលើដី ត្រូវបាត់បង់ជីវិត។

កងកម្លាំងធ្វើរដ្ឋប្រហារនៅតួកគី ត្រូវបានគេជឿថា បានកាន់កាប់យន្ដហោះចម្បាំង F-16 យ៉ាង
តិច៤គ្រឿង យន្តហោះ KC-135 ប្រហែល ៤គ្រឿង យន្តហោះ Blackhawk យ៉ាងតិច ២គ្រឿង
ឧទ្ធម្ភាគចក្រ Cobra យ៉ាងតិច ១គ្រឿង ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ AS532 ២គ្រឿង និងយន្ដ
ហោះដឹកទំនិញ C-160 និង C-130 ប្រហែល ៦គ្រឿង។ល។

ប្រែសម្រួល ៖ បុត្រា


Tags: កងទ័ព ទួគី រដ្ឋប្រហារ តួកគី