(ភ្នំពេញ)៖ តារាចម្រៀងប្រុស ពូកែតុបតែងខ្លួនក្នុងស្ទីលប្លែកៗ មានទឹកដមសំឡេងក្រអួនក្រអៅ និងជាគ្រូបង្វឹកក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Cambodia & Cambodia IDOL» លោក ណុប បាយ៉ារិទ្ធ ហាក់ទទួលបានប្រជាប្រិយភាពទ្វេដង ក្រោយកាន់តំណែងទាំងពីរកម្មវិធីនេះ យ៉ាងណែនក្នុងដៃ ព្រោះមានតែលោក និងតារាចម្រៀងពីរដួងទៀតប៉ុណ្ណោះ ដែលមានវាសនាល្អ កាន់កម្មវិធីទាំងពីរ ក្រៅពីនោះពុំមានវាសនា ដូចជារូបលោកឡើយ។
ត្រកូល «ណុប» ដែលប្រឡូកក្នុងវិស័យសិល្បៈ ត្រូវបានមហាជនទទួលស្គាល់ថា ជាគ្រួសារមួយ ពូកែតុបតែងខ្លួនប្លែកៗ និង មានគំនិតច្នៃប្រឌិតខ្ពស់ ព្រោះបងប្អូនត្រកូល «ណុប» ប្រឡូកតាំងពីនៅកុមារមកម្ល៉េះ ដូចនេះគ្មានអ្វីត្រូវព្រឺរោម នឹងរឿងតុបតែងខ្លួននោះទេ ។
លោក ណុប បាយ៉ារិទ្ធ ក៏ធ្លាប់លេងខ្លួនឲ្យមានមហាជន ភ្ញាក់ផ្អើលច្រើនលើកច្រើនសាររួចមកហើយ តាមរយៈការលេងភ្លើងលើសម្លៀកបំពាក់ និង សម្លៀកពាក់ដែលធ្វើឡើង ពីកញ្ចក់រាប់សិបគីឡូ ក៏លោកធ្លាប់ពាក់រួចមកដែរ ។ ក្រៅពីនេះ លោកក៏និយមតុបតែងមុខ ដោយលាបភ្នែកពណ៌សូកូឡា និង គូសចិញ្ចើមតិចៗ ដែលជាស្ទីលកូរ៉េ ហើយអ្នកចម្រៀងសម័យថ្មី តែងនិយមលេងបែបនេះ ។
តែជារឿងហួសចិត្ត ដែលមនុស្សនិយមលេងបណ្ដាញសង្គមមួយចំនួន បានយករូបលោក ទៅប្រៀបប្រដូច តារាស្រីជំនាន់ទស្សវត្តន៍៧០ ដែលអ្នកខ្លះប្រដូចលោកទៅ លោកស្រី ឌី សាវ៉េត លោកស្រី ប៉ែន រ៉ន និង រស់ សេរីសុទ្ធាទៅវិញ ដែលហាក់មានចេតនាចំអកឡកឡើយឲ្យលោក ក្នុងការដែលលោកទើបតែបង្ហាញវត្តមាន ក្នុងកម្មវិធីប្រគំតន្ត្រីមួយ។ លោក ចន ច័ន្ទតារា ប្អូនប្រុសតារាសម្ដែងដ៏ល្បីល្បាញ នាង ចន ច័ន្ទលក្ខិណា បាននិយាយថា វាជាការលេងសើច តែជាធ្វើឲ្យសាមីខ្លួនៗឈឺចាប់ ។
លោក ណុប បាយារិទ្ធ មិនទាន់មានប្រតិកម្មអ្វីឡើយ នឹងការចំអកឡកឡឺយ ពីអ្នកលេងហ្វេសបុក ខាងលើនេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី