ភ្នំពេញ៖ នេះជាមោទនភាពមួយ ចំពោះកីឡាការិនីកម្ពុជា ស៊ន សៀវម៉ី និងប្រជាជនកម្ពុជាទាំងមូល ដែលនាងបានទទួលជ័យជំនះ ក្នុងព្រឹត្តិការណ៍ កីឡា Asian Games លើកទី១៧ នៅក្នុងទីក្រុង អ៊ីនឈួន ប្រទេសកូរ៉េខាងត្បូង ខណៈកម្ពុជា ខកខានមិនបាន បញ្ជូនក្រុមកីឡាករ ទៅចូលរួមប្រកួត អស់រយៈពេល៤០ឆ្នាំមកហើយ ។ ជាមួយនឹងជ័យជំនះ ដ៏ធំធេងនេះ គេសង្កេតឃើញថា ទាំងថ្នាក់ដឹកនាំ ក្នុងរដ្ឋាភិបាល មន្ត្រីគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋទូទៅ ជាពិសេសមន្រ្តី បេសកកម្មក្រុមអត្តពលិក បានសម្តែងអារម្មណ៍ ត្រេកអរជាពន់ពេក ជាមួយនឹងជោគជ័យនេះ ។
ងាកមកចាប់អារម្មណ៍ តារាចម្រៀងល្បីៗកម្ពុជា២ដួង គឺលោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ក៏បានបញ្ចេញ សារស្តែង ពីទឹកចិត្តរបស់ខ្លួន ក្នុងនាមជាប្រជាជាតិខ្មែរ តែមួយចូលរួមសម្តែង ក្តីអបអរសាទរ ដល់កីឡាការិនី ស៊ន សៀវម៉ី ដែលបានឈ្នះ មេដាយមាសជាប្រវត្តិសាស្រ្ត ជូនជាតិកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមយក្ស Facebook ដើម្បី បញ្ជាក់ពីការចូលរួម ចំណែកលើកស្ទួយ វិស័យកីឡា លើកទឹកចិត្តអ្នកកីឡា ទោះបីក្នុងនាមពួកគេទាំងពីរ ជាអ្នកសិល្បៈក៏ ដោយ ។
លោក ព្រាប សុវត្ថិ តារាចម្រៀងល្បីឈ្មោះ ជាង១ទសវត្សរ៍ បានសរសេរសារថ្លែង អបអរសាទរ ក្នុងបណ្តាញ Facebook របស់លោក ថា “ខ្ញុំសប្បាយចិត្ត ដែលយើង (កម្ពុជា) មានកីឡាការិនីម្នាក់ ដ៏ឆ្នើមដែលបានទទួលជ័យលាភី ពានរង្វាន់មេដាយមាស ជូនជាតិ ។ នេះជាមោទនភាពមួយ សម្រាប់យើងជាខ្មែរ នៅក្នុងឆាកអន្តរជាតិ ។ អរគុណសម្រាប់ការគាំទ្រនូវកីឡា និងកីឡាករ-កីឡាការិនីខ្មែរ” ។
ជាមួយគ្នានេះ តារាចម្រៀងក្នុងទ្រនំ ជាមួយគ្នា ឱក សុគន្ធកញ្ញា ក៏បានថ្លែង តាមរយៈ Facebook របស់នាងស្រដៀងគ្នា ដែរថា "អបអរសាទរដល់ប្អូនស្រី ស៊ន សៀវម៉ី ដែលបានទទួលជ័យលាភី មេដាយមាស ក្នុងការប្រកួតកីឡា តេក្វាន់ដូ នៅប្រទេសកូរ៉េ ថ្ងែនេះ វាជាមោទនភាពមួយ យ៉ាងធំសម្រាប់ខ្មែរ ដែលបានឈ្នះការប្រកួតនេះ សូមសរសើរដល់ការប្រឹងប្រែង របស់ប្អូន រហូតដល់ទទួលបាន ជោគជ័យ បងសង្ឃឹមថា កម្ពុជានឹងទទួលបានកិត្តិយស បែបនេះបន្តទៅទៀត" ។
ការថ្លែងសារ របស់តារាចម្រៀងល្បីៗទាំងពីរដួងនេះ បានសបញ្ជាក់ ឲ្យឃើញថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ មិនថា តែអ្នកសិល្បៈ ឬប្រជាជនសាមញ្ញទូទៅ នោះទេ ក៏ទទួលបាននូវមុខមាត់ កិតិ្តយសនៅលើឆាក អន្តរជាតិ តាមរយៈវិស័យកីឡា ពោលគឺកីឡាការិនី ស៊ន សៀវម៉ី ឈ្នះមេដាយមាស នេះឯង ។ ដូច្នេះអ្វីដែលយើងត្រូវ ចូលរួមបន្តនៅពេលនេះ គឺការគាំទ្រ លើកស្ទួយយ៉ាងពេញទំហឹង ជាមួយនឹងជ័យជំនះ ជាប្រវត្តិសាស្រ្តនេះ ខណៈដែលកូនខ្មែរ ជំនាន់ក្រោយ គួរងាកមកចាប់អារម្មណ៍ ចំពោះវិស័យកីឡា ដែលធ្វើឲ្យយើងចៀសផុត នូវអំពើប្រាស់ចាក ពីសីលធម៌សង្គមទាំងឡាយ និងដើម្បីឲ្យខ្មែរយើងលេចធ្លោ នៅលើឆាកអន្តរជាតិ ទ្វេរឡើង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល