ភ្នំពេញ៖ តារាសម្តែង និងជាពិធីកររូបសង្ហា មានឈ្មោះបោះសំឡេង ក្នុងការដើរតួបែបឡប់ៗលោក ប៉ែន ចំរ៉ុង នៅក្នុងឆ្នាំ២០១៥នេះ ហាក់មានយីអ៊ុនឡើងកូដខ្លាំង ដោយលោកបានទទួលតំណែង តួឯកជាបន្តបន្ទាប់ រហូតដល់ក្លាយជាតារាមួយដួង ដែលមានភាពលេចធ្លោ និងមានឈ្មោះបោះសំឡេងល្បីរន្ទឺ វ៉ាដាច់តារាប្រុសរួមអាជីពឯទៀត ។ ជាក់ស្ដែងស្របពេលរឿង «អាព្រឿងងាប់ហើយ» កំពុងនឹងរៀបចំចាក់បញ្ចាំងឡើងវិញ ក្នុងពេលឆាប់ៗនេះលោក ប៉ែន ចំរ៉ុង ក៏កំពុងដំណើរការថតរឿងថ្មី បែបកំប្លែងមិនចាញ់រឿង «អាព្រឿងងាប់ហើយ» ឡើយគឺរឿង «ខ្មោចថតកុន» ដែលផលិតដោយផលិតកម្មមហាហង្ស ។
តារាសម្តែងបុរសសង្ហា មានស្រុកកំណើត នៅឯខេត្តបាត់ដំបងលោក ប៉ែន ចំរ៉ុង ត្រូវបានទស្សនិកជនទទួលស្គាល់ ការសម្តែងរបស់លោកជាបន្តបន្ទាប់ ដោយលោកទទួលបានការគាំទ្រច្រើន តាមរយៈការសម្តែងរឿងជាតួបែបឡប់ៗ ជាតួបែបកំប្លែង និងតួផ្សេងៗជាច្រើនទៀត ដោយរឿងនីមួយៗ គឺលោកទទួលបានការគាំទ្រខ្លាំង ហើយប្រជាប្រិយភាព ក៏លោតឡើងខ្លាំង មិនធម្មតាដែរ ។
ជាក់ស្តែងដូចជារឿង «អាព្រឿងងាប់ហើយ» ដែលលោក ប៉ែន ចំរ៉ុង បានសម្តែងជាមួយ តារាស្រីវ័យក្មេងកញ្ញា ភិន សុដាលីស គឺទទួលបានការគាំទ្រខ្លាំង លើសពីការរំពឹងទុក ដោយរឿងនេះត្រូវបាន ទស្សនិកជន និងមិត្តៗយុវវ័យសំណូមពរ ឲ្យចាក់រឿងនេះឡើងជាថ្មីម្តងទៀត ។ ក្នុងនោះដូចជារឿង «ខ្មោចថតកុន» ដែលកំពុងតែថតហើយ ត្រូវបានអ្នកដឹកនាំសម្ដែង អះអាងថា រឿងនេះនឹងធ្វើឲ្យតារារូបនេះ កាន់តែមានប្រជាប្រិយភាពលេចធ្លោ ជាងរឿងមុនៗទៅទៀត ។
ជួបជាមួយគេហទំព័រ LookingTODAY តារាសម្តែងលោក ប៉ែន ចំរ៉ុង បានប្រាប់ឲ្យដឹងថា «ការងាររបស់ខ្ញុំមួយរយៈនេះ គឺមានសន្ទុះ មមាញឹកខ្លាំងគ្រប់អាជីព ជាពិសេសថតរឿង ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំង នៅពេលដែលរឿងខ្ញុំសម្តែង ទទួលបានការគាំទ្រ ។ ខ្ញុំនឹងខំប្រឹងប្រែង បន្តការសម្តែងឲ្យកាន់តែល្អ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ។ មិនតែប៉ុណ្ណោះសម្រាប់ខ្ញុំ គឺមិនមានការរើសអើង ការសម្តែង ឬក៏ផលិតកម្មតូច-ធំអីទេ ឲ្យតែគេទាក់ទងមក ហើយខ្ញុំមានពេលទំនេរ អាចទទួលបាន គឺខ្ញុំទទួលទាំងអស់ គ្មានការរើសអើងអី្វឡើយ» ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល