នៅក្នុងសុន្ទរកថាមួយ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានក្រើនរំលឹកអំពីការកើនឡើងភាពតានតឹងផ្នែកនយោបាយ និងសង្គម ព្រមទាំងអស្ថិរភាព នៅទូទាំងពិភពលោក ដោយលោក បានជំរុញឱ្យមានការគោរពច្បាប់មនុស្សធម៌អន្តរជាតិ។
លោក Guterres បានសង្កត់ធ្ងន់ចំពោះ "ការគំរាមកំហែង និងការធ្វើតេស្ដអាវុធ" ទាំង ៧ ដែលគ្រប់ប្រទេសទាំងអស់ នៅជុំវិញពិភពលោកកំពុងប្រឈមមុខគឺ ការកើនឡើងគ្រោះថ្នាក់នៃជម្លោះនុយក្លេអ៊ែរ អំពើភេរវកម្មអន្តរជាតិ ការបន្តរំលោភច្បាប់មនុស្សធម៌អន្ដរជាតិ ការប្រែប្រួលអាកាសធាតុ វិសមភាព សុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត និងវិបត្តិជនភៀសខ្លួន។
លោក Guterres ក៏បានថ្កោលទោសផងដែរ ចំពោះការធ្វើតេស្ដមីស៊ីលជាច្រើនលើក ដែលកំពុងត្រូវបានអនុវត្ត ដោយរដ្ឋាភិបាលកូរ៉េខាងជើង និងបានស្នើឱ្យប្រទេសនេះ គោរពតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអនុម័តជាឯកច្ឆន្ទកាលពីសប្តាហ៍មុន ដែលបានដាក់ទណ្ឌកម្មថ្មីជាច្រើន ទៅលើកូរ៉េខាងជើង។
នៅចុងបញ្ចប់នៃសុន្ទរកថារបស់ខ្លួន លោក Guterres បានថ្លែងថា៖” យើងត្រូវធ្វើកំណែទម្រង់ពិភពលោករបស់យើង ហើយខ្ញុំ បានប្តេជ្ញាចិត្ដធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ។ យើងបានរួមគ្នាចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ដ៏ទូលំទូលាយមួយ ដើម្បីកសាងប្រព័ន្ធអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដល់រដ្ឋនានាក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិតរស់នៅរបស់ប្រជាជន ដើម្បីពង្រឹងសមត្ថភាពរបស់យើង ដើម្បីការពារសន្តិភាព សន្ដិសុខ និងសិទ្ធិរបស់ប្រជាជន និងដើម្បីទទួលយកការអនុវត្តផែនការគ្រប់គ្រង ដែលជំរុញគោលដៅទាំងនោះឱ្យរីកចម្រើន ជំនួសឱ្យការរារាំងដល់ការរីកចម្រើនទាំងនោះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist