(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែងក្តីសប្បាយរីករាយ ព្រមទាំងអបអរសាទរ ដល់ក្រុមកី ឡាករបាល់ទាត់ Cambodia All Star របស់កម្ពុជា ដែលបានយកឈ្នះនៅក្នុងការប្រកួតបាល់ទាត់មិត្តភាព ជាមួយក្រុម Buriram United របស់ថៃ ដោយលទ្ធផល ៦-៥ នៅយប់នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ថា «ខ្ញុំសូមកោតសរសើរ និងអបអរសាទរ ដល់កីឡាករបាល់ទាត់កម្ពុជា ដែលបានប្រកួតឈ្នះកីឡាករប្រទេសថៃ នៅក្នុងការប្រកួតអបអរសាទររំលឹកខួបលើកទី៦៥ មិត្តភាពនិងទំនាក់ទំនងការទូត កម្ពុជា-ថៃ ដែលមាន ឯកឧត្តម Tanasak Patimapragorn ឧបនាយករដ្ឋមន្រ្តីថៃ និង ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីកម្ពុជាតំណាងប្រទេសទាំងពីរចូលរួមនៅរាជធានីភ្នំពេញថ្ងៃនេះ»។
ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណដល់កីឡាករបាល់ទាត់ប្រទេសថៃ ដែលបានមកចូលរួមប្រកួតក្នុងលក្ខណៈមិត្តភាពថ្ងៃនេះ។ សម្តេចបានជូនពរដល់កីឡាករបាល់ទាត់នៃប្រទេសទាំងពីរជួបតែសំណាងល្អ និងទទួលបានជ័យជំនះថ្មីៗថែមទៀតនៅក្នុងការប្រកួតលក្ខណៈមិត្តភាពលើកក្រោយ។
សម្តេចតេជោ ហ៊ុនសែន ក៏បានអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមគាំទ្រការប្រកួតដែលបង្ហាញពីការគាំទ្រដល់ការពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ថៃអោយល្អរឹងមាំថែមទៀត៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី