ភ្នំពេញ៖ ជ័យជំនះជើងទី១ លើក្រុមជម្រើសជាតិម៉ាកាវ ក្នុងលទ្ធផល ៣-០ កាលពីល្ងាចថ្ងៃទី១២ មីនាកន្លងទៅ គឺជាសមិទ្ធផលដ៏ល្អប្រសើរបំផុត សម្រាប់ម្ចាស់ផ្ទះកម្ពុជា ក្នុងដំណើរដ៏វែងឆ្ងាយ ដើម្បីឡើងបន្ដទៅវគ្គជម្រុះប្រចាំទ្វីបអាស៊ី នៃពានរង្វាន់បាល់ទាត់ពិភពលោក(World Cup) ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ។
ប៉ុន្ដែជ័យជំនះក្នុងទឹកដីនេះ មិនបានធ្វើឲ្យលោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា សប្បាយចិត្តខ្លាំងណាស់ណានោះទេ ដោយលោកគ្រាន់តែកោតសរសើរកីឡាកររបស់ខ្លួន ដែលព្យាយាមសហការគ្នាលេងបានយ៉ាងល្អ ដើម្បីបំបាក់ក្រុមភ្ញៀវម៉ាកាវ មិនឲ្យរកគ្រាប់បាល់បានសូម្បីតែមួយគ្រាប់ឡើយ ។ ទន្ទឹមជាមួយនោះ លោកក៏បានធ្វើការដាស់តឿនកីឡាករ កុំឲ្យសប្បាយចិត្តពេកដែរ ព្រោះនៅសល់ជើងទី២ ដែលត្រូវប្រកួតនៅ លើទឹកដីម៉ាកាវវិញម្ដង(ក្រៅទឹកដី) ។
លោក Lee បានលើកឡើងក្នុងសន្និសីទ ក្រោយបញ្ចប់ការប្រកួតជាមួយម៉ាកាវ នៅពហុកីឡដ្ឋានស្ដាតចាស់ថា «ខ្ញុំសប្បាយចិត្ត ដែលកម្ពុជា អាចយកឈ្នះលើម៉ាកាវ រហូតដល់ ៣-០ ដែលនេះគឺបញ្ជាក់ឲ្យឃើញពីភាព រីកចម្រើនរបស់កីឡាករកម្ពុជា និងការចេះសហការគ្នា ក្នុងពេលប្រកួត ។ ប៉ុន្ដែក្នុងនោះ ក៏មានភាពខ្វះខាតដែរ ដូច្នេះហើយខ្ញុំនឹងប្រមូលផ្ដុំ ហ្វឹកហាត់បន្ថែម មុននឹងចេញទៅប្រកួតនៅម៉ាកាវ» ។
លោកបានបន្ដថា «ឆ្លងកាត់តាមបទពិសោធន៍ ខ្ញុំធ្លាប់ដឹកនាំក្រុមទៅ ប្រកួតនៅម៉ាកាវ មានបញ្ហាប្រឈម ២សំខាន់ ដែលយើងព្រួយបារម្ភ ទី១ គឺមានបញ្ហាអាកាសធាតុ និងទី២ គឺបញ្ហាអ្នកគាំទ្រ ។ ចំពោះអាកាសធាតុនៅម៉ាកាវ គឺត្រជាក់ជាងកម្ពុជាឆ្ងាយណាស់ (បច្ចុប្បន្នអាចក្រោម ២០C0) ហើយអ្នកគាំទ្រ ក៏ជាបញ្ហាសំខាន់ ជាក់ស្ដែងក្នុងជើងទី១នេះ អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ប្រមាណជាង ៨ពាន់នាក់ឯណោះ បានចូលរួមគាំទ្រ ដែលជាកម្លាំងចិត្តដ៏ខ្លាំងក្លា ក្នុងការលើកទឹកចិត្តកីឡាករ» ។
លោកបន្ថែមថា កាលឆ្នាំ២០១១ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Challenge Cup ជើងទី២ ក្នុងការប្រកួតពេញម៉ោង ៩០នាទី ម៉ាកាវ បានយកឈ្នះកម្ពុជា ៣-២ ប៉ុន្ដែកម្ពុជា បានវាយបកយកឈ្នះម៉ាកាវវិញ ក្នុងម៉ោងបន្ថែម ១៥នាទីចំនួន ២ដង(មិនចាំលទ្ធផល) ។ ហេតុនេះ សម្រាប់យុទ្ធនាការ ប្រកួតជម្រុះជុំទី១ ជើងទី២ នៃពានរង្វាន់ World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ក្នុងនាមជាគ្រូបង្វឹក លោកនឹងប្រើគ្រប់វិធីសាស្ដ្រទាំងអស់ ដើម្បីស្វែងរកជ័យជំនះក្រៅទឹកដីមួយ ប្រកួតទៀត លើក្រុមម្ចាស់ផ្ទះម៉ាកាវ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល