មាន់ជល់អាយុ ១៦ ខែមួយក្បាល ដែលជាប់កំណត់ត្រាជល់ឈ្នះបីលើកជាប់ៗគ្នា ត្រូវបានម្ចាស់វាលក់បានតម្លៃ ១ លានបាត(២៩,៤៣៧.៧៥ ដុល្លារអាមេរិក)។ កាលពីថ្ងៃពុធកន្លងទៅអ្នកចូលចិត្តការប្រជល់មាន បាននាំគ្នាចោមរោមនៅកសិដ្ឋានជល់មាន់ Sum-an ក្នុងស្រុក Saraphi នៅខេត្ដភាគខាងជើងនៃប្រទេស ដើម្បីធ្វើជាសាក្សីពីការលក់សត្វមាន់ ដែលត្រូវបានគេនិយាយថា មានជល់នេះជាពូជមាន់ថៃ កាត់ភូមា។
ម្ចាស់កសិដ្ឋានលោក Charnnarong Chuenjit អាយុ ៣៦ ឆ្នាំបាននិយាយថា មាន់ជល់អាយុ ១៦ ខែនេះ មានទម្ងន់ ២,៦ គីឡូក្រាម ហើយវាជាមាន់មួយក្បាល ក្នុងចំណោមមាន់ចំនួន ៥០ ក្បាល ដែលចិញ្ចឹមនៅលើដីរបស់គាត់។ គាត់បានទិញសត្វមាន់នេះក្នុងតម្លៃ ៨០,០០០ បាតនៅពេលដែលវា មានអាយុតិចជាងមួយឆ្នាំ។
លោក Charnnarong បាននិយាយថា តម្លៃរបស់វា បានកើនឡើង បន្ទាប់ពីវាបានជល់ឈ្នះការប្រកួត ៣ លើកផ្ទួនៗគ្នា។ ដំបូង មាន់នេះត្រូវបានគេសុំទិញក្នុងតម្លៃ ៥០០,០០០ បាត ប៉ុន្ដែគាត់ពុំព្រមលក់ ។ ក្រោយមក គេសុំទិញវាពីគាត់ក្នុងតម្លៃ ១លានបាត ហើយគាត់ក៏យល់ព្រមលក់។
ម្ចាស់ថ្មី ដែលមានចិត្ដត្រេកអរក្រោយទទួលបានមាន់ជល់នេះ គឺមានឈ្មោះ Seksan Nanta អាយុ ៣០ ឆ្នាំជាម្ចាស់កសិដ្ឋាន Sirikanya ដែលស្ថិតនៅក្នុងស្រុក Saraphi ផងដែរ។
គាត់បាននិយាយថា គាត់បានមើលការប្រកួតលើកទី ២ និងលើកទី ៣ របស់មាន់ជល់នេះ ហើយគាត់មានការចាប់អារម្មណ៍ ជាមួយនឹងក្បាច់ប្រយុទ្ធរបស់វា។ នៅក្នុងការប្រកួតលើកទីពីរ វាបានផ្ដួលគូប្រកួតត្រឹមរយៈពេល ១៦ នាទី។ គាត់ដឹងច្បាស់ថា គាត់នឹងទិញវាយក។
លោក Seksan បាននិយាយថា លោកនឹងធ្វើការប្រកួតមាន់នេះ ជាមួយនឹងមាន់ដទៃទៀត ប៉ុន្តែគោលបំណងចម្បង គឺប្រើវាដើម្បីបង្កាត់ពូជជាមួយមេមាន់ ដែលមានបង្កាត់ពូជ ដោយមាន់ជល់មីយ៉ាន់ម៉ាតម្លៃ ៤ លានបាត ដែលគាត់មានរួចមកហើយ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Bangkokpost