រាជធានីភ្នំពេញ ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០១៧
ពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១៧ គឺជាការប្រកួតប្រជែងមួយដែលផ្តល់នូវពានរង្វាន់ចំពោះសមិទ្ធិផលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដែលមានភាពច្នៃប្រឌិតខ្ពស់បំផុតក្នុងប្រទេស រៀបចំឡើងដោយ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដើម្បីបង្ហាញនូវអ្នកឈ្នះពានរង្វាន់ប្រចាំឆ្នាំនេះ។ បេក្ខភាពដែលទទួលបានជ័យលាភីចំនួនបីរូបត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខភាពចំនួន ៣៧ មកពីបណ្តាក្រសួង ក្រុមហ៊ុនឯកជន ក្រុមហ៊ុនធុរកិច្ចដែលទើបនឹងបង្កើត និងអង្គការក្រៅរដ្ឋាភិបាល។ បេក្ខជនតម្រូវឲ្យការពារគម្រោងរបស់ពួកគេនៅចំពោះមុខចៅក្រមដែលមកពីវិស័យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងសង្គមស៊ីវិល។ កម្មវិធីក្នុងឆ្នាំ ២០១៧នេះអាចកើតឡើងបានដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Ezecom ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន E.co ក្រុមហ៊ុន T.O. Group ក្រុមហ៊ុន ប្រៃសណីយ៍កម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា។
មេដាយមាស៖ JAILBREAK The Game បង្កើតឡើងដោយ Direct Play
ពានរង្វាន់ដំបូងដែលមានទឹកប្រាក់ចំនួន ១០,០០០ ដុល្លារអាមេរិកត្រូវបានប្រគល់ជូនទៅ Direct Play សម្រាប់ JAILBREAK The Game គឺជាហ្គេមទូរសព្ទ័ផ្លូវការមួយដែលបានរចនាឡើងបន្ទាប់ពីខ្សែភាពយន្តខ្មែរមានចំណងជើងថា Jailbreak ។ វាគឺជាហ្គេមសកម្មមួយដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ហើយត្រូវបានអភិវឌ្ឍន៍នៅប្រទេសកម្ពុជាដោយអ្នកអភិវឌ្ឍន៏ជនជាតិខ្មែរក្នុងភាពជាដៃគូជាមួយផលិតករខ្សែភាពយន្ត។ ត្រឹមតែរយៈពេល ៤៨ម៉ោងបន្ទាប់ពីការដាក់បង្ហាញ ហ្គេមនេះបានទទួលការដោនឡូតរហូតដល់ ២០K ហើយបច្ចុប្បន្នមានអ្នកលេងហ្គេមជាង ១០៤K ។
មេដាយប្រាក់៖ Bong Pheak បង្កើតឡើងដោយ Open Institute
Open Institute ទទួលបានពានរង្វាន់ទី 2 ដែលមានទឹកប្រាក់ចំនួន ៣,០០០ ដុល្លារអាមេរិកសម្រាប់កម្មវិធី Bong Pheak ។ Bong Pheak គឺជាសេវាកម្មការងារដែលបានបើកដំណើរការនៅខែតុលាឆ្នាំ ២០១៦ ដែលដាក់បង្ហាញនូវការងារគ្មានជំនាញ និងការងារប្រើជំនាញតិចតួច។ ផ្អែកតាមការស្ទាបស្ទង់ភាគច្រើនប្រពន្ធ័អ៊ីនធើណេតតែម្យ៉ាងមិនមានភាពគ្រប់គ្រាន់ក្នុងការទៅដល់អ្នកដែលមិនអាចធ្វើការចូលទៅកាន់ទិន្នន័យនោះបានឡើយ ដូច្នេះ Bong Pheak នឹងធ្វើការផ្សព្វផ្សាយការងារតាមអ៊ីនធើណេត និងតាមរយះសម្លេងដោយស្វ័យប្រវត្តិដែលបញ្ជូនទៅឱ្យកម្មករសក្តានុពលតាមរយៈការហៅទូរស័ព្ទ។ សេវាកម្មនេះមានអ្នកតាមដានតាមរយៈហ្វេសប៊ុកចំនួន ១០០,០០០ នាក់រួចហើយ ហើយមានការបង្ហាញផងដែរនូវការងារចំនួន ៦,០០០ ដំណែងក្នុងរយៈពេលប្រាំពីរខែដែលនាំឱ្យមានបេក្ខជនដាក់ពាក្យចំនួន ៤,០០០ ។
Bong Pheak ក៏ទទួលបានពានរង្វាន់ដ៏ល្អបំផុតផងដែរនៅក្នុងប្រភេទ CSR ។
មេដាយសំរឹទ្ធិ៖ ប្រព័ន្ធចុះបញ្ជីរថយន្តស្វ័យប្រវត្តិ ដោយក្រសួងសាធារណការនិងដឹកជញ្ជូន
ចុងបញ្ចប់អ្នកឈ្នះរង្វាន់ទី ៣ នៃការប្រកួតគឺ ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានចំនួនទឹកប្រាក់១,០០០ ដុល្លារអាមេរិកដើម្បីអភិវឌ្ឍគម្រោងរបស់ខ្លួនបន្តទៀតលើផ្នែកយានយន្តស្វ័យប្រវត្តិ និងត្រូវបានប្រគល់ជូនរង្វាន់ល្អបំផុតផងដែរក្នុងវិស័យសាធារណៈ។ ប្រព័ន្ធថ្មីនេះអនុញ្ញាតឱ្យពលរដ្ឋចុះឈ្មោះរថយន្តរបស់ពួកគេតាមរយៈកម្មវិធីអនឡាញ ដែលអាចសន្សំសំចៃពេលវេលានិងថវិកា និងលុបបំបាត់ជាលំដាប់នូវការបង់ប្រាក់ក្រៅផ្លូវការ។ ការចុះឈ្មោះនិងការទូទាត់ប្រាក់ត្រូវបានធ្វើឡើងតាមប្រពន្ធ័អ៊ីនធើណេត។ មួយឬពីរថ្ងៃក្រោយមក ប្រជាពលរដ្ឋអាចទទួលបានបណ្ណ័សំគាល់យានយន្ត និងស្លាកលេខ។ វិធានការនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី ៣ នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានបំណងសម្រួលដំណើរការនិងកាត់បន្ថយការធ្វើក្រដាសស្នាម។
ក្រុមហ៊ុនមួយចំនួនដែលចូលមកដល់វគ្គផ្តាច់ព្រាត់ក៏ត្រូវបានអបអរសាទរនិងបានប្រគល់ពានរង្វាន់លើ "ការអនុវត្តល្អបំផុត" ។ ក្រុមហ៊ុន Tesjor ដែលជាសេវាដឹកជញ្ជូនម្ហូបអាហារត្រូវបានកត់សម្គាល់ផងដែរនៅក្នុងវិស័យឯកជន Sokhakrom ដែលជាប្រភេទវេទិកាថែរក្សាសុខភាពដែលមានការចាប់អារម្មណ៍ខ្លាំងក្នុងប្រភេទក្រុមហ៊ុនដែលទើបតែបង្កើតឡើង Osjar AR - ការអភិវឌ្ឍន៏ Virtual Reality នៅក្នុងប្រភេទឌីជីថល និងហាងកាហ្វេរ៉ូបដែលជាមនុស្សយន្តដែលអាចរៀបចំ និងបម្រើកាហ្វេបាន - នៅក្នុងប្រភេទស្រាវជ្រាវ និងការអភិវឌ្ឍន៍។
លោក Stephen Paterson អ្នកសម្របសម្រួលរបស់ Mekong Business Plan Challenge និងជាសមាជិកនៃគណៈកម្មាធិការវិនិច្ឆ័យបានមានប្រសាសន៍ថា៖ យើងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគុណភាពនៃបេក្ខភាពដែលយើងទទួលបាននៅក្នុងឆ្នាំនេះ ។ ពួកគេពិតជាមានស្មារតីសហគ្រិនពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ហើយយើងមានសេចក្តីសោមនស្សរីករាយដែលព្រឹត្តិការណ៍ ដូចជាពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកើតមានឡើង ដើម្បីលើកទឹកចិត្តដល់សហគ្រិនវ័យក្មេង និងទទួលបានចំណាប់អារម្មណ៍ពីមហាជន។ ការប្រកួតប្រជែងពិតជាមានភាពតឹងតែង ប៉ុន្តែយើងជឿជាក់ថាបេក្ខជនជ័យលាភីបីរូបនេះពិតជាមានទំាងភាពច្នៃប្រឌិត និងគុណភាពនៃផលិតផលដែលពួកគេផ្តល់ជូន។
តើអ្វីជាជំហានបន្ទាប់សម្រាប់ជ័យលាភី និងបេក្ខភាពដែលឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ?
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានថ្នាក់អាស៊ានក្នុងឆ្នាំនេះ។ នៅឆ្នាំ ២០១៦ មានក្រុមហ៊ុនចំនួន ១១ ដែលបានចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់តំបន់ហើយក្នុងចំណោមក្រុមហ៊ុនទំាងនោះ មានក្រុមហ៊ុនចំនួនពីរដែលបានទទួលពានរង្វាន់សម្រាប់ផលិតផលរបស់ពួកគេ។ បេក្ខជនជ័យលាភីក្នុងឆ្នាំនេះក៏នឹងអាចចូលរួមក្នុងកម្មវិធីនៅខែវិច្ឆិកាខាងមុខផងដែរ ដែលជាការប្រកួតប្រជែងលើការច្នៃប្រឌិតល្អបំផុតនៅក្នុងតំបន់ និងសង្ឃឹមថាអាចនាំយកពានរង្វាន់ត្រឡប់ទៅវិញ។
ចំពោះព្រះរាជាណាចក្រកម្ពុជា វិទ្យាស្ថានជាតិ NIPTICT ក៏បានគ្រោងទុករួចរាល់ហើយចំពោះការរៀបចំកម្មវិធីនេះជាលើកទី៤ក្នុងឆ្នាំ ២០១៨ និងចាប់ផ្តើមបើកទទួលពាក្យនៅដើមឆ្នាំក្រោយនេះផងដែរ។ ដើម្បីទទួលបានពត៌មានថ្មីៗអំពីកម្មវិធីនេះ សូមចូលទៅកាន់ www.facebook.com/cambodiaictawards ឬ ចូលទៅកាន់គេហទំព័រ http://www.cambodiaictaward.com/
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក ស៊ុន រ៉ាពីដ
អនុប្រធានវិទ្យាស្ថានជាតិ (NIPTICT)
rapid@niptict.edu.kh
+855 (0)16 868984
ព័ត៌មានអំពីពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា
ពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដើម្បីលើកកម្ពស់និងផ្តល់នូវពានរង្វាន់ចំពោះសមិទ្ធិផលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា(ICT) ដែលមានភាពច្នៃប្រឌិតខ្ពស់បំផុតក្នុងប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំជ័យលាភីទទួលបានរង្វាន់ចាប់ពី ១,០០០ ទៅ ១០,០០០ ដុល្លារអាមេរិកដើម្បីអភិវឌ្ឍក្រុមហ៊ុនរបស់ពួកគេ និងធ្វើការវិវត្តមុខជំនួញរបស់ពួកគេឆ្ពោះទៅកម្រិតបន្ទាប់។
បន្ទាប់ពីការជម្រុះនៅជុំដំបូង មានតែបេក្ខភាពចុងក្រោយចំនួន ១២ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសដើម្បីបង្ហាញពីគម្រោងរបស់ពួកគេនៅចំពោះមុខគណៈវិនិច្ឆ័យដែលមានសមាសភាពតំណាងដូចជាខាងផ្នែកអាជីវកម្ម អ្នកតំណាងផ្នែកសង្គមស៊ីវិលទាក់ទងនឹងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ។ គម្រោងនេះត្រូវបានវិនិច្ឆ័យដោយផ្អែកលើភាពច្នៃប្រឌិតរបស់ពួកគេ ការផ្តល់នូវផលប្រយោជន៍ដល់សង្គម គុណភាព និងភាពជឿជាក់នៃផលិតផល និងបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងគម្រោងនេះ។
BookmeBus SmartPay និង Tosfun មានសំណាងបានឈ្នះរង្វាន់ពីកម្មវិធីនេះក្នុងឆ្នាំ ២០១៦ ។
ពត៌មានអំពីវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)
វិទ្យាស្ថានជាតិ NIPTICT គឺជាស្ថាប័នស្រាវជ្រាវនិងបណ្តុះបណ្តាលដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។ បេសកកម្មរបស់ពួកគេគឺដើម្បីអភិវឌ្ឍវិជ្ជាជីវៈដែលមានសមត្ថភាពនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលនឹងដើរតួនាទីឈានមុខគេនៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងការធ្វើសមាហរណកម្មរបស់ខ្លួនទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ វិទ្យាស្ថាន NIPTICT បានចាប់ផ្តើមពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាក្នុងឆ្នាំ ២០១៥ ហើយបានរៀបចំការប្រកួតប្រជែងចាប់តាំងពីពេលនោះមក។
សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.niptict.edu.kh
ពត៌មានអំពីក្រុមហ៊ុនស្មាត អាស្យាតា ក្រុមហ៊ុនឧបត្ថម្ភកម្មវិធីធំ
ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុនគេ ក្នុងប្រទេសកម្ពុជា ដែលសព្វថ្ងៃនេះកំពុងបម្រើអតិថិជនជាង ៨ លាននាក់ក្រោមស្លាកសញ្ញា “ស្មាត” ។ ស្មាត អាស្យាតា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាសម្ព័ន្ធទូរគមនាគមន៍ ធំជាងគេមួយក្នុងទ្វីបអាស៊ី មានអតិថិជនសរុបជាង ៣០០ លាននាក់ នៅក្នុង១០ ប្រទេស។
ក្នុងខែមករា ឆ្នាំ២០១៤ ស្មាត បានដាក់ដំណើរការបណ្តាញ 4G LTE របស់ខ្លួន ហើយបានក្លាយជាប្រតិបត្តិករដំបូងបង្អស់ ក្នុងប្រទេសកម្ពុជាដែល ផ្ដល់សេវានេះ។ សេវា 4G LTE របស់ ស្មាត ផ្តល់ជូនអ៊ិនធឺណិតទូរស័ព្ទល្បឿនលឿនបំផុតក្នុងប្រទេសកម្ពុជា ហើយបានគ្របដណ្តប់ទូទាំង២៥រាជធានីខេត្ត ក៏ដូចជាក្រុងសំខាន់ៗដទៃទៀតផងដែរ ។ បន្ថែមពីលើនេះទៀត ស្មាត ក៏
ផ្តល់ជូនផងដែរនូវ សេវាទូរស័ព្ទ 2G, 2.5G, 3G និង 3.75G ដែលអាចប្រើប្រាស់ជាមួយនឹងពហុប្រព័ន្ធផ្សព្វផ្សាយ និងសេវាអ៊ិនធឺណិតទូរស័ព្ទ ចុងក្រោយបំផុត និងសេវា roaming អន្តរជាតិនៅជាង ១៩០ ប្រទេស ។ នាពេលបច្ចុប្បន្ននេះ បណ្តាញរបស់ ស្មាត បានគ្របដណ្តប់ទៅដល់ប្រជាជនកម្ពុជាច្រើនជាង ៩៨% ទូទាំងប្រទេស ។ កាលពីខែកញ្ញា ឆ្នាំ 2016 ក្រុមហ៊ុន ស្មាតបានបើកដំណើរការបណ្តាញ 4G + ដើម្បីរក្សាភាពជាអ្នកដឹកនាំផ្នែកទិន្នន័យអ៊ិនធឺណិតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ពត៌មានអំពីក្រុមហ៊ុន អ៊ីហ្ស៊ីខម
ក្រុមហ៊ុន អ៊ីហ្ស៊ីខម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើម្បីបម្រើសេចក្តីត្រូវការរបស់បណ្តាសហគ្រាសអាជីវកម្មទាំងឡាយ ព្រមទាំងអ្នកប្រើប្រាស់នៅតាមគេហដ្ឋាន ដែលកំពុងមានតម្រូវការកើនឡើងយ៉ាងឆាប់រហ័សក្នុងទីផ្សារកម្ពុជា។ បច្ចុប្បន្ន អ៊ីហ្ស៊ីខម ជាអ្នកផ្គត់ផ្គង់សេវាកម្មឈានមុខគេមួយ ផ្នែកទំនាក់ទំនងថ្មីៗយ៉ាងសម្បូរបែប រួមមានសេវាខ្សែកាប្លិ៍អុបទិក ការទំនាក់ទំនងជាសំឡេងតាមអ៊ីនធឺណិត (VoIP) ការតភ្ជាប់ក្នុងស្រុក (VPN) និងដំណោះស្រាយតាមអ៊ីនធឺណិត និងទូរគនាមគមន៍ដទៃទៀត។ ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានទិញយកក្រុមហ៊ុនខ្សែកាប្លិ៍អុបទិក Telcotech ដែលនឹងនាំមកនូវសេវាអ៊ិនធឺណិតដែលមានល្បឿនលឿន និងទុកចិត្តបំផុតមកកាន់ប្រទេសកម្ពុជាតាមរយៈការបង្កើតខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) និងទំនាក់ទំនងអន្តរជាតិនានារបស់ខ្សែកាប្លិ៍នេះ ៕
ដោយ ៖ គន្ធា