ភ្នំពេញ៖ សំឡេងនៃបទស្មូត ខ្លងខែក បានបន្លឺឡើងយ៉ាងរន្ធត់ចិត្ត ធ្វើឲ្យតារា សម្តែងធ្លាប់ តែងបញ្ចេញសម្រស់ និងស្នាមញញឹម មិនចេះរីងស្ងួត កញ្ញា វណ្ណ ម៉ូនីកា រួមនឹងក្រុមគ្រួសារ បានហូរទឹកភ្នែកជោគជាំ ខណៈដែលម្តាយរបស់នាងបានទទួលមរណភាព នៅអាយុ៦០ឆ្នាំ ទាំងមិននឹកស្មាន ដោយរោគាពាធ កាលពីវេលាម៉ោងជាង១រំលង អាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ។
ជាមួយនឹងអារម្មណ៍សោកសៅ កញ្ញា វណ្ណ ម៉ូនីកា ដែលជាកូនបង្កើត នៃសពបានប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទថា «ចាស បង..! ពិតហើយ! គាត់បានទទួលមរណភាព នៅខេត្តបាត់ដំបង កាលពីម៉ោង១ និង១០នាទីយប់ថ្ងៃទី០៨ ហើយឥឡូវនេះ សពរបស់គាត់ ត្រូវបានបូជាហើយ កាលពីព្រឹកថ្ងៃទី៩ សីហា។ បច្ចុប្បន្នពួកយើង កំពុងតែគិតគូររៀបចំធ្វើ ពិធីបុណ្យគ្រប់ខួប៧ថ្ងៃ ឲ្យគាត់តាមប្រពៃណី..»។
ដោយសារតែកំពុង ជួបបញ្ហាទុក្ខធំពេញគ្រួសារ កញ្ញា វណ្ណ ម៉ូនីកា បានឲ្យដឹងបន្តថា ដោយមានទីលំនៅ ខេត្តបាត់ដំបង ដូច្នេះពិធីបុណ្យនៃសព នឹងត្រូវបានរៀបចំធ្វើឡើង នៅទីនោះតែម្តង ។ កញ្ញា វណ្ណ ម៉ូនីកា បានបញ្ជាក់ថា សម្រាប់ពិធីបុណ្យសព គម្រប់៧ថ្ងៃត្រូវបានរៀបចំឡើង នៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ការទទួលមរណភាព របស់អ្នកស្រី អ៊ឹង ហូវ ម្តាយរបស់តារាសម្តែង កញ្ញា វណ្ណ ម៉ូនីកា គឺជាការបាត់បង់សេចក្តីសុខ និងភាពកក់ក្តៅ ដ៏ធំបំផុត នៅក្នុងគ្រួសាររបស់តារារូបនេះ ខណៈដែលកន្លងមក ទាំងអ្នករស់នៅក្នុងសិល្បៈ និងក្រៅសិល្បៈបានដឹងយ៉ាងច្បាស់ថា អ្នកស្រីតែងចំណាយ ពេលយ៉ាងច្រើន ដើម្បីមើលថែកូនស្រីចាប់តាំងពីផ្តើម មានផ្ទៃពោះមកម្ល៉េះ។
តារាសម្តែងសាច់សខ្ចី កញ្ញា វណ្ណ ម៉ូនីកា បានរៀបរាប់ពាក់ព័ន្ធ នឹងការទទួលមរណភាព របស់ម្តាយនាងថា បើគិតមកទល់នឹងពេលគាត់ស្លាប់នេះ មិនមែនឆាប់ៗនោះដែរ ព្រោះគាត់បានធ្លាក់ខ្លួនឈឺ អស់រយៈពេលជាង២ឆ្នាំហើយ។ទាក់ទិនទៅនឹងការស្លាប់របស់ម្តាយ តារាសម្តែងល្បីលេចធ្លោ នាង វណ្ណ ម៉ូនីកា នេះត្រូវបាននាងបញ្ជាក់ថា អ្នកស្រី អ៊ឹង ហូវ ស្លាប់ដោយសារកើតជំងឺ មហារីកថ្លើម។
បន្ទាប់ពីទទួលបានដំណឹង នៃការទទួលមរណភាពម្តាយ របស់តារាសម្តែងកញ្ញា វណ្ណ ម៉ូនីកា ភ្លាមៗនេះ គេសង្កេតឃើញមានមិត្តភ័ក្តិ សិល្បៈជាច្រើនក៏ដូចជា មហាជនអ្នកគាំទ្រ ពិសេសអ្នកលេងហ្វេសប៊ុកបានសម្តែងអារម្មណ៍ចូលរួមរំលែកទុក្ខ និង សោកស្ដាយជាពន់ពេក ខណៈដែលតារា វណ្ណ ម៉ូនីកា បានបាត់បង់ម្ដាយជាទីស្រឡាញ់ គ្មានថ្ងៃត្រឡប់។ យ៉ាងណាមិញគេហទំព័រ LookingODAY ក៏សូមចូលរួម ចែករំលែកទុក្ខដ៏ក្រៀមក្រំ ជាទីបំផុត ចំពោះកញ្ញា វណ្ណ ម៉ូនីកា ក៏ដូចជាគ្រួសារ នៃសពផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល