(សេអ៊ូល)៖ ទីបំផុតលោកស្រី ផាក គឺហេ ដែលគ្របដណ្តប់ដោយរឿងអាស្រូវជាច្រើនសប្តាហ៍មកនេះបានសម្រេចចិត្តចុះចេញពីតំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងហើយ ដោយលោកស្រីអះអាងថាការលាលែងជាផ្លូវការ នឹងត្រូវធ្វើឡើងនៅខែមេសា ឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយព័ត៌មានបន្ទាន់ នៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង នារសៀលថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។
ការសម្រេចចិត្តលាលែងចេញពីតំណែងនៅខែមេសានេះ បានធ្វើឡើងបន្ទាប់ពីគណបក្សកាន់អំណាច Saenuri របស់លោកស្រី ផាក ធ្វើការស្នើសុំទៅកាន់វិមានប្រធានាធិបតីដោយផ្ទាល់ ដើម្បីបន្ធូរបន្ថយនូវកំហឹងនយោបាយនៅទូទាំងប្រទេស ជាពិសេសគឺប្រទេសកូរ៉េខាងត្បូងត្រូវការពេលវេលាគ្រប់គ្រាន់ដើម្បីត្រៀមរៀបចំការបោះឆ្នោតនៅខែមិថុនា ឆ្នាំ២០១៧ ដើម្បីជ្រើសតាំងប្រធានាធិបតីថ្មី។
គួរបញ្ជាក់ថារដ្ឋសភាកូរ៉េខាងត្បូងបច្ចុប្បន្ននេះ ក៏កំពុងតែបន្តការស៊ើបអង្កេតទៅលើរឿងអាស្រូវរបស់ស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល ជាមួយនឹងលោកស្រី ផាក ដែលជាមិត្តជិតស្និទ្ធនឹងគ្នាផងដែរ ដូចជាការប្រើប្រាស់អំណាចជាប្រធានាធិបតីក្នុងការបង្ខំឲ្យក្រុមហ៊ុនធំៗក្នុងប្រទេស បរិច្ឆាគប្រាក់ចូលមូលនិធិរបស់លោកស្រី ឆយ និងការអនុញ្ញាតឲ្យស្ត្រីរូបនេះ លូកលាន់កិច្ចការផ្ទៃក្នុងរដ្ឋដោយសេរី។ បើសិនជាការស៊ើបអង្កេតរកឃើញដូចការចោទប្រកាន់មែននោះ លោកស្រី ផាក នឹងទទួលទោសតាមច្បាប់ ហើយក៏នឹងក្លាយជាប្រធានាធិបតីដំបូងដែលរងការចោទប្រកាន់លើរឿងក្តីខាងលើនេះដែរ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី