CamNews

ព័ត៌មានអន្តរជាតិ 

ព្យុះទីហ្វុងដុកស៊ីរី វាយប្រហារភាគកណ្តាលប្រទេសវៀតណាម

ទីក្រុងហាណូយ៖ ព្យុះទីហ្វុង Doksuri បានវាយប្រហារភាគកណ្ដាលប្រទេសវៀតណាម កាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សម្នាក់ និងបណ្ដាលឱ្យមនុស្ស ១០ នាក់រងរបួស ខណៈដែលព្យុះនេះ បង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បក់បោកយ៉ាងខ្លាំង ដែលបានបោកបក់របើកដំបូលផ្ទះ និងបង្គោលអគ្គីសនី។

មន្រ្តីទទួលបន្ទុកគ្រោះមហន្តរាយលោក Ngo Duc Hoi បាននិយាយថា ខ្យល់ព្យុះ ដែលមានល្បឿនអតិបរមា ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោងនេះ បានបក់បោកមកលើខេត្ត Ha Tinh ដោយបានវាយប្រហារលើសង្កាត់ឆ្នេរសមុទ្រចំនួន ៦ និងបំផ្លិចបំផ្លាញដំបូលផ្ទះចំនួន ៦២,២០០ ខ្នង  និងធ្វើឱ្យដួលរលំដើមឈើ និងបង្គោលភ្លើង។



មន្រ្តីទទួលបន្ទុកគ្រោះមហន្តរាយម្នាក់ បាននិយាយថា នៅខេត្ដជិតខាងនៃខេត្ត Quang Binh ភាគខាងជើង បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត នៅពេលគាត់ព្យាយាមជ្រែងផ្ទះរបស់គាត់កុំឱ្យប៉ើងតាមខ្យល់ ខណៈដែលមនុស្ស ១០ នាក់ផ្សេងទៀត បានរងរបួសដោយសារដើមឈើរលំលើ ឬកម្ទេចកម្ទីបាក់បែក ធ្លាក់លើ។ លោកបន្ថែមថា  ផ្ទះចំនួន ៥០.០០០ ខ្នងទៀត បានរងការខូចខាត ដោយដំបូលផ្ទះជាច្រើន បានប៉ើងធ្លាក់រប៉ាត់រប៉ៃ។ ព្យុះទីហ្វុង បានបក់បោករហូតដល់ ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ខេត្តទាំងមូល ដាច់ភ្លើងងងឹតសូន្យឈឹង ដោយសារតែអាជ្ញាធរ បានកាត់ផ្តាច់ចរន្ដអគ្គិសនី មុនពេលព្យុះបក់បោក។ ទឹកជំនន់ត្រូវបានគេរាយការណ៍ថា បានជន់លិចនៅតាមភូមិមួយចំនួន។

ព្យុះទីហ្វុង Doksuri បានបក់ផាត់ឆ្លងកាត់ប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ ជាគ្រោះធម្មជាតិគួរឱ្យខ្វល់ខ្វាយមួយ​ នៅក្នុងតំបន់ត្រូពិច ដែលមានអានុភាពយ៉ាងខ្លាំង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ និងបណ្ដាលឱ្យមនុស្ស ៦ នាក់ផ្សេងទៀត បាត់ខ្លួន។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម បាននិយាយ នៅក្នុងរបាយការណ៍មួយថា នៅព្រឹកថ្ងៃសុក្រ អ្នកភូមិ ៧៩.០០០ នាក់ នៅតំបន់ដែលមានគ្រោះថ្នាក់បំផុត នៅក្នុងខេត្តភាគកណ្តាលចំនួន ៥ ត្រូវបានជម្លៀសចេញ ហើយមនុស្ស ២១០,០០០ នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់ទីសុវត្ថិភាព មុនពេលព្យុះបក់បោក។

ក្រុមអ្នកព្យាករណ៍ បានព្រមានអំពីទឹកជំនន់ និងការបាក់ដី នៅតំបន់ខ្លះនៃតំបន់ភាគខាងជើងនិងភាគកណ្តាលរបស់ប្រទេស។ ព្យុះទីហ្វុងត្រូវបានគេរំពឹងថា នឹងថមថយទៅវិញ មុនពេលបក់បោកចូលភាគខាងជើងប្រទេសឡាវ នៅដើមថ្ងៃសៅរ៍។
ប្រទេសវៀតណាម ដែលមានប្រជាជន ៩៣ លាននាក់ ងាយនឹងរងគ្រោះដោយទឹកជំនន់ និងខ្យល់ព្យុះ ដែលសម្លាប់មនុស្សរាប់រយនាក់ជារៀងរាល់ឆ្នាំ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost


Tags: International news