ភ្នំពេញ៖ ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា នៃក្លឹបបឹងកេតអង្គរ និងក្រុមជម្រើសជាតិកម្ពុជា ពេលនេះកំពុងស្ថិត លើផ្លូវមួយ ក្នុងដំណើរឆ្ពោះ ទៅប្រកបអាជីព បាល់ទាត់នៅលីកជប៉ុន ។ ប៉ុន្ដែមកទល់និងពេលនេះ នៅមិនទាន់មាន សញ្ញាណច្បាស់ការ ណាមួយបញ្ជាក់ថា រូបគេបានទៅ ឬយ៉ាងណានោះទេ ព្រោះភាគីក្លឹប និងភ្នាក់ងារដោះដូ កីឡាករ របស់ជប៉ុន កំពុងទាក់ទងចរចារគ្នា យ៉ាងយកចិត្តទុកដាក់ ជុំវិញលក្ខខណ្ឌនៃការផ្ទេរកីឡាករ ចាន់ វឌ្ឍនាកា នៅឡើយ ។
ជួបផ្ទាល់ជាមួយតារាបាល់ទាត់វ័យ ២២ឆ្នាំ កាលពីថ្ងៃទី០២ ខែធ្នូ ម្សិលមិញ លោក ចាន់ វឌ្ឍនាកា បានបញ្ជាក់ប្រាប់ គេហទំព័រ ដើមអម្ពិលថា មកទល់ពេលនេះ ខ្លួនបានត្រឹមតែដឹងថា មានគេទាក់ទងចង់បានទៅលេង នៅលីកជប៉ុន ប៉ុន្ដែមិនធ្លាប់បានជួបចរចារផ្ទាល់ជាមួយភ្នាក់ងារ ដោះដូរកីឡាកររបស់ជប៉ុននោះទេ ព្រោះក្លឹបជាអ្នកទាក់ទង ។ ចំពោះក្លឹបទាក់ទង ជាក្លឹបកម្រិតលីកកំពូលជប៉ុន ឬក្លឹបលីកទី២ ក៏មិនទាន់ដឹងដែរ ។
កីឡាករមកពីខេត្តកំពតរូបនេះ បានបន្ដថា «ទោះយ៉ាងណាខ្ញុំពិតជា ចង់ទៅលេងនៅក្រៅប្រទេស ដូចជាជប៉ុន ជាដើម ខ្ញុំពិតជាចង់ ប៉ុន្ដែខ្ញុំមិនភ្លេចក្រុមជម្រើសជាតិកម្ពុជាឡើយ ។ ខ្ញុំចង់ទៅលេងនៅជប៉ុន ទោះបីក្នុងលក្ខខណ្ឌ ខ្ចីជើង ឬផ្ទេរដាច់ ក៏ខ្ញុំព្រមដែរ ព្រោះខ្ញុំចង់បានបទពិសោធន៍ លេងនៅប្រទេសរីកចម្រើន លើវិស័យបាល់ទាត់ យកមកជួយអភិវឌ្ឍន៍ ដល់ក្រុមជម្រើសជាតិយើងវិញ» ។
ដោយឡែកលោក បែ មករា អ្នកចាត់ការក្រុមបឹងកេតអង្គរ បានឲ្យដឹងថា វាមិនទាន់ច្បាស់នោះទេ ដែល វឌ្ឍនាកា អាចទៅលេងនៅជប៉ុន ព្រោះក្លឹប បានជួបចរចារជាច្រើនលើកមកហើយ ជាមួយភ្នាក់ងារ ដោះដូរកីឡាកររបស់ជប៉ុន ដោយមានលក្ខខណ្ឌមួយចំនួន ត្រូវបានព្រមព្រៀង ប៉ុន្ដែមានលក្ខខណ្ឌខ្លះ នៅមិនទាន់សម្រេច ដោយលើកទៅ ចរចារនាពេលក្រោយ ។
លោកបានបន្ដថា នៅក្នុងជំនួបចរចារខាងលើនេះ ភាគីក្លឹបបឹងកេត បានចរចារត្រឹមលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ប៉ុន្ដែ ភាគីជប៉ុន គេចង់ទិញដាច់ ហេតុនេះហើយទើបការចរចារ បានអូសបន្លាយយូរបែបនេះ ។ ប៉ុន្ដែតាមការសង្កេតរបស់ លោក ភាគីជប៉ុន ពិតជាចង់បាន វឌ្ឍនាកា ខ្លាំង ដោយហេតុថា ពួកគេបានចំណាយពេលជាច្រើន មកចរចារជាមួយ ក្លឹប ដើម្បីនាំយកតារាបាល់ទាត់វ័យក្មេងម្នាក់នេះ ទៅបង្ហាញសមត្ថភាពនៅជប៉ុន ។
គួរបញ្ជាក់ថា នេះជាដំបូងហើយ ដែលកីឡាករបាល់ទាត់កម្ពុជា ត្រូវបានប្រទេសជប៉ុន ដែលមានវិស័យបាល់ទាត់រីក ចម្រើនខ្លាំង ក្នុងទ្វីបអាស៊ី ចង់នាំយកទៅប្រកបអាជីពនៅទីនោះ ។ ប្រសិនបើការចរចារឈានដល់ការព្រមព្រៀង ក្នុងលក្ខខណ្ឌណាមួយ ដើម្បីផ្ទេរ ចាន់ វឌ្ឍនាកា ទៅលេងនៅលីកជប៉ុនពិតមែននោះ មានន័យថា វឌ្ឍនាកា ជាកីឡាករ ប្រវត្តិសាស្ដ្រ របស់កម្ពុជាហើយ ដែលបានទៅលេង នៅលើទឹកដីជប៉ុន ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល