CamNews

ព័ត៌មានអន្តរជាតិ 

ប្រធានា​ធិប​តី​ហ្វី​លី​ពីន ​បញ្ចេញ​​កំហឹង​​ចំពោះ​​ឯក​​អគ្គ​រដ្ឋ​​ទូត​​អាមេរិក​ និង​បាន​ហៅ​​មន្ត្រី

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលកំពុងតែល្បីល្បាញពាសពេញ សារព័ត៌មានអន្តរជាតិ តាមរយៈសម្តីដ៏ម៉ឺងម៉ាត់ និងចំណាត់ការក្តៅជាក់ស្តែងនោះ បានហៅឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំទីក្រុងម៉ានីលថា «មនុស្សខ្ទើយ» ជាការឆ្លើយតបទៅនឹងរដ្ឋបាលក្រុងវ៉ាស៊ីនតោន ដែលបានកោះហៅតំណាងទូតហ្វីលីពីន​នៅទីនោះ ទៅសួរនាំនាថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១៦។

ការថ្លែងរបស់លោក Duterte នេះ ក៏ជាការឆ្លើយតបទៅនឹងការលើកឡើង របស់អគ្គរដ្ឋទូតអាមេរិកលោក Philip Goldberg ដែលជាការបង្កភាពរកាំរកុះ​កាន់តែខ្លាំងផងដែរ ទៅលើវិស័យការទូតរវាងប្រទេសទាំងពីរ។ លោក Duterte ត្រូវបានសារព័ត៌មានដកស្រង់សម្តីនៅថ្ងៃពុធនេះថា «ដូចដែលអ្នកដឹងហើយថា ខ្ញុំកំពុងតែតទល់ជាមួយនឹង អគ្គរដ្ឋទូតរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃើរី។ អគ្គរដ្ឋទូតរបស់គាត់ជាខ្ទើយ និងជាកូនស្រីសំផឹង។ វាពិតជាបាន ធ្វើឲ្យខ្ញុំក្តៅក្រហាយខ្លាំងណាស់ »។

គួរបញ្ជាក់ថាលោក Duterte វ័យ ៧១ឆ្នាំបានឡើងកាន់អំណាចក្រោយពីបាន ឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ដោយសារតែការប្តេជ្ញាដ៏មុតមាំក្នុងការដោះស្រាយបញ្ហាចម្បងៗ ដែលប្រជាជនហ្វីលីពីនចង់បាន។ ងាកមកមើលភាព រកាំរកុះជាមួយអគ្គរដ្ឋទូតអាមេរិកលោក Goldberg វិញបានកើតឡើងជាលើកដំបូង នៅដែលលោក Duterte បាន និយាយថាលោកធ្លាប់មានបំណងចាប់រំលោភ ស្ត្រីអ្នកផ្សព្វផ្សាយសាសនាមួយរបស់អូស្ត្រាលី ដែលត្រូវបានគេរំលោភ និងសម្លាប់ក្នុងគុកមួយនៃទីក្រុង Davao ទីដែលលោក Duterte ធ្លាប់កាន់កាប់រយៈពេល ២ទសវត្សរ៍។

ទាំងលោក Goldberg និងអគ្គរដ្ឋទូតអូស្ត្រាលី បានសម្តែងក្តីមិនពេញចិត្តជាខ្លាំងដូចគ្នា ចំពោះការលើកឡើង​ របស់លោក Duterte។ នៅថ្ងៃសុក្រនោះ លោក Duterte បានបកស្រាយថាលោកមានភាពវិលវល់ខ្លាំង ដោយត្រូវចេញសេចក្តីថ្លែងការណ៍នៅទីនេះ និង ទីនោះ ហើយលោកពិតជាគ្មានចេតនា នៅក្នុងការធ្វើបែបនោះឡើយ។ ការកោះហៅអគ្គរដ្ឋទូតហ្វីលីពីនទៅសួរនាំនោះ ត្រូវបានមន្ត្រីក្រសួងការបរទេសអាមេរិក បញ្ជាក់ថាជាការបង្ហាញពី ចំណងមិត្តភាពដែលនៅតែល្អដដែលរវាង អាមេរិក និងហ្វីលីពីន៕



ប្រភព ៖ CNA


Tags: Philippine US ambassador Obama