CamNews

ព័ត៌មានអន្តរជាតិ 

រន្ធត់! ឡានក្រុង បុកជាមួយឡានទឹកទំនិញ បណ្ដាលឱ្យអ្នកដំណើរស្លាប់ ២២ នាក់

រន្ធត់ណាស់ ៖ យ៉ាងហោចអ្នកដំណើរ ២២  នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរថយន្ដក្រុង ដែលពួកគេកំពុងជិះ បានបុកជាមួយនឹងរថយន្ដដឹកទំនិញយ៉ាងពេញទំហឹង ក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅព្រឹកថ្ងៃច័ន្ទនេះ នៅទីក្រុង Bareilly ចម្ងាយ ២៥១ គីឡូម៉ែត  ពីរដ្ឋធានីនៃរដ្ឋ Lucknow ។

មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ និយាយថា ជនរងគ្រោះទាំង ២២ នាក់ត្រូវបានឆេះខ្លោច និងមិនទាន់អាចកំណាត់អត្តសញ្ញាណបានភ្លាមៗ នោះទេ។ រថយន្តក្រុងដឹកអ្នកដំណើរនេះ បានឆេះ បន្ទាប់ពីបុកយ៉ាងពេញទំហឹង ជាមួយនឹងរថយន្ដដឹកទំនិញ។ ចំពោះសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍នេះ ប៉ូលីសកំពុងស្រាវជ្រាវរកចាប់ខ្លួន អ្នកបើកបររថយន្ដដឹកទំនិញ ។



ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សម្តីរបស់ប៉ូលីស ដោយបាននិយាយថា ទ្វាររថយន្ដក្រុង បានជាប់គាំងមិនអាចបើកបាន បន្ទាប់ពីការបុកគ្នាយ៉ាងកំរោលនេះ ដែលបានធ្វើឱ្យអ្នកដំណើរ ជាប់រើខ្លួនមិនរួច នៅខាងក្នុងរថយន្ដ និងត្រូវស្លាប់យ៉ាងវេទនា។ ចំណែកអ្នកដំណើរមួយចំនួនទៀត បានរើបំរះយករួចខ្លួន ដោយការវាយកម្ទេចទ្វាររថយន្ដ។

អ្នកនាំពាក្យរបស់ក្រុមប៉ូលីសរដ្ឋ Uttar Pradesh លោក Rahul Srivastav បាននិយាយថា រថយន្តក្រុងនេះ បានដឹកអ្នកដំណើរសរុបចំនួន ៤១ នាក់ ហើយថា អ្នកដែលរងរបួស ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ស្ថានភាពរបួសរបស់ពួកគេ ត្រូវបានគេនិយាយថា មានសភាពធ្ងន់ធ្ងរ ហើយក្រុមមន្រ្តីប៉ូលិសបានក្រើនរំលឹកថា ចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌា មានអត្រាមរណភាពខ្ពស់ នៅតាមដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងជារៀងរាល់បួននាទីម្ដង។ ការបុកគ្នាភាគច្រើន ត្រូវបានដាក់ការស្តីបន្ទោសទៅលើការបើកបរមិនប្រុងប្រយ័ត្ន ស្ថានភាពផ្លូវមិនសូវល្អ និងឡានចាស់ពេក។ កាលពីឆ្នាំ ២០១៥ គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ នៅប្រទេសឥណ្ឌា បានសម្លាប់មនុស្សប្រមាណ ១៤៦,១៣៣ នាក់៕



ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ BBC


Tags: International news