CamNews

ព័ត៌មានជាតិ 

ប្រទេសកម្ពុជា-ថៃ នឹងបង្កភាពងាយស្រួល ខាងផ្នែកពាណិជ្ជកម្ម!!

ប្រទេសកម្ពុជា និងថៃបានព្រមព្រៀងគ្នាគាំទ្រគម្រោងអភិវឌ្ឍន៍ ដែលនឹងប្តូរច្រកព្រំដែនចំនួន ៣ ទៅជាច្រកព្រំដែនអចិន្រ្តៃយ៍ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងឆ្លងកាត់របស់ប្រជាជនពីប្រទេសទាំងពីរ ។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំរវាងគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅក្នុងប្រទេសថៃ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ រវាងរដ្ឋមន្ត្រីការពារជាតិ ទៀបាញ់ និងភាគីថៃ លោក Prawit Wongsuwan ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បាននិយាយថា លោកមិនបានទទួលព័ត៌មានលម្អិតអំពីការបើកច្រកព្រំដែននោះទេ ប៉ុន្តែលោកបានកត់សម្គាល់ឃើញថា ជាទូទៅការបើកច្រកព្រំដែនត្រូវបានធ្វើឡើងជាច្រើនដំណាក់កាល ។


លោកមានប្រសាសន៍ថា ក្រសួងការពារជាតិនៃប្រទេសទាំង ២ យល់ស្របជាមួយនិងគោលការណ៍ក្នុងការបើកច្រកព្រំដែន ហើយបន្ទាប់មកគណៈកម្មការទូទៅត្រូវធ្វើសំណើទៅក្រសួងការបរទេស ។

លោក ឈុំ សុជាតិ​ បន្ថែមទៀតថា ច្រកព្រំដែនមួយ ក្នុងចំណោមច្រកព្រំដែនដែលត្រូវបានស្នើឡើងចំនួន ៣ គឺនៅតំបន់ Ban Khao Din ក្នុងខេត្ត Sa Kaeo ប្រទេសថៃជាប់នឹងតំបន់មួយក្នុងខេត្ដបាត់ដំបង ខណៈដែលច្រកព្រំដែន ២ ផ្សេងទៀតស្ថិតនៅក្នុងឈូងសមុទ្រថៃនៅក្នុងខេត្ត Buriram និងខេត្ត Trat ។

លោក យុង រុន គឺជាអ្នកស្រុកដែលរស់នៅក្បែរច្រកព្រំដែន ថ្ម ដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា អាជ្ញាធរបានអនុញ្ញាតឲ្យអ្នកស្រុកឆ្លងកាត់ចំនួន ៣ថ្ងៃ ក្នុងមួយសប្ដាហ៍ ដើម្បីយកទំនិញ ឬផលិតផលកសិកម្មដើម្បីលក់នៅក្នុងប្រទេសថៃ ។

លោកបានបន្ថែមថា អ្នកស្រុកមួយចំនួនពិតជាបាននាំទំនិញទៅប្រទេសថៃ ប៉ុន្តែភាគច្រើនបានត្រលប់មកវិញជាមួយនិងទំនិញយ៉ាងច្រើនផងដែរ ។ អ្នកស្រុកដដែលបន្តទៀតថា ប្រសិនបើរដ្ឋាភិបាលបើកច្រកព្រំដែនជាអចិន្រ្តៃយ៍ ដើម្បីឲ្យប្រជាជនឆ្លងកាត់ជារៀងរាល់ថ្ងៃ វានឹងល្អសម្រាប់អ្នកដែលមានអាជីវកម្ម ដូច្នេះពួកគេអាចនាំចូលផលិតផលដើម្បីលក់ រកកម្រៃចិញ្ចឹមជីវីត ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news