CamNews

តារា 

David Beckham ជឿជាក់ថា Ryan Giggs នឹងចូលកាន់តំណែងបន្ទាប់ Louis Van Gaal

ព័ត៌មានកីឡា៖ អតីតកីឡាករ ខ្សែបម្រើរបស់ក្លឹប Man United លោក David Beckham បានបង្ហាញពីសមាស​ភាពបុគ្គលបន្ទាប់ ដែលត្រៀមខ្លួនចូលកាន់តំណែងជា ថ្នាក់គ្រប់គ្រងក្លឹប Man United បន្ដពីលោក​ Louis Van Gaal ដែលនឹងចូលនិវត្ដនៅ ឆ្នាំ២០១៧ ខាងមុខនេះ។ 

លោក​ Louis Van Gaal ថ្មីៗនេះ បានថ្លែងប្រាប់ពីគម្រោងដំណើរជីវិតរបស់ខ្លួន ក្នុងក្លឹប Man United ថា​ រូបលោក នឹងចូលនិវត្ដនៅពេលដែល កិច្ចកុងត្រារបស់គាត់ត្រូវផុត គឺឆ្នាំ ២០១៧ ខាងមុខ។ មូលហេតុ​គាត់​បានសន្យាជាមួយប្រពន្ធរបស់គាត់ថា គាត់នឹងផ្ដល់ពេលវេលាជាមួយគ្រួសារ ឲ្យបានច្រើន ជាងនេះ​។ ប្រភពដដែល​បានបន្ដទៀតថា គាត់ក៏មានភាពនឿយហត់នឹងអាជីពក្នុងវិស័យកីឡានេះដែរហើយ ដោយកន្លងមក​មុខតំណែងជាអ្នកគ្រប់គ្រងគាត់ ធ្វើតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ហើយគាត់មកកាន់តំណែងក្នុង Man United នេះ គឺកាលពីដើមឆ្នាំ ២០១៤ ។ 

ស្របពេលនឹងគម្រោងរបស់ Louis Van Gaal ជិតចាកចេញទៅនោះ លោក David Beckham បានអះអាង​ថា គឹមានមនុស្សម្នាក់ដែលគាត់សង្ឃឹមថា នឹងចូលមកកាន់តំណែងនេះគឺ មិត្ដភក្ដិរបស់គាត់​ម្នាក់ឈ្មោះ​ Ryan Giggs ។ 

Ryan Giggs គឺជាអតីតមិត្ដរួមក្រុមដ៏ស្និតស្នាលបំផុតរបស់កីឡាករ David Beckham ដែលលេងក្នុងមុខតំណែង ខ្សែបម្រើដូចគ្នា ។ ហើយបច្ចុប្បន្ន Ryan Giggs គឺមានមុខតំណែងជាជំនួយការផ្ទាល់របស់​លោក Louis Van Gaal នៅក្លឹប Man United ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ manchestereveningnews

 


Tags: Sport News David Beckham Man United