(ក្រុងឡុងដ៍)៖ អ្នកចាំទីលេខ១នៅ Premier League របស់អង់គ្លេស Petr Cech បានលើកឡើងថា កីឡាករជើង ខ្លាំង Lionel Messi មិនដែលស៊ុតគាត់ចូល១គ្រាប់ណានោះទេ ពេលក្រុមតោខៀវ Chelsea ប៉ះជាមួយនឹងក្រុម FC Barcelona ចំនួន៨ប្រកួតនាពេលកន្លងមក ។
អ្នកចាំទីវ័យ៣៣ឆ្នាំ Cech បានអួតប្រាប់សារព័ត៌មាន Dailymail ថា រូបគេជាអ្នកចាំទីតែមួយគត់ ដែលជួយរារាំងបាល់ពីការស៊ុតរបស់កីឡាករ ជនជាតិអាហ្សង់ទីន Lionel Messi មិនឲ្យចូលទីសូម្បីតែ១គ្រាប់ ក្នុងការប៉ះគ្នាក្នុងក្របខណ្ឌធំ UEFA Champions League រយៈពេលជាង១០ឆ្នាំមកនេះ ក្នុងខណៈដែល Cech បានលេងឲ្យ Chelsea មុនផ្លាស់ចេញមកចាប់ឲ្យ Arsenal វិញនៅរដូវក្តៅមុន ។
កីឡាកររបស់សាធារណរដ្ឋឆេកខាងលើបានសង្កត់ធ្ងន់ថា “ខ្ញុំមិនដែលតក់ស្លុតក្នុងការជួបប្រកួតទល់នឹង Messi ឡើយ ហើយក៏រីករាយផងដែរ ពេល Arsenal ប៉ះ FC Barcelona ក្នុងវគ្គ១៦ក្រុមក្នុង Champions League រដូវកាលឆ្នាំ ២០១៥-២០១៦នេះ” ។
សូមបញ្ជាក់ដែរថា អ្នកចាំទីដែលទើបតែបំបែកកំណត់ត្រានៅ Premier League ក្នុងនាមជាអ្នកចាំទីដែលសង្រ្គោះបាល់បានច្រើនជាងគេ (Clean Sheet) កាលពីសប្តាហ៍មុននោះ បានជួយឲ្យកាំភ្លើងធំ Arsenal ឡើងទៅឈរនៅកំពូលតារាង Premier League បន្ទាប់ពីដណ្តើមចំណាត់ថ្នាក់លេខ១ បានពីក្រុមចំណូលថ្មី Leicester City វិញនោះ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី