CamNews

តារា 

មាន សូនីតា៖ «អ្នក​សិល្បៈ​ល្បីៗ​គួរ​ចេះ​ខ្មាស​អៀន​ខ្លួន​ឯង នៅ​ពេល​មិន​បាន​ឆ្លង​កាត់​ការ​សិក្សា នៅសាលា

(ភ្នំពេញ)៖ នៅពេលមានសំណួរថា តើអ្នកសិល្បៈល្បីៗ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានប្រហែលប៉ុន្មាននាក់ ដែលបានទទួលការបណ្ដុះបណ្ដាល ឆ្លងកាត់សាលា​​វិចិត្រសិល្បៈ ឬមានជំនាញ​ច្បាស់លាស់​ក្នុងការងារនេះ មានសញ្ញាប័ត្រត្រឹមត្រូវ ទាក់ទងនឹងវិស័យសិល្បៈ ? ចំពោះបញ្ហានេះ ត្រូវបានស្រីស្រស់ និងជាតារាសម្ដែង មានឈ្មោះល្បី មានគំនិតស្រឡាញ់ អត្តសញ្ញាណវប្បធម៌ខ្មែរ កញ្ញា មាន សូនីតា បានបញ្ជាក់ថា វាជារឿងគួរឲ្យខ្មាសអៀនដែរ ដែលអ្នកសិល្បៈ​ល្បីឈ្មោះ ត្រូវបានមហាជនគាំទ្រ ទូទាំងប្រទេស ប៉ុន្តែពុំបានឆ្លងការសាលាសិល្បៈឲ្យបានត្រឹមត្រូវ ដែលគេអាចនិយាយជា​ភាសាសាមញ្ញថា «ចេះគ្មានគ្រូ»។

ស្រីស្រស់មានសម្ដីស្រទន់ ថ្ពាល់ខួចទាំងសង កញ្ញា មាន សូនីតា បានថ្លែងបែបនេះ នៅពេលដែលនាងបានចូលរួម ក្រុងពាលីថតរឿង«បណ្ដឹងស្រីទាំង៥» ដែលជាវណ្ណកម្ម​ថ្មី​សន្លាងមួយទៀត របស់អ្នកស្រី ពាន់ ភួងបុប្ផា នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ ដោយក្នុងនោះនាងត្រូវបានទទួលតំណែង ជាតួឯក ក្នុងចំណោមតួឯកស្រី៤ នាក់ផ្សេងទៀត ដែលសុទ្ធសឹងតែជាតារាស្រីល្បី​ឈ្មោះដូចគ្នា ក្នុងមជ្ឈដ្ឋានសិល្បៈ។

មាន សូនីតា និយាយថា«តាមពិតទៅ គឺជារឿងគួរឲ្យខ្មាសអៀនមួយដែរ ដែលខ្ញុំមិនបានឆ្លងកាត់សាលាបណ្ដុះបណ្ដាល ក្នុងជំនាញសិល្បៈនេះឲ្យបានត្រឹមត្រូវ ហើយសិល្បករ-សិល្បការិនី ល្បី​ឈ្មោះជាច្រើន ដែលបានចូលមកសម្ដែង មានឈ្មោះជាតារា ពេលខ្លះអត់មានបានចូលសាលា ដូចជាអ្នកសិល្បៈប្រទេសដទៃទេ ។ ប៉ុន្តែដោយឡែក ខ្ញុំចូលមកក្នុងពិភពសិល្បៈហ្នឹង.! ខ្ញុំបានចូលប្រឡង ក្នុងកម្មវិធី Freshy និងការរៀនរាំរបាំតិចតួច ព្រមទាំងការហ្វឹកហាត់ ដើម្បីចូលរួមប្រកួត ក្នុងកម្មវិធីផ្សេង ។ ដូច្នេះហាក់បីដូចជាដុង(ទេពកោសល្យ) ជាទុនមួយតិចតួចសម្រាប់ខ្ញុំ ដែលចូលមកសិល្បៈ ជាពិសេសអាជីពសម្ដែងនេះ..!» ។

តារាសម្ដែងមានរូបសម្រស់ ពោរពេញដោយមន្តស្នេហ៍រយពាន់ កញ្ញា មាន សូនីតា បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ក្រៅពីអាជីពជាអ្នកសម្ដែង នាងកំពុងតែធ្វើចលនាមួយ​ មានឈ្មោះថា «ចលនាស្រឡាញ់ក្រមាខ្មែរ» ដែលជាកម្មវិធីមួយ ជួយលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរ ឲ្យយុវវ័យ ចេះស្រឡាញ់ក្រមាខ្មែរ លើកតម្កើងក្រមាខ្មែរ និងការងារមួយចំនួនទៀត ពាក់ព័ន្ធជាមួយនឹងផលិតផល របស់ខ្មែរ។

ចំពោះកម្មវិធី«ចលនាស្រឡាញ់ក្រមាខ្មែរ» ត្រូវបាននាងបន្ថែមថា កម្មវិធីនេះទទួលបានការគាំទ្រច្រើន ពីសំណាក់មហាជន បន្ទាប់ពីនាងបានយកទៅបង្ហាញ ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត កាលពីរដូវចូលឆ្នាំថ្មី នៅខេត្តសៀមរាប ជាពិសេសយុវវ័យ ដោយបច្ចុប្បន្ននេះ ឃើញថាមានយុវវ័យជាច្រើន បានងាកមកគាំទ្រក្រមាខ្មែរ ដោយលែងប្រកាន់ដូចមុនថា ពាក់ក្រមា ឬស្លៀកក្រមា ហាក់ដូចជា​មនុស្សស្រែៗ ​​ទៀតឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Mean sonita