(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ Fresh News នៅមុននេះបន្តិចថា រហូតដល់ពេលនេះ សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៥នាក់ ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែក នៅលើផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦។
លោកបានបញ្ជាក់បន្ថែមថា ការចាប់ខ្លួនមនុស្ស៥នាក់នេះ បានធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃម្សិលមិញ និងថ្ងៃនេះ ហើយពេលនេះពួកគេកំពុងឃាត់ខ្លួននៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសួរនាំបន្ត។
បើតាម លោក ខៀវ សុភ័គ បានអះអាងថា ក្រោយចាប់ខ្លួនសមត្ថកិច្ចបានដឹងថា ករណីបោកគ្រាប់បែកនេះ គឺជារឿងគំនុំស្នេហា ជាមួយនារីរងគ្រោះជនជាតិវៀតណាម ប៉ុន្តែមិនមែនជាភេរវកម្មឡើយ។
សូមជំរាបថា នៅម៉ោង៧៖៤០នាទី យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីភ្ញាក់ផ្អើលមួយ នៅតាមបណ្តោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយមានការបំផ្ទុះគ្រាប់បែក មួយគ្រាប់បណ្តាលឲ្យ មនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្បែរនោះខូចខាតផងដែរ។ តាមវីដេអូកាមេរ៉ា បានបង្ហាញថា ជនដៃដល់ដែលបំផ្ទុះគ្រាប់បែកជិះម៉ូតូ យកមកទម្លាក់លើផ្លូវ ១៦៣ ហើយរថយន្តលុច្សស៊ីសមួយគ្រឿង ដែលបើកតាមផ្លូវនេះ ក៏ផ្ទុះចំដោយចៃដន្យតែម្តង៕

































































ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី