(ភ្នំពេញ)៖ ស្របពេលលីគកំពូលកម្ពុជា(C-League) ជើងទី២ នឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ ក្រុមក្រសួងការពារជាតិ ក៏បានប្រកាសនាំចូលកីឡាករកូរ៉េខាងជើង ២រូបបន្ថែមទៀត ដើម្បីបង្កើនភាពខ្លាំង និងសម្រេចមហិច្ឆតាឆ្ពោះទៅគ្រងតំណែងជើងឯកលីគ ឆ្នាំ២០១៦នេះផងដែរ ។
លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានឲ្យដឹងថា កីឡាករកូរ៉េខាងជើង ២រូបទៀតនេះ នឹងធ្វើដំណើរមកដល់កម្ពុជាយប់នេះ ហើយនៅថ្ងៃទី១៨ ខែមិថុនាចុងសប្ដាហ៍នេះ លោកនឹងដាក់សមាជិកថ្មីរបស់ក្រុមក្រសួងការពារជាតិនេះ ឲ្យបង្ហាញសមត្ថភាពលើទីលាន នៅពេលជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅលើទីលានស្ដាតចាស់ ។
គួរបញ្ជាក់ថា បច្ចុប្បន្នការពារជាតិ មានសមាជិក ២រូបជាកីឡាករកូរ៉េខាងជើងហើយ រួមមានកីឡាករ Kim Kyong Hun និង Choe Myong Ho ហើយពួកគេបានបង្ហាញទម្រង់លេងយ៉ាងល្អ និងបានជួយឲ្យក្រសួងការពារជាតិ ឈរកំពូលតារាងបណ្ដោះអាសន្នក្នុងការប្រកួតជើងទី១ទៀតផង ។ ពិសេសគឺ Choe Myong Ho ដែលបច្ចុប្បន្នកំពុងឈរកំពូលតារាង Top-Scorers ក្រោយរកបាន ១៤គ្រាប់ម្នាក់ឯង ។
គ្រូបង្វឹកខាងលើ បានបញ្ជាក់ថា «ចំពោះកម្រិតសមត្ថភាពសមាជិកថ្មី ២រូប ដែលមកជួយក្រសួងការពារជាតិនេះ គឺមានកម្រិតសមត្ថភាពប្រហែលគ្នានឹង Choe Myong Ho ដែរ ។ អ្វីដែលខ្ញុំចង់បានកូរ៉េខាងជើងមកនេះ ដោយសារការយល់ចិត្តដូចគ្នា ជាមួយនឹងកីឡាករកូរ៉េខាងជើងបច្ចុប្បន្ន ដែលពួកគេនឹងលេងខ្សែការពារម្នាក់ និងខ្សែប្រយុទ្ធម្នាក់ ដែលក្រុមយើងកំពុងខ្វះខាត» ។
លោកបានបន្ថែមទៀត នេះគឺជាទិសដៅឆ្ពោះទៅរក Champions ទើបក្លិបសម្រេចនាំកីឡាករមានសមត្ថភាពខ្ពស់ ដូចជាកីឡាករកូរ៉េខាងជើងខាងលើ ។ លោកថា ប្រសិនបើយើងបន្ដនាំចូលកីឡាករកម្រិតទាប នោះអ្វីនឹងមិនបានសម្រេចដូចការគ្រោងទុកនោះទេ ពោលគឺចាំបាច់ត្រូវមានការរៀបចំធនធានកីឡាករឲ្យបានល្អប្រសើរ ទើបជោគជ័យក្នុងការប្រកួតនានា ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង