CamNews

តារា 

រតនៈ ពិសី ជះលុយ ជាង ៤ម៉ឺនដុល្លារ សេងហាង​ម៉ាស្សា «សាគូរ៉ា» ផ្ដាច់មុខ

ភ្នំពេញ៖ ក្រោយពីតារាចម្រៀង រាងតូចច្រឡឹងកញ្ញា រតនៈ ពិសី បានផ្ទុះជម្លោះ និងមានការអាក់អន់ចិត្ត បន្តិចបន្ទួចជាមួយគូស្នេហ៍ ជាមន្ត្រីប៉ូលិសស័ក្តិ៤កន្លះមក គេសង្កេតឃើញថា តារារូបនេះ ហាក់មានភាពឃ្លាតឆ្ងាយ ពីហាងស្ប៉ា និងម៉ាស្សា “សាគូរ៉ា” ដែលជាការចូលហ៊ុន រកស៊ីជាមួយគ្នា ដោយសារតែនាង មិនចង់ទាក់ទង ជាមួយអតីតគូស្នេហ៍តទៅទៀត ។ តែអ្វីដែលគួឲ្យភ្ញាក់ផ្អើល នោះគឺថ្មីៗនេះ ម្ចាស់សាម៉ីខ្លួនកញ្ញា ពិសី បែរជាបង្ហើបឲ្យដឹងថា នាងបានជះលុយប្រមាណជាង៤ម៉ឺនដុល្លារ សេងហាងស្ប៉ានេះ យកមកធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនពីអតីតគូស្នេហ៍ ។

ជួបសម្ភាសន៍ជាមួយគេហទំព័រ LookingTODAY កាលពីពេលថ្មីៗនេះ តារាចម្រៀងតូចច្រឡឹងកញ្ញា រតនៈ ពិសី បានប្រាប់ឲ្យដឹងថា កន្លងមកនាងធ្លាប់អះអាងថា ចង់ចាយទុន បើកហាងថ្មីមួយទៀត ដោយទុកហាងស្ប៉ាមួយនេះ ឲ្យទៅបងស្រីអតីតសង្សារ ជាអ្នកគ្រប់គ្រង ព្រោះតែនាងមិនចង់យកពេលទៅពាក់ព័ន្ធ ជាមួយមុខរបរនោះទៀតឡើយ ។ ប៉ុន្តែក្រោយពីនាងដកឃ្លា មួយរយៈពេលមក ទើបនាងគិតថា មិនចង់ចំណាយពេលទៅបើកហាងថ្មី ហើយហាងចាស់ក៏មានភ្ញៀវចេញចូលច្រើនគួរសម មានចំណូលសមរម្យ និងជាញើសឈាមដែលនាងខំប្រឹងប្រែងឡើងយ៉ាងលំបាក ដូច្នេះក៏សម្រេចចិត្តងាកមក សេងហាងដែលមាន ស្រាប់យកគ្រប់គ្រងខ្លួនឯងតែម្តងទៅ ។

កញ្ញា រតនៈ ពិសី បានប្រាប់ឲ្យដឹងទៀតថា «ចាស...បង! ខ្ញុំបានថែមលុយពាក់កណ្ដាល សេងហាងស្ប៉ានេះ មកធ្វើជារបស់ខ្លួនឯងផ្ទាល់ ដោយមិនមានការចូលហ៊ុន ជាមួយអ្នកណាទៀតទេ ព្រោះថាខ្ញុំមិនចង់ឲ្យជាប់ពាក់ព័ន្ធ ជាមួយគាត់ទៀត (អតីតសង្សារ) ។ ហេតុដូច្នេះ ខ្ញុំចង់ធ្វើអីឲ្យដាច់ស្រឡះពីគ្នា មិនចង់មានមន្ទិល ជាមួយគ្នាទៀតឡើយ ។ ម្យ៉ាងវិញទៀត ទោះបីជាពេលនេះ ខ្ញុំមានការមមាញឹក ជាមួយការងារសិល្បៈច្រើនក៏ដោយ ក៏ខ្ញុំត្រូវឆ្លៀតពេលខ្លះទៅមើលការ ខុសត្រូវហាងនេះដែរ...» ។

ទាក់ទងទៅនឹងការចាយទុន សេងហាងម៉ាស្សានេះត្រូវបានកញ្ញា ពិសី អះអាងថា «លុយសេងហាងនេះ គឺមិនមានការឧបត្ថម្ភ ពីនរណាឡើយ ពោលលុយនេះគឺជាលុយរបស់នាង ដែលសន្សំពីការងារសិល្បៈ ជាច្រើនឆ្នាំមកហើយ ទម្រាំតែបានគ្រប់ មិនមែនជារឿងងាយស្រួលទេ…» ។

គេនៅចាំបានថា មុនពេលដែលតារាស្រី រតនៈ ពិសី ប្រកាសចាយទុន សេងហាងនោះ នាងក៏ធ្លាប់បានពើបប្រទះ ជាមួយព័ត៌មាន ដ៏រសើបមកថា នាងត្រូវបានស្ត្រីម្នាក់ រស់នៅប្រទេសបារាំង គំរាមជះទឹកអាស៊ីត ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ ស្ត្រីម្នាក់នោះ ក៏នឹងធ្វើដំណើរមកកម្ពុជា ដើម្បីជួបតារាចម្រៀងរូបនេះផ្ទាល់ និយាយគ្នារកខុសត្រូវ ដើម្បីបញ្ចៀស ការភ័ន្តច្រឡំក្នុងរឿងណាមួយ ។

យ៉ាងណាមិញ ងាកមកមុខរបរបើកហាង ម៉ាស្សាឯណេះវិញ រតនៈ ពិសី បានបញ្ជាក់ថា បច្ចុប្បន្នហាងរបស់នាងកំពុងតែខ្វះ បុគ្គលិកច្រើននាក់ លើផ្នែកម៉ាស្សា ដូច្នេះនាងបានបើកឱកាសជ្រើសរើស បុគ្គលិកទាំងអ្នកមានជំនាញ និងគ្មានជំនាញជាច្រើននាក់ ដើម្បីមកបម្រើការងារ ក្នុងហាងម៉ាស្សារបស់នាង ។ យ៉ាងណាមិញ បើមានអ្នកចាប់អារម្មណ៍ អាចទៅទំនាក់ទំនង អាសយដ្ឋានផ្ទះលេខ ១៤៤ Eo ផ្លូវលេខ ១៤៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh